គុណវិបត្តិនៃការចូលហ៊ុនរកស៊ីជាមួយក្រុមគ្រួសារ

3409

កាលពីម្សិលមិញ Apamat បាននាំមកជូនអត្ថបទមួយដែលនិយាយពីគុណសម្បត្តិនៃការរកស៊ីជាមួយបងប្អូនរបស់យើង។ តែថ្ងៃនេះក្រុមការងារយើងសូមនាំមកជូននូវអត្ថបទមួយដែលបកស្រាយពីផលវិបាកចំនួន៦នៃការរកស៊ីជាមួយសមាជិកគ្រួសារ។
១.ធ្វើអោយការរីកចម្រើនយឺត៖ ដោយសារតែការរកស៊ីជាមួយសមាជិកគ្រួសារយើងមិនសូវមានសម្ពាធខ្លាំង យូរៗទៅវាអាចធ្វើអោយការរីកចម្រើនរបស់មុខជំនួញនោះយឺតព្រោះយើងអាងតែជាបងប្អូនខ្លួនឯងដូចនេះការខុសឆ្គងក៏យើងមិនសូវជាចាប់អារម្មណ៍ដែលយូរទៅកំហុសម្ដងបន្ដិចៗនាំអោយកើតទៅជាបញ្ហាធំបាន។
២.បញ្ហារកស៊ីអាចក្លាយជាបញ្ហាគ្រួសារ៖ ពេលយើងមានការមិនយល់ស្របដូចគ្នាជាមួយដៃគូររកស៊ីដែលជាអ្នកក្រៅពេលចេញពីកន្លែងធ្វើការគឺចប់រឿង តែបើមានការខ្វែងគំនិតគ្នាខាងការរកស៊ីជាមួយក្រុមគ្រួសារហើយវាអាចរាលដាលដល់ការរស់នៅជាមួយពួកគាត់ទៀតផង។ ស្រួលមិនស្រួលបើបញ្ហានោះមិនអាចដោះស្រាយបានទេនោះបងប្អូននឹងមើលមុខគ្នាមិនចំ។
៣.អ្នកក្រៅមិនហ៊ានចូលរកស៊ីជាមួយ៖ ខ្លះណាយើងចង់ហៅគេមកចូលហ៊ុនរកស៊ីជាមួយតែគេអាចមិនហ៊ានចូលជាមួយព្រោះឃើញថាការរកស៊ីយើងគឺជាលក្ខណៈគ្រួសារ ហើយបើគេចូលមកនោះប្រៀបដូចជាអ្នកក្រៅមិនអាចចូលចុះជាមួយយើងបានឡើយ។
៤.គ្មានច្បាប់ផ្ទៃក្នុងច្បាស់លាស់៖ ប្រសិនបើយើងចង់អោយមុខជំនួញរីកចម្រើនកាន់តែខ្លាំងបានលុះត្រាណាតែយើងជួលបុគ្គលិកដែលមានសមត្ថភាព តែបុគ្គលិកខ្លះអាចគិតថាបើខ្លួនប្រឹងប៉ុណ្ណាក៏មិនសូវផ្ដល់ផលអោយខ្លួនវិញដែរព្រោះអ្នកដែលកាន់ការងារធំបន្ទាប់គឺជាក្រុមគ្រួសាររបស់គេគ្មានអ្នកក្រៅណាអាចដណ្ដើមកន្លែងនោះបានឡើយទោះជាសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ។ យើងអាចបាត់បង់ទាំងធនធានមនុស្សល្អៗហើយបើអ្នកគ្រប់គ្រងមុខជំនួញជំនួសនោះមិនសូវជាពូកែ ចុងក្រោយក៏ធ្វើអោយខាត់បង់ដល់ការរកស៊ីខ្លាំងណាស់ដែរ។
៥.ដណ្ដើមដំណែងគ្នារវាងបងប្អូន៖ បងប្អូនអាចច្រណែនគ្នានៅពេលឃើញនរណាម្នាក់កាន់ដំណែងធំជាងខ្លួនដោយមិនគិតពីសមត្ថភាពរបស់ខ្លួនឡើយ។ នៅពេលមានការច្រណែនគ្នាហើយចង្វាក់ការងារក៏ថមថយផងដែរ មិនត្រឹមតែប៉ុណ្ណោះអាចមានការគុំគួនគ្នាទៀតផង។
៦.ពិបាកសម្រេចចិត្តធ្វើអ្វីដែលប៉ះពាល់ដល់សមាជិកគ្រួសារ៖ អ្នកគ្រប់គ្រងជំនួញពេលខ្លះពិបាកនឹងធ្វើការសម្រេចចិត្តសំខាន់ៗព្រោះវាអាចប៉ះពាល់ដល់បងប្អូនដែលធ្វើការក្នុងអាជីវកម្មនោះ។ ឧទាហរណ៍ថាប្អូនរបស់អ្នកទទួលបន្ទុកផ្នែកណាមួយនៃមុខជំនួញហើយគាត់ធ្វើការមិនសូវជាល្អប៉ុន្មានទេដែលធ្វើអោយប៉ះពាល់ដល់ចំណូលអ្នកក៏បានផ្ដល់ឳកាសដល់គាត់ប៉ុន្មានដងហើយនៅតែមិនកែអោយបានល្អ។ បើជាអ្នកផ្សេងវិញយើងប្រាកដជាដកដូចគុម្ពស្ពៃអញ្ចឹង តែនេះជាងប្អូនរបស់ខ្លួនម្ល៉េះហើយការដកចេញមិនមែនស្រួលដូចមាត់និយាយឡើយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។