បុរសបីនាក់បង្កើតឧបករណ៍សន្សំសំចៃអគ្គិសនីក្នុងទីពិសោធន៍ដែលមានទីផ្សាររហូតដល់មួយពាន់លានដុល្លា

2635

ឧបករណ៍ SmartStack របស់ក្រុមហ៊ុន​ MAP (Measured Air Performance) ត្រូវបានគេទទួលស្គាល់ថាជាផលិតផលល្អប្រចាំឆ្នាំ ដោយលក្ខណៈពិសេសរបស់វានោះគឺវាមានសេនស័រដើម្បីត្រួតពិនិត្យមើលខ្យល់នៅក្នុងមន្ទីរពិសោធន៍។ លោក Steve Grave ដែលជា CEO ប៉ាន់ស្មានថាឧបករណ៍នេះមានទីផ្សារក្នុងសហរដ្ឋអាមេរិចប្រមាណ៥០០លានដុល្លា ហើយសម្រាប់ទីផ្សារពិភពលោកវិញវាអាចមានទីផ្សាររហូតដល់មួយពាន់លានដុល្លា។

គាត់បាននិយាយថាអ្វីដែលក្រុមការងារគាត់បានបង្កើតឡើងនេះគឺជាឧបករណ៍មួយដែលអាចជួយកាត់បន្ថយចំណាយទៅលើការប្រើប្រាស់ថាមពលនៅក្នុងទីពិសោធន៍វេជ្ជសាស្ត្រ។ ជាទូទៅនៅក្នុងទីពិសោធន៍គេប្រើប្រាស់ម៉ាស៊ីនធំៗសម្រាប់បូមខ្យល់ចេញម្ភៃបួនម៉ោងដោយសារតែគេព្រួយបារម្ភថាបើមិនបូបខ្យល់ចេញអោយបានគ្រប់ពេលទេវាអាចនឹងធ្វើអោយពពួកមេរោគឬធូលីជាដើមចូលទៅក្នុងទីពិសោធន៍ដែលបង្កបញ្ហាធំដល់ការពិសោធន៍នានា។ កាលពីទសវត្សឆ្នាំ៧០ដោយសារមានវិបត្តិទាក់ទងនឹងតម្លៃអគ្គិសនីគេក៏កាត់បន្ថយការបូមខ្យល់ចេញដែលធ្វើអោយមនុស្សងាយនឹងឆ្លងជម្ងឺ ហើយនៅទសវត្សឆ្នាំ៩០វិស្វករក៏ប្រើប្រាស់បច្ចេកវិទ្យាថ្មីដែលអនុញ្ញាតអោយម៉ាស៊ីនដឹងថាពេលណាគួរបូមខ្យល់ច្រើនពេលណាគួរបូមខ្យល់តិច តែទោះជាយ៉ាងណាក៏ដោយក៏ម៉ាស៊ីននោះមានសមត្ថភាពខ្សោយជាង SmartStack ឆ្ងាយ។​ លោក Eric Desrochers ដែលជាប្រធានគ្រប់គ្រងខាងផ្នែកបច្ចេកវិទ្យា (CTO) នៅក្នុងក្រុមហ៊ុនបានប្រាប់ថាកំឡុងឆ្នាំ២០០០គាត់បានចូលរួមជាមួយនឹងក្រុមហ៊ុនមួយទៀតដែលដើរបំពាក់ឧបករណ៍ត្រួតពិនិត្យនៅក្នុងមន្ទីរពិសោធន៍។ អ្វីដែលគាត់រកឃើញនោះគឺជាទូទៅខ្យល់នៅក្នុងបន្ទប់ពិសោធន៍មានគុណភាពល្អពី៩០ទៅ៩៥ភាគរយហើយពេលនោះក្នុងបន្ទប់ពិសោធន៍មិនត្រូវការប្រើប្រាស់ការបូមខ្យល់ចេញច្រើនទេ។ អ្វីដែលធ្វើអោយ SmartStack ពិសេសលើសគេនោះគឺវាមានសេនស័រដែលអាចត្រួតពិនិត្យគុណភាពខ្យល់បាន ហើយមិនត្រឹមតែប៉ុណ្ណោះវាអាចបញ្ជាអោយម៉ាស៊ីនដំណើរការបូមខ្យល់ដោយប្រើថាមពលខ្លាំងតែពេលណាសេនស័ររកឃើញមានខ្យល់អាក្រក់ក្នុងបន្ទប់ពិសោធន៍។ លោក Eric Desrochers​ បានប្រាប់ពីរបៀបដំណើរការរបស់ឧបករណ៍នេះថាដរាបណាខ្យល់នៅតែស្អាតសេនស័រនៅតែត្រួតពិនិត្យរហូតដល់វាចាប់បានថាមានខ្យល់អាក្រក់ក្នុងបន្ទប់ហើយវានឹងធ្វើអោយឧបករណ៍បឺតខ្យល់ចេញដំណើរការភ្លាម ក្រៅពីនេះវាក៏ប្រដាប់ការពារសេនស័រកុំអោយខូចខាតផងដែរ។ ក្រុមហ៊ុន MAP មានគម្រោងដាក់អោយប្រើប្រាស់ឧបករណ៍នេះដំបូងនៅអគារ Life​ ​Science នៅក្នុងទីក្រុងបូស្តុន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។