ដំបូន្មានសំខាន់ៗសម្រាប់ការធ្វើជំនួញរបស់លោក John D. Rockefeller

3683

លោក​ John D. Rockefeller គឺជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រព្រោះបើគិតតាមលុយឥឡូវគឺគាត់មានទ្រព្យសម្បត្តិរហូតដល់៣៤០ពាន់លានដុល្លាឯណោះ។​ គាត់គឺជាមនុស្សចូលចិត្តធ្វើការហើយក្រុមហ៊ុនប្រេងរបស់គាត់ដែលមានឈ្មោះថា Standard Oil គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅដើមសតវត្សទី២០ ដែលក្រោយមកក្លាយទៅជាក្រុមហ៊ុនប្រេងធំៗជាច្រើននៅលើពិភពលោកដូចជា BP, Exxon និង Chevron ជាដើម។ គាត់មិនត្រឹមតែមានទ្រព្យសម្បត្តិមហាសាលទេថែមទាំងចូលចិត្តបរិច្ចាគជួយដល់សង្គមទៀតផង។​ គាត់បានបន្សល់ទុកនូវចំនេះដឹងល្អជាច្រើនក្នុងការធ្វើជំនួញដោយថ្ងៃនេះ Apamat នឹងយកមកចែករំលែកជូនដល់អ្នកអានទាំងអស់គ្នា។

១.ខ្ចីលុយគេដើម្បីពង្រីកមុខជំនួញ៖ គាត់ចូលចិត្តខ្ចីលុយគេណាស់ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនអោយបានលឿនជាងគេឯង។​​​ ការខ្ចីលុយគេគឺជារឿងប្រថុយប្រថានតែបើយើងដឹងថាខ្លួនយកលុយមកធ្វើអ្វីច្បាស់ហើយ បន្ថែមពីនោះមានគម្រោងការច្បាស់លាស់ក្នុងការប្រើប្រាស់លុយ អ្នកគួរតែខ្ចីលុយគេដើម្បីមកអនុវត្តគម្រោងនោះ ព្រោះគ្មានមនុស្សណាតែងតែមានលុយគ្រប់ដើម្បីរកស៊ីនោះទេ។ មនុស្សខ្លះមិនចូលចិត្តខ្ចីលុយគេព្រោះខ្លាចជំពាក់គេ តែបើយើងខ្ចីហើយចេះដោះបំណុលទាន់ពេលវាមិនមែនជាបញ្ហាទេ​ កុំចាំទាល់តែមានលុយខ្លួនឯងគ្រប់ចាំធ្វើព្រោះឳកាសមិនដែលចាំមនុស្សម្ដងណាទេ។

២.ដឹងពីការចំណូលចំនាយរបស់ខ្លួន៖ គាត់ចូលចិត្តកត់ការចំណូលចំណាយនៅក្នុងកូនសៀវភៅរបស់គាត់ណាស់ ដោយគាត់កត់មិនថាលុយ រាប់លានឬមួយកាក់មួយសេនឡើយ ហើយគាត់ថែមទាំងនិយាយថាជោគជ័យក្នុងជំនួញរបស់គាត់គឺបានមកពីកូនសៀវភៅនោះ។​ បើអ្នកមិនដឹងថាខ្លួនឯងជាមនុស្សចាយលុយទៅលើអ្វីខ្លះ វាពិបាកក្នុងការសន្សំលុយទៅលើការចំណាយដែលមិនសូវមានប្រយោជន៍។​ នៅពេលមានលុយតិចអ្នកចំណាយលើរបស់គ្មានប្រយោជន៍តិច ពេលរកលុយបានច្រើនអ្នកក៏ចំនាយលើរបស់គ្មានប្រយោជន៍ច្រើនដែរ ដូចនេះទោះខំប្រឹងរកប៉ុន្មានក៏មិនសល់អ្វីជាដុំកំភួនដែរ។

៣.ធ្វើការកុំគិតពីម៉ោងត្រូវគិតពីលទ្ធផល៖ គាត់ចង់និយាយថាមនុស្សមិនត្រូវធ្វើការងុបងល់ពេករហូតដល់គ្មានពេលសម្រាកឬលំហែកាយឡើយ។​ មនុស្សខ្លះធ្វើការច្រើនម៉ោងដើម្បីអោយគេមើលឃើញខ្លួនធ្វើការមិនមែនខ្ចិលច្រអូសតែលទ្ធផលពីការងារនោះបានតិច លុះធ្វើការយូរៗទៅក៏បាក់កម្លាំងហើយគ្មានកម្លាំងចិត្តក៏ដូចជាគ្មានស្មារតីផ្ដោតទៅលើការធ្វើការទៀត​ ជាទូទៅមនុស្សទាំងនោះមិនចូលចិត្តរៀននូវអ្វីថ្មីដែលជួយសន្សំពេលវេលាក្នុងការធ្វើការទេ ផ្ទុយទៅវិញធ្វើតាមការយល់ឃើញរបស់ខ្លួនទៅវិញ។ អ្វីដែលគាត់ចង់អោយមនុស្សចេះនោះគឺរៀនធ្វើការដែលមានលទ្ធផលខ្ពស់ដោយប្រើពេលតិចដើម្បីយល់ពេលទំនេរសម្រាប់ការសម្រាកឬធ្វើអ្វីផ្សេងវិញ។

៤.កុំនៅជាមួយមនុស្សដែលគ្មានគោលការដូចយើង៖ នៅក្នុងរង្វង់អ្នកជំនួញរបស់គាត់ មានមនុស្សជាច្រើនដែលគ្មានគោលការរកស៊ីដូចគាត់ ដោយពួកគេទាំងនោះមិនចូលចិត្តភាពប្រថុយប្រថាន ហើយចូលចិត្តចំណាយលុយអត់ប្រយោជន៍ទៅវិញ។ គាត់មិនបានបណ្ដេញគេភ្លាមៗទេដោយគាត់នៅរងចាំពេលវេលាល្អមកដល់ មិនត្រឹមតែប៉ុណ្ណោះគាត់ទុកមនុស្សទាំងនោះសម្រាប់ប្រើការសិន។ ពេលវេលាសមស្របមកដល់គាត់ធ្វើអោយមនុស្សទាំងនោះចេញពីក្រុមហ៊ុនទាំងអស់តាមរយៈការទិញភាគហ៊ុនរបស់ពួកគេទោះបីជាពេលខ្លះគាត់ត្រូវទិញក្នុងតម្លៃលើសទីផ្សារក៏ដោយ។ គាត់គិតថាបើទុកមនុស្សដែលគ្មានទស្សនៈវិស័យដូចខ្លួនយូរទៀតនៅក្នុងក្រុមហ៊ុន មុននឹងក្រោយគង់តែមានការខ្វែងគំនិតគ្នា និងធ្វើអោយខូចខាតដល់ក្រុមហ៊ុនទៀតផង។

៥.មានចិត្តល្អចំពោះអ្នកដទៃ៖ លោក John D. Rockefeller គឺជាអ្នកអនុវត្តគ្រឹស្ដសាសនាបានយ៉ាងខ្ជាប់ខ្ជួនដោយរៀងរាល់ពេលគាត់ជួបមនុស្សគឺគាត់តែងតែញញឹមដាក់ពួកគេជានិច្ច ហើយថែមទាំងចូលចិត្តអោយកាក់ដល់គេទៀត។ ទោះបីជាគាត់មានលុយដល់រាប់រយពាន់លានមែនតែគាត់បរិច្ចាគលុយភាគច្រើនសម្រាប់បម្រើការក្នុងសង្គមវិញ។

៦.ធ្វើជាអ្នកឈ្នះនៅពេលអ្នកដទៃគិតថាខ្លួនចាញ់៖ ត្រូវមានគំនិតវិជ្ជមាននៅពេលមនុស្សជាច្រើនគិតឃើញតែពីចំនុចវិជ្ជមានរបស់បញ្ហាណាមួយ។ ទ្រព្យសម្បត្តិជាច្រើនត្រូវបានបង្កើតឡើងនៅពេលមនុស្សជួបប្រទះនឹងការលំបាកណាមួយហើយយើងអាចរកវិធីជួយពួកគេបាន ដែលវាប្រៀបដូចនឹងពេលមានសង្គ្រាមបង្កើតបានវីរៈបុរសអញ្ចឹង។ មនុស្សជាច្រើនមិនចង់ដោះស្រាយបញ្ហាទេ ដោយពួកគេមើលឃើញតែពីបញ្ហាហើយត្អូញត្អែរប៉ុណ្ណោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។