ក្រុមហ៊ុននៅអង់គ្លេសចង់បំពាក់ម៉ៃក្រូឈីបនៅក្នុងស្បែករបស់បុគ្គលិក

3142

ក្រុមហ៊ុនខ្លះនៅចក្រភពអង់គ្លេសមានគម្រោងបំពាក់ម៉ៃក្រូឈីបនៅក្នុងខ្លួនរបស់បុគ្គលិកខ្លួនដោយវាមានតួនាទីដូចជាកាតអេឡិចត្រូនិចសម្រាប់សម្គាល់អត្តសញ្ញាណម្នាក់ៗអញ្ចឹង។ ក្រុមហ៊ុនដែលផ្គត់ផ្គង់ម៉ៃក្រូឈីបទាំងនេះឈ្មោះថា Biohax របស់ប្រទេសស៊ុយអែតដែលពេលនេះកំពុងតែពិភាក្សាជាមួយនឹងក្រុមហ៊ុនធំៗនៅចក្រភពអង់គ្លេសមួយចំនួនទាក់ទងនឹងការនាំយកបច្ចេកវិទ្យានេះមកដាក់អោយប្រើប្រាស់។

គុណសម្បត្តិចម្បងនៃម៉ៃក្រូឈីបទាំងនេះគឺវាផ្ដល់ភាពងាយស្រួលដល់បុគ្គលិកដោយពួកគេអាចប្រើវាដើម្បីចូលទៅក្នុងកន្លែងធ្វើការ សម្រាប់បង់ថ្លៃអាហារ ព្រីនឯកសារជាដើម។​ ចំពោះបុគ្គលិកវិញមានអ្នកខ្លះយល់ស្របទៅនឹងការប្រើប្រាស់ម៉ៃក្រូឈីបនេះ​ ប៉ុន្ដែក៏មានខ្លះវិញទៀតជំទាស់នឹងការដាក់វាចូលទៅក្នុងស្បែកដោយពួកគេយល់ថាវាគឺជាការបំពានសិទ្ធឯកជនមួយ។ ខាងសារពត៌មាន Telegraph បានអោយដឹងថាទោះបីជាមានក្រុមហ៊ុនជាច្រើនចង់ប្រើប្រាស់ម៉ៃក្រូឈីបនេះ តែខាងក្រុមហ៊ុនក៏អោយសិទ្ធទៅបុគ្គលិកក្នុងការសម្រេចចិត្តថាចង់ប្រើឬមិនចង់ប្រើ។ Biohax មិនបានបង្ហាញឈ្មោះរបស់ក្រុមហ៊ុនដែលនឹងប្រើប្រាស់ម៉ៃក្រូឈីបនេះទេ ដោយគ្រាន់តែបង្ហើបថាមានក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុដ៏ធំមួយនឹងប្រើប្រាស់វា។ ម៉ៃក្រូឈីបនេះស្រដៀងទៅនឹងម៉ៃក្រូឈីបដែលគេប្រើប្រាស់នៅក្នុងសត្វចិញ្ចឹមមួយចំនួន ហើយដើម្បីបញ្ចូលវាទៅក្នុងស្បែកគឺត្រូវការពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ នៅពេលបញ្ចូលទៅក្នុងដៃហើយ អ្នកប្រើម៉ៃក្រូឈីបនេះអាចប្រើវាជំនួសកាតសម្គាល់អត្តសញ្ញាណបានដោយគ្រាន់តែដាក់ដៃនៅជិតម៉ាស៊ីនស្គែនជាការស្រេច។

សហជីពការងារនៅចក្រភពអង់គ្លេសបានជំទាស់នឹងការប្រើប្រាស់បច្ចេកវិទ្យានេះដោយពួកគេយល់ថាក្រុមហ៊ុនធ្វើបែបនេះដើម្បីគ្រប់គ្រងបុគ្គលិករបស់ខ្លួនអោយបានតឹងតែងជាងមុនហើយថែមទាំងឈ្លានពានទៅលើសិទ្ធឯកជនរបស់ពួកគេទៀតផង។ លោក Jowan Österlund ដែលជាងម្ចាស់ក្រុមហ៊ុន Biohax បាននិយាយថាបុគ្គលិកមិនគួរព្រួយបារម្មណពីម៉ៃក្រូឈីបនេះទេ គាត់បន្ដទៀតថាប្រសិនបើរដ្ឋាភិបាលអោយអ្នកប្រើប្រាស់វាទើបអ្នកគួរមានមន្ទិលសង្ស័យ តែនេះគឺជាក្រុមហ៊ុនឯកជនហើយយើងបង្កើតវាឡើងដើម្បីមនុស្សទាំងអស់គ្នា។

អ្នកជំនាញបានបង្ហាញក្ដីបារម្មណ៍ថាប្រសិនបើក្រុមហ៊ុនប្រើម៉ៃក្រូឈីបនេះវាប្រៀបដូចជាការចង់គ្រប់គ្រងបុគ្គលិកអោយបានតឹងរឹងពេក និងបង្ហាញពីការមិនទុកចិត្តទៅលើបុគ្គលិកខ្លួន។​ ក្រៅពីនេះបច្ចេកវិទ្យានេះប្រឈមនឹងការហេកដែលអាចធ្វើអោយលេចធ្លាយនូវទីតាំងរបស់បុគ្គលិកម្នាក់ៗ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។