សង្គ្រាមពាណិជ្ជកម្ម ផ្តល់ផលអវិជ្ជមានដល់ម្ចាស់ជំនួញ អ្នកវិនិយោគ និងអ្នកទិញទំនិញទៅប្រើប្រាស់

2914

អាមេរិក(CNBC)៖ មេដឹកនាំអង្គការពាណិជ្ជកម្មកំពូលបានឱ្យដឹងថា ជម្លោះពាណិជ្ជកម្មរបស់អាមេរិកជាមួយប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត មានផលប៉ះពាល់អវិជ្ជមានលើការសម្រេចចិត្តធ្វើជំនួញ ទាំងអ្នកវិនិយោគ និងអតិថិជន។

អ្នកស្រី Arancha Gonzalez នាយកប្រតិបតិ្តនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិបានប្រាប់សារព័ត៌មាន CNBC កាលពីថ្ងៃអង្គារថា “អ្វីដែលខ្ញុំបានឮថាអាជីវកម្មទាំងនោះកំពុងរងឥទ្ធិពលលើការសម្រេចចិត្តលើអាជីវកម្មដែលពួកគេបានធ្វើ ហើយពួកគេមិនហ៊ានសម្រេចចិត្តលើការវិនិយោគនោះទេ ពីព្រោះពួកគេព្រួយបារម្ភពីភាពចលាចលទីផ្សារដែលមានកម្រិតខ្ពស់”។

រដ្ឋបាលរបស់លោក Trump បានលូកចូលសង្គ្រាមពាក្យសំដីដ៏តានតឹង និងអនុវត្តអ្វីដែលខ្លួននិយាយជាមួយប្រទេសចិន កាណាដា ម៉ិកស៊ិកកូ និងសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយមានទាំងការគំរាមកំហែង និងដាក់ពន្ធលើការដោះដូរទំនិញទៅវិញទៅមក។

សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងជាមួយម៉ិកស៊ិក និងកាណាដាដើម្បីជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិច (NAFTA) បន្ទាប់ពីកិច្ចចរចានោះហាក់បានចុះខ្សោយនៅចុងខែកញ្ញា។ ទោះជាយ៉ាងណាទីក្រុងវ៉ាស៊ីនតោន មិនទាន់បានដោះស្រាយការប្រយុទ្ធគ្នាផ្នែកពាណិជ្ជកម្មនេះជាមួយទីក្រុងប៉េកាំង និងទីក្រុងប៊្រុចសែលនៅឡើយទេ។

កាលពីថ្ងៃចន្ទម្សិលមិញ សារព័ត៌មាន Bloomberg បានរាយការណ៍ថាលោកប្រធានាធិបតី Trump គ្រោងនឹងជួបជាមួយក្រុមការងាររបស់លោកដើម្បីពិភាក្សាអំពីសេចក្តីព្រាងមួយស្តីពីការដក់ពន្ធលើរថយន្តរបស់អឺរ៉ុប។ លោកប្រធានាធិបតីធ្លាប់បាននិយាយថាគាត់គិតថា សហភាពអឺរ៉ុបគឺ «អាក្រក់ប្រហែលប្រទេសចិនដែរ តែគ្រាន់ជាងចិន»។

មកដល់ពេលនេះ មិនទាន់មានដំណោះស្រាយណាមួយចំពោះសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅឡើយទេ ហើយពន្ធគយដែលត្រូវបានគេដាក់លើទំនិញនានាអស់រយៈពេលរាប់ខែមកហើយ។ ទោះជាយ៉ាងណាក៏ដោយអគ្គលេខាធិការរតនាគារលោក Steven Mnuchin បានរាយការណ៍ថា លោកបានបន្តកិច្ចចរចាជាមួយលោកឧបនាយករដ្ឋមន្ត្រីចិន Liu He ដោយនិយាយតាមទូរស័ព្ទកាលពីថ្ងៃសុក្រ នេះបើយោងទៅតាមសារព័ត៌មាន Wall Street Journal និង Bloomberg News ។

មានក្រុមហ៊ុនអាមេរិកជាច្រើនផលិតរថយន្តនៅក្នុងទ្វីបអឺរ៉ុប ហើយក្រុមហ៊ុនផលិតរថយន្តរបស់អឺរ៉ុបជាច្រើនក៏ផលិតរថយន្តនៅសហរដ្ឋអាមេរិកផងដែរ។

តែអ្វីដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះគឺថា សហភាពអឺរ៉ុបគិតថ្លៃពន្ធ 10% លើរថយន្តដែលនាំចូលពីសហរដ្ឋអាមេរិក ខណៈដែលសហរដ្ឋអាមេរិកគិតថ្លៃពន្ធតែ 2.5% ប៉ុណ្ណោះ លើការនាំចូលរថយន្តពីសហភាពអឺរ៉ុប។ លោក Trump បាននិយាយថាលោកចង់ដាក់ពន្ធ 25% ទៅលើរថយន្តទាំងអស់ដែលត្រូវបាននាំចូលពីសហភាពអឺរ៉ុប៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។