បុគ្គល ៨ រូប ដែលធ្លាប់ធ្វើជាអ្នកជំនួញ និងអ្នកនយោបាយដ៏អស្ចារ្យ

3230

ការប្រជែងដណ្ដើមភាពមានបានគឺជាករណីមួយដែលមិនមែនកើតមានឡើងចំពោះសហរដ្ឋអាមេរិកតែមួយនោះទេ។ ផ្ទុយទៅវិញ វាមានការរីកដុះគ្រប់ទីកន្លែងជុំវិញពិភពលោក។ កន្លងមកគេតែងសង្កេតឃើញថា អ្នកនយោបាយមិនមែនចេះតែធ្វើកិច្ចការដែលពាក់ព័ន្ធនឹងនយោបាយមួយមុខនោះទេ។ ចំណែកឯអ្នករកស៊ីវិញ ក៏មិនមែនចេះតែជំនួញមួយមុខដែរ។ ជាក់ស្តែង វិស័យទាំងពីរនេះកំពុងត្រូវបានប្រើប្រាស់ឱ្យដើរទន្ទឹមគ្នា ហើយបើក្រឡេកមកមើលការដឹកនាំក្នុងពេលបច្ចុប្បន្ន និងឃើញថាមេដឹកនាំពិភពលោកមួយចំនួនកំពុងធ្វើនយោបាយជាមួយនឹងយុទ្ធសាស្ត្រជំនួញឧទាហរណ៍ដូចជាលោក ដូណាល ត្រាំ មេដឹកនាំរបស់សហរដ្ឋអាមេរិកជាដើម។

ឥឡូវនេះសូមងាកមកចាប់អារម្មណ៍ថាតើ មេដឹកនាំណាខ្លះដែលកំពុង និងធ្លាប់ធ្វើនយោបាយគួបផ្សំនិងយុទ្ធសាស្ត្រជំនួញ៖

. Vijay Mallya

លោក Vijay Mallya មានខ្សែជីវិតដែលឡើងបានខ្ពស់ស្ទើរកប់ពពកហើយបែរជាធ្លាប់ចុះមកវិញដល់បាតដាន។ Vijay Mallya គឺជាអភិជនមានទ្រព្យស្តុកស្តមមួយរូប និងជាអ្នកជំនួញជនជាតិឥណ្ឌា រកស៊ីផ្នែកអចលណទ្រព្យ ស្រា ផ្នែកអាកាសចរណ៍ និងមានតំណែងជាប្រធានក្រុមហ៊ុន UB Group។ លើសពីនេះ Vijay ក៏ជាម្ចាស់ក្រុមហ៊ុនដែលមានស្លាកយីហោដ៏ល្បី Kingefisher ផងដែរ។

ឆ្នាំ ២០០២ លោក Vijay Mallya បានក្លាយជាសមាជិកសភាជាន់ខ្ពស់របស់ប្រទេសឥណ្ឌា។ ក្រោយមក លោកបានចូលរួមក្នុងបក្សនយោបាយ Janata Party ប៉ុន្តែចូលមិនទាន់បានយូរប៉ុន្មានផង លោកក៏ត្រូវបានគេបណ្ដេញមកវិញ បន្ទាប់ពីលោកត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ និងការលាងលុយកខ្វក់។

សព្វថ្ងៃ កេរ្តិ៍ឈ្មោះរបស់ Mallya ត្រូវបានគេស្គាល់ច្បាស់តាមរយៈអំពើស្មោគរោគ និងបញ្ហាមួយចំនួនដែលត្រូវបានគេចោទប្រកាន់មកលើគាត់។ ម្យ៉ាងវិញទៀត Vijay ក៏ត្រូវបានគេចាត់ទុកថាជាជនបរាជ័យលេចធ្លោមួយរូបនៅក្នុងប្រទេសឥណ្ឌាដែលបានខាតបង់ទាំងក្នុងរបររកស៊ី និងនយោបាយ។

. Donald J. Trump

Donald John Trump បានចាប់កំណើត និងរីកធំធាត់នៅទីក្រុងញូយ៉កចាប់តាំងពីឆ្នាំ ១៩៥៥ មកម្ល៉េះ។ មេដឹកនាំប្រទេសមហាអំណាចពិភពលោក-សហរដ្ឋអាមេរិក រូបនេះត្រូវបានគេស្គាល់យ៉ាងសុះសាយថា មានអតីតភាពជាតួសម្តែង និងជាអ្នកជំនួញដ៏អស្ចារ្យ មុនពេលដែលលោកបានក្លាយជាប្រធានាធិបតីទី ៤៥ របស់ស.រ.អា កាលពីឆ្នាំ ២០១៦។ ជាងនេះទៅទៀត Trump ក៏ជាម្ចាស់ក្រុមហ៊ុនជាច្រើនដែលរួមមានទាំងក្នុងវិស័យអចលនទ្រព្យ ធនាគារ កាស៊ីណូ និងវិស័យវិនិយោគផ្សេងៗទៀត។ ល។

បច្ចុប្បន្ន លោក ត្រាំ មានទ្រព្យសម្បត្តិសរុប ៣.១ ពាន់លានដុល្លារ និងបានជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីពិភពលោកទី ២៥៩ នេះបើតាមការវាយតម្លៃរបស់ទស្សនាវដ្តី Forbes

. Michael Bloomberg

សារព័ត៌មាននយោបាយ និងពាណិជ្ជកម្មដ៏ល្បីរបស់អាមេរិក Bloomberg.com ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០១ តុលា ១៩៨១ ដោយស្ថាបនិកលោក Michael Bloomberg ផ្ទាល់។ គាត់បានចាប់ផ្តើមចេញរកស៊ីដំបូងជាអ្នកបណ្ដាក់ទុនតាមធនាគារនៅក្នុងទីផ្សារវិនិយោគរបស់កាសែត Wall Street Journal ប៉ុន្តែបន្ទាប់ពីតស៊ូអស់រយៈពេល ១៥ ក្នុងមុខជំនួញបែបនេះ Michael Bloomberg ក៏ត្រូវរងនឹងបរាជ័យ។

ជំនួសឱ្យក្តីខកបំណង និងការខាតបង់ក្នុងវិស័យវិនិយោគ Michael Bloomberg ចុងក្រោយបានសម្រេចចិត្តបង្កើតក្រុមហ៊ុនដោយខ្លួនឯងក្នុងបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយឈ្មោះថា Bloomberg LP នៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ ១៩៨១។

ក្រៅពីការរកស៊ី Michael ធ្លាប់បានបម្រើការជាចៅហ្វាយក្រុង New York អស់ ៣ អាណត្ត គិតចាប់ពីថ្ងៃទី ០១ ខែ មករា ២០០២ ដល់ថ្ងៃទី ៣១ ខែ ធ្នូរ ២០១៣។

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា លោក Michael Bloomberg អាចនឹងហក់ចូលក្នុងឆាកនយោបាយសារជាថ្មីដោយធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងបក្សប្រជាធិបតេយ្យនៅឆ្នាំ ២០២០ ខាងមុខនេះផងដែរ។

៤. Silvio Berlusconi

Silvio គឺជាអ្នកនយោបាយ និងជាអ្នកជំនួញដ៏មានឥទ្ធិពលមួយរូបដែលកាន់កាប់សារជីវកម្មប្រមាណជាង ១៥០ នៅក្នុងដៃ។ លោកបានកើតនៅថ្ងៃទី ២៩ ខែ កញ្ញ ឆ្នាំ ១៩៣៦។ Silvio ធ្លាប់ធ្វើជាម្ចាស់ក្លឹបបាល់ទាត់ដ៏ល្បី A.C Milan ពីឆ្នាំ ១៩៨៦ ដល់ ២០១៧។

មិនត្រឹមតែប៉ុណ្ណេះ Silvio Berlusconi ក៏ជាមេដឹកនាំបក្សនយោបាយរបស់អ៊ីតាលី Forza Italia និងធ្លាប់គ្រងតំណែងជានាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលីបីលើក ដោយលើកដំបូងគឺនៅឆ្នាំ ១៩៩៤ លើកទីពីរចាប់ពី ២០០១ ដល់ ២០០៦ និងលើកទីបីពីឆ្នាំ ២០០៨ ដល់ ២០១១ នេះបើតាមសារព័ត៌មាន CNN

Silvio Berlusconi ធ្លាប់រងការចោទប្រកាន់ជាច្រើនលើបញ្ហាស៊ីសំណូក និងសកម្មភាពពុរលួយលើការបង់ពន្ធចូលរដ្ឋ ហើយជាពិសេសលោកក៏ធ្លាប់ត្រូវបានគេតាមស៊ើបអង្កេតរឿងរួមភេទជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុទៀតផង។

បច្ចុប្បន្ន Silvio Berlusconi មានឈ្មោះជាមហាសេដ្ឋីពិភពលោកទី ១៩០ ជាមួយនិងទ្រព្យសម្បត្តិសរុប ៦.៤ លានដុល្លារអាមេរិក។

. Saad Eddine Rafic Al Hariri

Saad Eddine Rafic Al Hariri គឺជាអ្នកជំនួញ និងជាកូនប្រុសនាយករដ្ឋមន្ត្រី Rafi Hariri របស់ប្រទេស Lebanon ដែលត្រូវបានគេលបធ្វើឃាតក្នុងឆ្នាំ ២០១៥។

ក្រៅតែពីធ្វើជា CEO របស់ Saudi Oger Ltd ក្រុមហ៊ុនផ្តល់ការសាងសង់ធំបំផុតនៅ Saudi Arabia លោក Al Hariri ក៏ធ្លាប់ឡើងធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេស Lebanon ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១១ ផងដែរ។

យោងតាមទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិសរុបរបស់ Saad Eddine Rafic Al Hariri មានតម្លៃជាទឹកប្រាក់ចំនួន ១.៦ ពាន់លានដុល្លារ និងជាមហាសេដ្ឋីពិភពលោកទី ៧៦៤។

៦. Arnold Schwarzenegger

Arnold Schwarzenegger គឺជាអ្នកហាត់កាយវប្បកម្ម និងជាតួសម្ដែងដ៏ឆ្នើមក្នុងវិស័យភាពយន្ត ហើយនៅពេលដែលគាត់មានវ័យ ២០ ឆ្នាំ គាត់ត្រូវបានគេដាក់រហ័សនាមថា Mr Universe ដែលសម្គាល់ថាជាបុរសដ៏ពូកែម្នាក់ក្នុងលោក។

Arnold បានកើតនៅថ្ងៃទី ៣០ ខែ កក្កដា ១៩៤៧ មានសញ្ជាតិពីរ អូទ្រីស-អាមេរិកាំង។ តារាសម្តែងភាពយន្តបាញ់ប្រហារមួយនេះក៏ត្រូវបានស្គាល់ថាជាអ្នកជំនួញ និងជាវិនិយោគិនផ្នែកអចលនទ្រព្យដ៏ពូកែផងដែរ។

Arnold Schwarzenegger ធ្លាប់ឡើងធ្វើជាអភិបាលរដ្ឋកាលីហ្វ័រញ៉ាបានពីរអាណត្តជាប់គ្នាគឺពីឆ្នាំ ២០០៣ ដល់ ២០១១ ហើយវាក៏រាប់ថាជាជោគជ័យដ៏ត្រចះត្រចង់មួយក្នុងវិស័យនយោបាយសម្រាប់លោក។

. Warren G. Harding

Warren Gamaliel Harding គឺជាប្រធានាធិបតីទី ២៩ របស់សហរដ្ឋអាមេរិក ដែលកាន់តំណែងពីឆ្នាំ ១៩២១ រហូតដល់ថ្ងៃដែលលោកត្រូវបានគេធ្វើឃាតក្នុងទីក្រុង San francisco ឆ្នាំ ១៩២៣ ស្របពេលដែលពិភពលោកកំពុងប្រឈមនិងភាពវឹកវរខ្លាំងទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចដោយសារវិបត្តិរបស់សង្គ្រាមលោកលើកទី ១ ដែលទើបតែនិងបញ្ចប់ទៅ។

ចុងទសវត្សទី ១៣ មុនពេលបោះជំហ៊ានចូលក្នុងឆាកនយោបាយពេញទំហឹង Harding ធ្លាប់ទទួលបានជោគជ័យក្នុងនាមជាអ្នកបោះពុម្ភកាសែតក្នុងទីក្រុងតូចមួយនៃរដ្ឋ Ohio សហរដ្ឋអាមេរិក។

៨. Carly Fiorina

អ្នកស្រី Carly Fiorina រាប់ថាជាស្ត្រីដ៏មានឥទ្ធិពលជាងគេបំផុតមួយរូបក្នុងទ្វីបអាមេរិក។ ភាពខ្លាំងក្លារបស់ Carly បានចាប់ផ្តើមរីកធំឡើងនៅពេលដែលអ្នកស្រីបានគ្រងតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិច Hewlett Packard (HP) ក្នុងឆ្នាំ ១៩៩៩ ប៉ុន្តែដោយសារតែការមិនចុះសម្រុងគ្នានៅក្នុងក្រុមហ៊ុន អ្នកស្រីត្រូវបានគេបង្ខំឱ្យដើរចេញពីតំណែងនៅឆ្នាំ ២០១៥។

អ្នកស្រី Carly ធ្លាប់ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់អតីតរដ្ឋសភាសហរដ្ឋអាមេរិក លោក John McCain ខណៈពេលដែលោក McCain កំពុងធ្វើយុទ្ធនាការក្នុងការរកសំលេងឆ្នោតដើម្បីឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ ២០០០។

ក្នុងឆ្នាំ ២០១៥ អ្នកស្រី Carly Fiorina បានប្រកាសខ្លួនជាបេក្ខភាពក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស.រ.អា ប៉ុន្តែនៅឆ្នាំ ២០១៦ បានព្យួរបេក្ខភាពនេះចោលវិញ៕

ប្រភព៖ entrepreneur

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕