រឿងសំខាន់ ៥ ដែលសាលាគួរតែបង្រៀនអ្នក តែពួកគេមិនបង្រៀន

3625

ត្បិតតែជីវិតរបស់មនុស្សម្នាក់ៗខុសគ្នា ប៉ុន្តែក៏មានចំណុចខ្លះដូចគ្នាផងដែរដូចជានៅពេលកើតមក ឪពុកម្តាយរបស់យើងមើលថែយើង យើងទទួលបានការអប់រំ យើងធ្វើការដើម្បីចិញ្ចឹមខ្លួនឯង យើងបង្កើតគ្រួសារ យើងមានកូន វ័យរបស់យើងក៏នឹងចាស់ យើងក្រោយមកក៏ស្លាប់។

នៅក្នុងជីវិតរបស់យើង យើងនឹងចំណាយពេលផ្តោតលើការអប់រំ ហើយមនុស្សភាគច្រើនចំណាយពេល ១២ឆ្នាំ ឬច្រើនជាងនេះលើប្រព័ន្ធអប់រំ ហើយបើអ្នកអាចមានអាយុរស់បានដល់អាយុ ៨០ឆ្នាំ នោះមានន័យថាអ្នកចំណាយជីវិតអស់ជាង ១៥% លើការអប់រំ។ អ្នកខ្លះដែលមានលទ្ធភាពរៀនបន្តក្រោយចប់ថ្នាក់វិទ្យាល័យ ពួកគេត្រូវចំណាយពេល ៤ឆ្នាំបន្ថែមទៀតនៅថ្នាក់មហាវិទ្យាល័យ ក្នុងគោលបំណងចង់មានការងារល្អធ្វើ និងមានជីវិតកាន់តែប្រសើរ។

ប៉ុន្តែអ្វីដែលសាលាបង្រៀនអ្នក មិនមែនសុទ្ធតែអាចជួយអ្នកឲ្យជោគជ័យក្នុងជីវិតនោះទេ នៅមានរឿងសំខាន់ៗជាច្រើនទៀតដែលសាលាមិនបានបង្រៀនអ្នក។ ពួកយើងបានមើលមុខវិជ្ជាដែលគេបង្រៀនសិស្សនៅសាលា ហើយយើងបានឃើញថាមានមុខវិជ្ជាសំខាន់ៗសម្រាប់ជីវិតជាក់ស្តែងដែលសាលាគួរតែបង្រៀនអ្នកដូចខាងក្រោម។

. សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ

បច្ចុប្បន្នសុខភាពផ្លូវចិត្តកំពុងតែវាយលុកខ្លាំងនៅកម្ពុជា ហើយវាកំពុងតែធ្វើឲ្យឧស្សាហកម្មនេះមានតម្លៃរាប់សិបលានដុល្លារឯណោះ ដោយសារតែសាលារៀនមិនបានបង្រៀនសិស្សពីរបៀបថែទាំសុខភាពផ្លូវអារម្មណ៍ដោយខ្លួនឯង។

នៅសាលាក្រៅពីមិនបង្រៀនពីរបៀបថែទាំផ្លូវចិត្ត ពួកគេនៅដាក់សម្ពាធឲ្យសិស្សទៀតផង។ ការស្តាប់ចម្រៀង ឬវីឌីអូអប់រំចិត្តនៅពេលដែលមនុស្សមានវិបត្តិផ្លូវចិត្តរួចហើយ វាមិនអាចដោះស្រាយអ្វីបាននោះទេ។ នៅពេលដែលឈប់ស្តាប់វីឌីអូទាំងនោះ អ្នកនឹងគិតកាន់តែច្រើន ហើយវានឹងធ្វើឲ្យអ្នកញៀននឹងស្តាប់វា។ ដូច្នេះមុននឹងឈានដល់កើតជំងឺផ្លូវចិត្ត អ្នកគួរតែត្រូវបានគេបង្រៀនតាំងពីក្មេងមកម្លេះ។

អ្នកក៏គួរតែត្រូវបានគេបង្រៀនឲ្យដឹងពីរបៀបថែទាំសុខភាពខ្លួនឯង និងរាងកាយ យល់ដឹងពីមុខងាររបស់សារពាង្គកាយ និងវិធីសង្គ្រោះបឋមជាដើមនៅសាលាផងដែរ។

. រៀនពីលុយ

តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីមនុស្សមួយចំនួនរកលុយបានច្រើនជាងអ្នកដទៃ? តើធ្វើបែបណាដើម្បីបង្កើនប្រាក់ខែរបស់អ្នក? តើអ្នកត្រូវសន្សំលុយ ឬក៏វិនិយោគដោយវិធីណា?

គ្រូភាគច្រើននៅសាលាបង្រៀនតែទ្រឹស្តី ពួកគាត់បង្រៀនសិស្សពីការវិនិយោគ ប៉ុន្តែខ្លួនគាត់មិនដែលវិនិយោគអ្វីសោះ ឬក៏ធ្លាប់ខ្លះតែបរាជ័យ។ សាលាបង្រៀនអ្នកឲ្យដឹងថាអ្វីដែលជាការវិនិយោគ ប៉ុន្តែមិនបានបង្រៀនអ្នកពីរបៀបវិនិយោគនោះទេ។ សាលាបង្រៀនពីចំណេះដឹងជាច្រើនថាវាគឺជាអ្វី ប៉ុន្តែមិនបានបង្រៀនអ្នកពីរបៀបយកចំណេះដឹងទាំងនោះទៅប្រើក្នុងសង្គមជាក់ស្តែងដោយរបៀបណានោះទេ។

ការយល់ដឹងពីលុយគឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរបច្ចុប្បន្ន ហើយសាលាគួរតែបង្រៀនសិស្សឲ្យយល់ដឹងពីវាចាប់តាំងពីពួគគេនៅវ័យជំទង់ ថាគួរចាត់ចែងលុយបែបណា សន្សំលុយបែបណា វិនិយោគបែបណាដើម្បីមានលុយគ្រប់គ្រាន់នៅពេលចាស់ចូលនិវត្តន៍។ ហេតុអ្វីអ្នកខ្លះមិនឃើញរវល់ធ្វើការអ្វីច្រើនទេ ប៉ុន្តែមានខ្លាំងណាស់ ខណៈអ្នកផ្សេងទៀតខំធ្វើការស្ទើរស្លាប់ ប៉ុន្តែនៅតែមិនសល់លុយ?

. ការរើសគូស្រករ

អ្នកនឹងប្រើជីវិតមួយភាគធំជាមួយមនុស្សម្នាក់ តែអ្នកបានដឹងពីរបៀបរើសមនុស្សល្អម្នាក់ហើយឬនៅ?

យុវវ័យខ្មែរជំនាន់ក្រោយធំធាត់ឡើងដោយមាន Facebook, Instagram និងវិធីជាច្រើនទៀតដែលពួកគេបង្កើតទំនាក់ទំនងស្នេហា។ ពួកគេសម្រេចចិត្តរៀបការដោយសារអារម្មណ៍ស្រលាញ់ ប៉ុន្តែមិនបានគិតថាពួកគេអាចរស់នៅចុះសម្រុងជាមួយគ្នារហូតដល់ចាស់នោះទេ ដូច្នេះហើយការលែងលះក៏កើតមានឡើង បើទោះបីជាទាំងមនុស្សស្រី និងមនុស្សប្រុសមិនចង់រៀបការម្តងជាពីរដងក៏ដោយ។

ជីវិតស្នេហា និងគ្រួសារគឺជារឿងសំខាន់ណាស់ក្នុងជីវិត ហើយបញ្ហាកើតឡើងនៅពេលអ្នករើសគូស្រករខុស។ មុនពេលអ្នកដាក់ចិត្តស្រលាញ់នរណាម្នាក់ អ្នកគួរតែរៀនពីគេ ស្វែងយល់ពីគេ ហើយមើលថារវាងគេ និងអ្នកអាចរស់នៅបង្កើតជាគ្រួសារបានឬអត់។

. របៀបភ្ជាប់ទំនាក់ទំនងនៅក្នុងសង្គម

នេះគឺជារឿងសំខាន់មួយដែលយើងបានឃើញនៅក្នុងសង្គម ក្មេងៗសិស្សសាលាត្រូវបានឪពុកម្តាយយកទៅដាក់នៅសាលា ហើយពួកគេស្គាល់តែមនុស្សនៅក្នុងថ្នាក់តែប៉ុណ្ណោះ។ តើពួកគេនឹងធ្វើបែបណា នៅពេលដែលពួកគេធំឡើង? តើពួកគេបង្កើតមិត្តថ្មីដោយរបៀបណានៅពេលពួកគេរៀនចប់?

រឿងនេះសំខាន់ដោយសារ ការទំនាក់ទំនងគឺជាផ្នែកមួយដែលនាំទៅរកភាពជោគជ័យ។ មានតិចនិកជាច្រើនដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ប៉ុន្តែសាលាមិនបានបង្រៀនអ្នកនោះទេ។

. ការគ្រប់គ្រងពេលវេលា

យើងបានឃើញសិស្សសាលា និងសិស្សសកលវិទ្យាល័យជាច្រើនកំពុងខ្ជះខ្ជាយពេលវេលារបស់ពួកគេ។

គ្រូដាក់ការងារឲ្យធ្វើក្នុងរយៈពេល ៣សប្តាហ៍ ប៉ុន្តែសិស្សចាប់ផ្តើមធ្វើកិច្ចការទាំងនោះនៅថ្ងៃជិតផុតកំណត់២ ៣ថ្ងៃ ឬមួយយប់មុនគ្រូប្រមូលកិច្ចការ។

យើងទាំងអស់គ្នាមិនអាចគេចពីការស្លាប់បានទេ ដូច្នេះមុនពេលអ្នកស្លាប់ អ្នកគួរតែប្រើពេលដែលមានឲ្យបានល្អដើម្បីរស់នៅក្នុងជីវិតដ៏រីករាយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។