ម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនតែងនិយាយថា ការបង្កើតអាជីវកម្មទាមទារពេលវេលា កម្លាំង និងការលះបង់ច្រើន។ សហគ្រិនខ្លះ បង្កើតកំហុសដោយសារចំណាយពេលច្រើនលើកិច្ចការមិនសូវសំខាន់ ដែលមានន័យថាពួកគេគ្មានពេលផ្តោតលើការងារដែលសំខាន់ជាងការងារនោះ។ ដំណោះស្រាយគឺថា អ្នកគួរតែអនុវត្តន៍គន្លឹះខាងក្រោមនេះ៖

. ផ្តោតលើរឿងម្តងមួយ

ការសម្រុកធ្វើការចម្រុះគ្នាច្រើនពេក វានឹងធ្វើឲ្យមានការច្របូកច្របល់ ហើយវានឹងធ្វើឲ្យអ្នករវល់ខ្លាំង។ ទោះបីជាអ្នកអាចធ្វើការងារច្រើនពិតមែន ប៉ុន្តែបើនិយាយពីប្រសិទ្ធភាពការងារវិញ គឺមិនអាចប្រកួតប្រជែងជាមួយគេបាននោះទេ។ អ្នកគួរផ្តោតលើការងារតែមួយ ក្នុងមួយពេល នោះការងាររបស់អ្នកនឹងមានប្រសិទ្ធភាពខ្ពស់។

. សរសេរតារាងរាយការងារដែលត្រូវធ្វើ

ការដឹងថាខ្លួនត្រូវធ្វើអ្វីខ្លះក្នុងមួយថ្ងៃ វាអាចធ្វើឲ្យម្ចាស់អាជីវកម្មប្រើប្រាស់ពេលវេលាបានល្អ។ ការដែលភ្លេច ឬទុកការងារដែលសំខាន់ជាងគេធ្វើក្រោយគេ វាគឺជារឿងមិនល្អឡើយ ហើយពេលខ្លះវាអាចធ្វើឲ្យអ្នកខាតបង់គ្រប់ពេល ដូចជាការបំពេញការងារមិនទាន់តាមការសន្យាធ្វើឲ្យអ្នកបាត់អតិថិជន បាត់បង់ទំនុកចិត្ត និងខូចឈ្មោះជាដើម។

. កុំធ្វើ ឬទទួលការងារដែលគ្មានប្រយោជន៍ពីគេ

បើអ្នកចំណាយពេលធ្វើការដែលឥតប្រយោជន៍ នោះអ្នកនឹងគ្មានពេលធ្វើរឿងមានប្រយោជន៍។ រឿងសំខាន់គឺត្រង់ថា តើអ្នកអាចបែកចែកបានទេថាកិច្ចការណាខ្លះមានប្រយោជន៍ ហើយកិច្ចការណាខ្លះឥតប្រយោជន៍? សហគ្រិនខ្លះចំណាយពេលធ្វើរឿងឥតប្រយោជន៍ទាំងមិនដឹងខ្លួន។

. ចំណាយពេលលំហែអារម្មណ៍ខ្លះ

នៅពេលដែលអ្នកខិតខំធ្វើការខ្លាំងពេក អារម្មណ៍របស់អ្នកនឹងរងសម្ពាធ ហើយបើអ្នកនៅតែបង្ខំចិត្តធ្វើការទៀត នោះការងារដែលអ្នកធ្វើនឹងគ្មានប្រសិទ្ធភាព និងលទ្ធផលល្អនោះទេ។ បើអ្នកសម្រាកលំហែខ្លះ ដើម្បីធ្វើឲ្យអារម្មណ៍ល្អឡើងវិញ អ្នកនឹងមកធ្វើការងារវិញដោយអារម្មណ៍ស្រស់ថ្លា ហើយការងារនឹងមានប្រសិទ្ធភាពខ្ពស់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...