ដើម្បីជួយដល់និស្សិតដែលកំពុងខ្វះខាត លោក Michael Bloomberg បានបរិចា្ចគប្រាក់ ១.៨ ពាន់លានដុល្លារ

2937

បូរីបាល់ទីម័រ-យោងតាមសារពត៌មាន Bloomberg កាលពីថ្ងៃអាទិត្យ ទី ១៨ ខែ វិច្ឆិកា ម្សិលមិញនេះបានចុះផ្សាយថា ស្ថាបនិករបស់ខ្លួនលោក Michael Bloomberg បានធ្វើវិភាគទានទៅដល់សកលវិទ្យាល័យ Johns Hopkins ក្នុងទំហំទឹកប្រាក់ ១.៨ ពាន់លានដុល្លារដើម្បីជាជំនួយហិរញ្ញវត្ថុបន្ថែមដល់និស្សិតដែលមានប្រាក់ចំណូលទាប និងមធ្យម។

សកលវិទ្យាល័យ Johns Hopkins បានលើកឡើងថា ការបរិច្ចាគដ៏មហាសាលនេះនឹងជួយសម្រួលដល់សកលវិទ្យាល័យដើម្បីកាត់កម្ចីរបស់និស្សិតក្នុងកញ្ចប់ថវិកាជំនួយហិរញ្ញវត្ថុដែលនឹងចាប់ផ្តើមនៅរដូវក្តៅខាងមុខ ហើយសកលវិទ្យាល័យនៅបូរីបាល់ទីម័រនេះនឹងធ្វើការផ្ដល់អាហាររូបករណ៍ដល់សិស្សនិស្សិតដោយមិនតម្រូវឱ្យសងមកវិញឡើយ។

នាយកសាលា Johns Hopkins លោក Ronald Daniels បានមានប្រសាសន៍ថា ការបរិច្ចាគរបស់អតីតចៅហ្វាយក្រុង New York ក៏នឹងអនុញ្ញាតឱ្យស្ថាប័នអប់រំក្រៅរដ្ឋាភិបាលមួយនេះបន្តនៅជំហរជាអចិន្ត្រៃយ៍ក្នុងការប្តេជ្ញាចំពោះគោលការណ៍នៃការទទួលស្គាល់និស្សិតដែលមានពន្ទុខ្ពស់បំផុតដោយមិនគិតពីសមត្ថភាពរបស់ពួកគេក្នុងការបង់ថ្លៃសិក្សា។

គួរបញ្ជាក់ផងដែរថា សកលវិទ្យាល័យ Johns Hopkins គឺជាសកលវិទ្យាល័យឯកជនមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៧៦ នៅបូរីបាល់ទីម័រ រដ្ឋ ម៉ារីឡែន ក្នុងទឹកដីនៃសហរដ្ឋអាមេរិក ក្រោមការឧបថម្ភទាំងស្រុងពីអ្នកជំនួញ និងជាសប្បុរសជនជនជាតិអាមេរិក លោក Johns Hopkins ដែលបានបាត់បង់ជីវិតនៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៨៧៣៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕