យុទ្ធសាស្ត្រទីផ្សារពិសេស ៥ សម្រាប់ម្ចាស់អាជីវកម្មហាងនំ សាកល្បងយកទៅអនុវត្តន៍

4320

ទីផ្សារនំអ៉ឺរ៉ុប ជាពិសេសនំខេក កំពុងតែវាយលុកទីផ្សារខ្លាំងនៅកម្ពុជា ដោយសហគ្រិនវ័យក្មេងកម្ពុជាជាច្រើនសម្រុកបើកហាងលក់នំខេក ខ្លះលក់លើអនឡាញមិនទាន់មានហាង និងការហូរចូលនៃយីហោហាងនំបរទេសជាច្រើនផងដែរ។ ឧស្សាហកម្មនំខេក កំពុងតែរីកទំហំកាន់តែធំ ខណៈការប្រកួតប្រជែងកាន់តែខ្លាំង ប៉ុន្តែអ្វីដែលគួរឲ្យស្តាយគឺវត្ថុធាតុដើមភាគច្រើនគឺយើងត្រូវនាំចូលពីប្រទេសជិតខាងសូម្បីតែទៀនដុតលើនំ ម្សៅធ្វើនំ និងសម្ភារៈផ្សេងទៀត។ 

ដើម្បីលើកស្ទួយយីហោហាងនំខ្មែរ apamat.com ដែលតែងតែចែករំលែកយុទ្ធសាស្ត្រល្អៗ និងចំណេះដឹងធ្វើជំនួញជាច្រើនទៀតដល់ម្ចាស់អាជីវកម្មកម្ពុជា នឹងណែនាំយុទ្ធសាស្ត្រពិសេសមួយចំនួនដល់ម្ចាស់ហាងនំរបស់ខ្មែរ ដើម្បីអាចឈរជើង និងប្រកួតប្រជែងជាមួយយីហោបរទេស។ 

១. ថតវីឌីអូ រួចផូសនៅលើ Facebook Page ឬ Instagram

មិនចាំបាច់ទាល់តែមានឧបករណ៍ច្រើនដូចជាអ្នកជំនាញផលិតវីឌីអូនោះទេ  ព្រោះថាទូរស័ព្ទដៃរបស់អ្នកក៏អាចថតបានកម្រិត HD ដែរ។ ការថតវីឌីនំខេក ឬប្រភេទនំផ្សេងៗទៀត ដោយមានការតុបតែងស្អាត និងថតវីឌីអូបានស្អាតទៀតនោះ អាចទាញចំណាប់អារម្មណ៍អតិថិជនថ្មីឲ្យស្គាល់យីហោរបស់អ្នក ហើយបន្ទាប់មកពួកគាត់នឹងចង់សាកល្បងរសជាតិថាវាយ៉ាងណា។ 

ក្រៅពីថតនំ អ្នកក៏អាចថតហាយឡាយពីម្ចាស់ហាងកំពុងធ្វើនំ ប៉ុន្តែគួររៀបចំការតុបតែងខ្លួន និងប្លង់ថតឲ្យបានស្អាត ជៀសវាងថតជាប់កន្លែងមិនស្អាតដូចជាជញ្ជាំង តុ ទូ និងឧបករណ៍ធ្វើនំផ្សេងៗ។ ទោះជាអ្នកមិនថតវីឌីអូក៏ដោយ ក្នុងនាមជាហាងអាហារ អនាម័យគឺជារឿងចម្បង។ ការថតវីឌីអូខ្លីៗពីម្ចាស់ហាង និងបុគ្គលិកក្នុងហាង ធ្វើឲ្យអតិថិជនមានអារម្មណ៍កាន់តែជិតស្និតជាមួយយីហោរបស់អ្នក។ 

២. ថតរូបនំស្អាតៗ ហើយបង្ហោះរាល់ថ្ងៃ

ចំណុចនេះត្រូវប្រើបណ្តាញសង្គមដូចចំណុចខាងលើដែរ ប៉ុន្តែអ្វីដែលខុសគឺចំណុចនេះប្រើរូបភាព ហើយផូសរាល់ថ្ងៃ។ សម្រាប់ទីផ្សារនំខេក នៅកម្ពុជាបច្ចុប្បន្ន គឺពឹងផ្អែកខ្លាំងលើការផ្សព្វផ្សាយលើបណ្តាញសង្គម ព្រោះអតិថិជនគោលដៅភាគច្រើនគឺយុវវ័យ ហើយយុវវ័យខ្មែរចូលចិត្តចំណាយពេលលើបណ្តាញសង្គម។ ដូច្នេះការផូសរូបនំដែលមានកម្រិតគុណភាពខ្ពស់ គឺជាវិធីមានប្រសិទ្ធភាពជាងគេមួយសម្រាប់អាជីវកម្មហាងនំ។ ដើម្បីថតបានស្អាត អ្នកគួរតែប្រើឌីជីថលកាមេរ៉ា បើអ្នកមិនសូវជំនាញប្រើកាមេរ៉ាទូរស័ព្ទ ហើយការថតឲ្យបានឃើញនំស្អាតគឺអាស្រ័យលើការរចនានំ ចេះប្រើពន្លឺ និងឌីហ្សាញរូប។ 

ការផូសរូបរាល់ថ្ងៃ គឺដើម្បីរំលឹកអតិថិជនពីយីហោរបស់អ្នក ខណៈហាងនំផ្សេងទៀតក៏ផូសដើម្បីទាក់ទាញអតិថិជនពីអ្នកផងដែរ។ ម៉្យាងវិញទៀត ការផូសរូបនំខេកដែលអតិថិជនកម្មង់ឲ្យរចនារូបប្លែកៗ ស្អាតៗ អាចធ្វើឲ្យអ្នកមើលស្គាល់ស្នាដៃរបស់អ្នក និងស្រមៃថានឹងទៅទិញនំពីហាងរបស់អ្នកនៅក្នុងឱកាសណាមួយ។

៣. រចនាគម្របរូបថត ឬប្រូហ្វាល់អនុស្សាវរីយ៍សម្រាប់ឲ្យអតិថិជនថតជាប់ Background

បិតឡូហ្គូនៅលើជញ្ជាំង មានសាឡុង និងតុបតែងឲ្យស្អាត ដើម្បីឲ្យអតិថិជនថតនៅពេលពួកគាត់មកទិញនំពីហាងរបស់អ្នក។ គោលបំណងគឺ នៅពេលដែលគាត់ថត គាត់នឹងបង្ហោះលើគណនី Facebook ឬ Instagram របស់គាត់ ហើយការធ្វើបែបនេះវាជាការជួយផ្សាយពាណិជ្ជកម្មឲ្យអ្នក ដោយមិនចាំបាច់សុំ ឬចំណាយឲ្យពួកគាត់ជួយផ្សាយឲ្យអ្នកឡើយ។ 

៤. ឧស្សាហ៍ឃ្លាំមើលគូប្រជែងរបស់អ្នក

គ្រាន់តែឃ្លាំមើល មិនមានន័យថាផ្តោតលើគូប្រជែងខ្លាំងនោះទេ។ ការឃ្លាំមើលគឺគ្រាន់តែចង់ដឹងថាគេមានយុទ្ធសាស្ត្រអ្វីប្លែក ឬមានផលិតផលអ្វីពិសេសថ្មីជាដើម។ មួយវិញទៀត ការឃ្លាំមើលពីយុទ្ធសាស្ត្រទីផ្សាររបស់គេ អាចជាការត្រៀមខ្លួនការពារទីផ្សារបានល្អ។ ឧទាហរណ៍ថា ហាងនំគូប្រជែងដែលនៅជិតអ្នក គេមានប្រមូសិនបញ្ចុះតម្លៃ ៥០% ក្នុងថ្ងៃពិសេស ឬថ្ងៃសម្ភោធហាងរបស់គេ។ ដូច្នេះដើម្បីកាត់ផ្តាច់ចង្វាក់របស់គេ និងការពារកុំឲ្យអតិថិជនរបស់អ្នកទៅទិញនៅហាងគេ អ្នកក៏ត្រូវមានយុទ្ធសាស្ត្រណាមួយដើម្បីទប់ ដូចជាមានកម្មវិធីប្រម៉ូសិន មានកម្មវិធីចាប់រង្វាន់ ឬលេងហ្គេមជាដើមក្នុងថ្ងៃនោះដែរ។ ការឃ្លាំមើលពួកគេគឺងាយស្រួលណាស់ អ្នកគ្រាន់តែ Like ផេករបស់គេទៅគឺបានហើយ រាល់ពេលគេមានកម្មវិធីប្រម៉ូសិន គេនឹងផូសលើផេករបស់គេជាមុន ហើយអ្នកនឹងមានពេលគ្រប់គ្រាន់ដើម្បីរៀបក្បួនការពារ។

៥. ប្រើវិធីឲ្យអតិថិជនប្រកួតប្រជែងយករង្វាន់

ការប្រកួតប្រជែងនេះ អ្នកប្រហែលជាឆាប់យល់បើខ្ញុំនិយាយជាភាសាអង់គ្លេសគឺ Contests ។ ប្រសិនបើអ្នកលក់នំខេក អ្នកអាចបង្កើតកម្មវិធី Contests យករង្វាន់ផ្សេងៗ ដល់អតិថិជនដែលទិញនំខេកពីហាងរបស់អ្នកទៅខួបកំណើត។ ដើម្បីចូលរួមលេង អតិថិជនត្រូវថតរូបញាំនំខេកមានជាប់ឡូហ្គូរបស់អ្នក ឬយកនំលាភមុខ ឬរូបប្រឡាក់មាត់ឲ្យប្លែក រួចហើយផ្ញើរមកឲ្យអ្នកដើម្បីយកមកបង្ហោះលើផេក បើរូបណាបាន Like ច្រើនជាងគេនឹងឈ្នះ ឬតាមលក្ខណ្ឌផ្សេងទៀតដែលអ្នកចង់ ហើយវាទាក់ទាញ។ អតិថិជនទាំងនោះ នឹងចុច Share និង Tag ឲ្យមិត្តរបស់ពួកគេតៗគ្នាដើម្បីមានឱកាសឈ្នះរង្វាន់ ហើយយីហោរបស់អ្នកនឹងផ្សាយបានកាន់តែទូលំទូលាយ និងចំគោលដៅ។ នេះគ្រាន់តែជាឧទាហរណ៍មួយ ដែលខ្ញុំលើកមកជូនអ្នកប៉ុណ្ណោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។