ឆ្នាំ២០១៨ ជាឆ្នាំដុនដាបរបស់ Facebook តើអនាគតវាទៅជាយ៉ាងណាក្នុងឆ្នាំ២០១៩ខាងមុខ?

2993

ឆ្នាំ ២០១៨ នេះ គឺជាឆ្នាំដ៏អាក្រក់បំផុតរបស់ក្រុមហ៊ុន Facebook ហើយក៏ជាឆ្នាំដ៏ស្មុកស្មាញបំផុតសម្រាប់មេក្រុមហ៊ុន Facebook លោក Mark Zuckerberg ផងដែរ។ ថ្ងៃនេះ apamat.com នឹងធ្វើការវិភាគពីអនាគតនៃការវិវត្តន៍របស់ Facebook សម្រាប់ឆ្នាំ ២០១៩ ខាងមុខ ដោយយើងនឹងដកស្រង់ការវិភាគរបស់លោក លី បាឡាត់ដែលជាជំនួយការហិរញ្ញវត្ថុនៅ Apamat Team និងជាអ្នកសរសេរអត្ថបទផ្នែកហិរញ្ញវត្ថុ និងវិនិយោគម្នាក់នៅគេហទំព័រមួយនេះផងដែរ។

តម្លៃភាគហ៊ុនរបស់ Facebook បានធ្លាក់ចុះបន្តបន្ទាប់ពេញមួយឆ្នាំ ២០១៨ នេះ ដោយគិតត្រឹមពេលនេះវាមានតម្លៃ ១៤០ ក្នុងមួយភាគហ៊ុន ជាតម្លៃទាបបំផុតរាប់ចាប់ពីដើមឆ្នាំមក ខណៈចុងឆ្នាំ ២០១៧ វាមានតម្លៃដល់ទៅជាង ២០០ដុល្លារឯណោះ ក្នុងមួយភាគហ៊ុន។ លោក បាឡាត់ បាននិយាយថា តម្លៃភាគហ៊ុនរបស់ Facebook បានធ្លាក់ចុះជាបន្តបន្ទាប់ដោយសារធ្លាយរឿងអាស្រូវនៃការលក់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឲ្យក្រុមហ៊ុនផ្សេងហើយរឿងដែលកំពុងក្តៅនាពេលនេះគឺ Facebook រងការចោទប្រកាន់ពីរដ្ឋាភិបាលធំៗនៅពិភពលោកថា បណ្តាញសង្គមយក្សមួយនេះជាប្រភពនៃការចែកចាយព័ត៌មានមិនពិត ជាពិសេសការបង្ហោះវាយប្រហាររដ្ឋាភិបាលនៅអំឡុងពេលឃោសនាបោះឆ្នោត។

ប្រភពចំណូលធំរបស់ Facebook គឺបានពីសេវាផ្សាយពាណិជ្ជកម្ម។ លោក បាឡាត់បានបន្តថា “ Facebook ប្រើយុទ្ធសាស្ត្របង្កើនចំណូលដូច Youtube ដោយអនុញ្ញាតិឲ្យមនុស្សរកចំណូលបានតាមរយៈការបង្កើតមាតិកា ដែលត្រូវបានគេហៅថា Instant Article និងព្យាយាមដាក់ផ្សាយពាណិជ្ជកម្មនៅលើ Video ដែលធ្វើឲ្យអ្នកប្រើកាន់តែធុញទ្រាន់។

ស្ថានភាពរបស់ Facebook ពេលនេះគឺពិបាក ទាំងរងសម្ពាធពីបន្តឹងនានានៅតុលាការ និងការប្រកួតប្រជែងទីផ្សារដ៏ក្តៅ។ កម្មវិធីចែករំលែកវីឌីអូរបស់ចិន ឈ្មោះ TicTok បានស្រូបយកពេលវេលានៃអ្នកប្រើប្រាស់ជាយុវ័យអស់ជាច្រើនពី Facebook ខណៈ Facebook មិនបានបង្កើតអ្វីថ្មីគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកប្រើនៅឡើយនោះទេ។លោក បាឡាត់បាននិយាយដូច្នេះ។

ទាក់ទិននឹងអនាគតរបស់ Facebook ថាក្រុមហ៊ុននេះនឹងងើបចេញពីភាពដុនដាបសម្រាប់ឆ្នាំថ្មី ២០១៩ ខាងមុខដោយរបៀបណា លោកបាឡាត់បានថ្លែងដូច្នេះទោះបីជា Facebook ជួបបញ្ហាច្រើនក៏ដោយ ប៉ុន្តែខ្ញុំជឿថាលោកZuckerberg នឹងមិនអាចអង្គុយកៅអីប្រធានក្រុមប្រឹក្សាភិបាលផង និងនាយកប្រតិបត្តិផងបានទៀតទេ បើគាត់មិនមានដំណោះស្រាយបានលឿនទេនោះ។ ដូច្នេះ គាត់ប្រាកដជាខិតខំយ៉ាងខ្លាំងដើម្បីបញ្ចៀសបញ្ហាទាំងនេះ ហើយនៅឆ្នាំ២០១៩ខាងមុខ តម្លៃភាគហ៊ុន Facebook នឹងកើនឡើងវិញ

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។