វិធីសាស្ត្រក្នុងការជួយអោយបុគ្គលិកធ្វើការប្រកបដោយប្រសិទ្ធិភាព

4053

១.យល់ដឹងពីបុគ្គលិក៖ បុគ្គលិកម្នាក់សុទ្ធតែផ្សេងគ្នាហើយមានជំនាញនិងចំណង់ចំណូលចិត្តផ្សេងគ្នា​ ដូចនេះហើយពេលគេចូលធ្វើការដំបូងយើងត្រូវរៀនយល់ដឹងពីគោលការណ៍ក្នុងជីវិតរបស់ពួកគាត់ ចំណង់ចំណូលចិត្តក៏ដូចជាសមត្ថភាពផ្សេងៗដែលគាត់មាន។​ ពេលដែលម្ចាស់អាជីវកម្មយកចិត្តទុកដាក់ចង់ដឹងពីបុគ្គលិកខ្លួនម្នាក់ នោះធ្វើអោយបុគ្គលិកគិតថាថៅកែខ្លួនពិតជាអោយតម្លៃនិងយល់ដឹងពីបុគ្គលិកខ្លួន​ ក្រៅពីនេះក៏ជួយសម្រួលក្នុងការចាត់ចែងការងារដែលសាកសមនឹងបុគ្គលិកម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន ហើយពួកគាត់ក៏នឹងមានការជំរុញទឹកចិត្តក្នុងការងារទៀតផង។

២.អភិវឌ្ឍបុគ្គលិក៖ អ្នកអាចជួយធ្វើអោយបុគ្គលិករបស់ខ្លួនកាន់តែមានផលិតភាពការងារខ្ពស់តាមរយៈការបណ្ដុះបណ្ដាលជំនាញថ្មីដោយអ្នកអាចបង្រៀនពួកគាត់ដោយផ្ទាល់ឬចុះឈ្មោះអោយគាត់រៀនតាមថ្នាក់បង្ហាត់ជំនាញខ្លីៗជាដើម។​ បើមិនដូច្នោះទេ អ្នកអោយគាត់មានទំនួលខុសត្រូវខ្ពស់ជាងមុនក្នុងអាជីវកម្មរបស់អ្នកដោយអោយគាត់កាន់តួនាទីធំជាងមុន តែអ្នកក៏ត្រូវនៅជាប់នឹងគាត់ដើម្បីបង្រៀននិងមើលការខុសត្រូវពេលគាត់មិនទាន់ស្ទាត់។

៣.ការទំនាក់ទំនងត្រូវតែច្បាស់និងញឹកញាប់៖ ប្រាប់ទៅកាន់ពួកគាត់អោយបានច្បាស់ថាអ្នកចង់បានអ្វីពីពួកគាត់ ហើយបើធ្វើបានកាន់តែញឹកញាប់គឺកាន់តែល្អដើម្បីរំលឹកមិនអោយនរណាម្នាក់ភ្លេចពីគោលដៅរបស់ក្រុមហ៊ុនឡើយ​។ នៅពេលមានបញ្ហានៅក្នុងការរកស៊ីអ្នកគួរតែប្រាប់ទៅដល់ពួកគាត់ដើម្បីអោយមានការកែប្រែអោយប្រសើរជាងមុន ផ្ទុយទៅវិញបើមានរឿងល្អក៏ត្រូវប្រាប់ដែរព្រោះនេះប្រៀបដូចជាការសរសើរថាពួកគាត់ធ្វើការបានល្អ។ ជាទូទៅបញ្ហានៅក្នុងការរស់នៅរបស់មនុស្សកើតឡើងដោយសារការទំនាក់ទំនងគ្នាមិនល្អ ដូចនេះការទំនាក់ទំនងនេះមិនមែនតែពីខាងថៅកែទៅបុគ្គលិកទេ គឺវាទៅវិញទៅមកដោយអ្នកជំរុញអោយគាត់ប្រាប់ពីបញ្ហា ការយល់ឃើញ ឬគំនិតថ្មីដែលអាចជួយដល់អាជីវកម្មបាន។

៤.ទទួលស្គាល់ការងារល្អ៖ បុគ្គលិកសប្បាយចិត្តនៅពេលខ្លួនធ្វើបានល្អហើយថៅកែខ្លួនសរសើរនិងលើកទឹកចិត្តដោយវិធីផ្សេងៗ។ ម្ចាស់អាជីវកម្មខ្លះបើបុគ្គលិកធ្វើការបានល្អគឺគាត់ធ្វើមិនដឹងតែបើខុសតែបន្ដិចបន្ដួចគឺបុគ្គលិកនោះត្រៀមខ្លួនអោយហើយទៅ។ ការចាំតែចាប់កំហុសរបស់បុគ្គលិកគឺជារឿងមួយដែលយើងមិនគួរធ្វើជាដាច់ខាតព្រោះវាធ្វើអោយពួកគេគំុគួនហើយអាចនឹងធ្វើអ្វីដែលនាំអោយមានផលប៉ះពាល់ខ្លាំងដល់យើង។

៥.ស្ដាប់៖ ការចេះស្ដាប់អ្នកដទៃអោយបានល្អគឺជាជំនាញមួយដ៏សំខាន់។ ពេលយើងស្ដាប់ពីគំនិតរបស់បុគ្គលិកនោះធ្វើអោយគាត់គិតថាយើងផ្ដល់តម្លៃអោយមិនមែនធ្វើអ្វីតាមតែចិត្តព្រោះអាងថាខ្លួនគ្រប់គ្រងគេទេ។ ហើយបើមានបញ្ហារវាងបុគ្គលិកនិងបុគ្គលិក ការស្ដាប់ពីភាគីទាំងសងខាងនេះហើយទើបអាចដោះស្រាយបញ្ហានោះដោយមិនលំអៀង។

៦.ផ្ដល់អោយបុគ្គលិកនូវអ្វីដែលគាត់ត្រូវការ៖ មិនថាវាជាឧបករណ៍ប្រើប្រាស់ ថវិកា ឬយោបល់ពីអ្នកនោះទេ បើអាចគឺត្រូវតែផ្ដល់អោយដល់បុគ្គលិកខ្លួន តែក៏ត្រូវមើលថាវាពិតជាជួយដល់ការងាររបស់គាត់មែនដែរឬទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។