វិធីក្នុងការកាត់បន្ថយចំណាយសម្រាប់អាជីវកម្មទើបបើកថ្មី

3765

ការចាប់ផ្ដើមអាជីវកម្មមួយៗគឺចំណាយអស់ច្រើនណាស់ដូចនេះហើយម្ចាស់អាជីវកម្មត្រូវចេះសន្សំសំចៃទើបអាចសល់លុយសម្រាប់ប្រើប្រាស់លើសកម្មភាពណាដែលចាំបាច់ដល់ការរកស៊ីរបស់យើង។ ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះៗដែលអ្នកទើបចាប់ផ្ដើមរកស៊ីដំបូងអាចយកទៅអនុវត្តបានហើយបើអ្នកមានវិធីសាស្ត្រផ្សេងទៀតគឺកាន់តែល្អព្រោះយើងអាចសន្សំលុយបានកាន់តែច្រើន។

១.ផ្ដល់កម្មសិក្សា(internship)៖​ ការផ្ដល់កម្មសិក្សាដល់និស្សិតដែលកំពុងរៀនគឺផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងសងខាងព្រោះយើងទទួលពលកម្មរបស់គាត់ក្នុងតម្លៃទាបជាងធម្មតា ចំណែកឯនិស្សិតនោះវិញក៏ទទួលបាននូវបទពិសោធន៍ចំបាច់សម្រាប់អនាគតរបស់គាត់។​ ប្រសិនបើអ្នកពេញចិត្តនឹងសកម្មភាពការងារក៏ដូចជាបុគ្គលិកលក្ខណៈរបស់គាត់ អ្នកអាចជួលគាត់អោយក្លាយជាបុគ្គលិកពេញសិទ្ធនៅពេលដែលកម្មសិក្សានោះបានបញ្ចប់។​ ជាទូទៅកម្មសិក្សាមានរយៈពេលបីខែឬតិចជាងនឹង។

២.ចរចារសុំចុះតម្លៃ៖ ពេលទិញឧបករណ៍ប្រើប្រាស់ឬទិញឥវ៉ាន់មកស្ដុកទុកក្នុងឃ្លាំង…អ្នកត្រូវរៀនចេះតថ្លៃអោយបានគ្រប់ពេលព្រោះអ្នកផ្គត់ផ្គង់ឥវ៉ាន់ទាំងនោះប្រាកដជាចង់រកស៊ីយូរអង្វែងជាមួយយើង​ ដូចនេះចង់មិនចង់ក៏អាចចុះថ្លៃបានតិចតួចដែរ។​ ដើម្បីអនុវត្តវិធីសាស្ត្រនេះបានវាទាមទារអោយអ្នកពូកែខាងថ្វីមាត់ និងមានទំនាក់ទំនងល្អគួរសមជាមួយអ្នកលក់នោះ។

៣.ទិញរបស់មួយទឹកមកប្រើ៖ សព្វថ្ងៃនេះរបស់ប្រើប្រាស់មួយទឹកជាច្រើននាំចូលពីបរទេសមកលក់នៅស្រុកខ្មែរយើងជាពិសេសគឺមកពីអាមេរិច ជប៉ុន​ជាដើម។ គ្រឿងសង្ហារឹមប្រើប្រាស់ក្នុងការិយាល័យ គ្រឿងអេឡិចត្រូនិចដូចជាឡេបថប់ ម៉ាស៊ីនព្រីន ទាំងអស់នេះគឺសុទ្ធតែមានរបស់មួយទឹកគុណភាពវិញក៏នៅល្អ តែតម្លៃថោកជាងរបស់ថ្មីៗច្រើន។​

៤.ប្រញាប់សងលុយគេ៖ មានអ្នកលក់ខ្លះព្រោះតែចង់អោយគេសងលុយជំពាក់លឿនក៏មានវិធីសាស្ត្រមួយដោយផ្ដល់ការបញ្ចុះតម្លៃពីមួយទៅពីរភាគរយសម្រាប់អ្នកសងលុយមុនដប់ថ្ងៃក្រោយពេលទិញឥវ៉ាន់។​ ជាទូទៅនៅលើវិក័យប័ត្រមានសរសេរបែបនេះ 2/10,n/30 ដោយវាមានន័យថាសម្រាប់ការសងលុយក្នុងកំឡុងពេលដប់ថ្ងៃពីការទិញនឹងទទួលបានការបញ្ចុះតម្លៃ២ភាគរយ ហើយពេលយូរបំផុតដែលអាចជំពាក់បានគឺ៣០ថ្ងៃ។ នៅប្រទេសយើងវិញមិនសូវជាមានការអនុវត្តបែបនេះទេច្រើនតែក្រុមហ៊ុនទើបគេធ្វើបែបនេះ ប៉ុន្ដែបើអ្នកអាចចរចារជាមួយអ្នកលក់ធម្មតាពីការសងលុយលឿនបានប្រហែលជាគេក៏នឹងបញ្ចុះតម្លៃតិចតួចអោយដែរ។​

៥.កាត់បន្ថយការចំនាយកន្លែងធ្វើការ៖ កាត់បន្ថយការប្រើប្រាស់ទឹកភ្លើង ម៉ាស៊ីនត្រជាក់បើសិនមិនចាំបាច់។ រីឯឯកសារភាគច្រើនដែលមិនចាំបាច់ខ្លាំងអ្នកអាចរក្សាទុកនៅក្នុងកុំព្យូទ័រឬទូរស័ព្ទដៃបានដោយមិនបាច់ព្រីនទេ​​ ព្រោះពេលអ្នកព្រីនអស់ក្រដាស ទឹកថ្មាំ និងភ្លើង ទោះបីជាព្រីនម្ដងអស់មិនដល់ប្រាំរយរៀលមែនតែបើយើងព្រីនញឹកលុយក៏អស់ច្រើនដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។