ឧស្សាហកម្មប្រេងនិងហ្គាសនៅទូទាំងពិភពលោកបានខាតបង់ប្រាក់អស់ប្រហែល១ទ្រីលានដុល្លាដោយសារតែតម្លៃប្រេងបន្ដធ្លាក់ថ្លៃក្នុងរយៈពេលប្រមាណ៤០ថ្ងៃចុងក្រោយនេះ។ ក្នុង៤០ថ្ងៃនោះប្រេងបន្ដធ្លាក់ថ្លៃចំនួន១២ថ្ងៃជាប់ៗគ្នាបូករួមនឹងមួយថ្ងៃដែលធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
តម្លៃប្រេងក្នុងទីផ្សារក្រុងញូវយ៉កបានធ្លាក់ចុះ២៥ភាគរយក្នុងកំឡុងពេលនោះដែលពីមុនមកមានតម្លៃ៧៦ដុល្លាក្នុងមួយបារ៉ែលធ្លាក់ទៅ៥៦ដុល្លាក្នុងមួយបារ៉ែល។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនថាមពលដែលមាននៅក្នុង S&P 500 បានធ្លាក់ចុះអស់២៤០ពាន់លានដុល្លាក្នុងកំឡុង៤០ថ្ងៃនេះ ចំណែកឯក្រុមហ៊ុន Exxon Mobil តែឯងវិញខាតអស់ជាង៣៥ពាន់លានដុល្លា។ ក្រុមហ៊ុនស្រាវជ្រាវ Rystad Energy របស់ប្រទេសណរវេប៉ាន់ស្មានថាក្រុមហ៊ុនប្រេងនិងហ្គាសនៅទូទាំងពិភពលោកបានខាតបង់ប្រាក់១ទ្រីលានដុល្លាដែលចំនួននេះស្មើរនឹង១ភាគ៤នៃតម្លៃរបស់ក្រុមហ៊ុនទាំងនោះ។
តម្លៃប្រេងបានកើនឡើងបន្ដិចបើប្រៀបនឹងសប្ដាហ៍មុនមកនៅតម្លៃ៥៧.២០ដុល្លាគឺកើនឡើងចំនួន៥២សេន។ ការធ្លាក់ចុះតម្លៃប្រេងនេះធ្វើអោយប៉ះពាល់ដល់បុគ្គលិកជាច្រើនពាន់នាក់ដែលបំរើការនៅក្នុងវិស័យនេះ ហើយវាក៏ធ្វើអោយមានការកាត់បន្ថយការចំណាយលើផ្ទះ យានយន្ដ ទំនិញនិងសេវាផងដែរ។ បញ្ហាធ្លាក់ថ្លៃប្រេងបានកើតឡើងម្ដងហើយកាលពីឆ្នាំ២០១៤ដោយកាលនោះវាមានតម្លៃ១០០ដុល្លាក្នុងមួយបារ៉ែលបានធ្លាក់មកនៅ២៦ដុល្លាក្នុងមួយបារ៉ែលកាលពីដើមឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៤ប្រេងធ្លាក់ថ្លៃគឺដោយសារតែមានការនាំចូលប្រេងច្រើនពេកទៅក្នុងទីផ្សារអាមេរិច ហើយស្របពេលនោះសមាជិករបស់ OPEC និង ប្រទេសរុស្ស៊ីបានបង្កើនការផលិតប្រេងរបស់ខ្លួនផងដែរ។ អ្នកវិភាគពេលនេះគឺនៅរងចាំមើលការប្រជុំរបស់សមាជិក OPEC ដែលនឹងធ្វើឡើងនៅថ្ងៃទី៦ខែធ្នូ ហើយការប្រជុំនេះក្រុមហ៊ុនប្រេង និងដៃគូររបស់ខ្លួនទំនងពិភាក្សាអំពីការកាត់បន្ថយការផលិតប្រេងដើម្បីបង្កើនតម្លៃប្រេងឡើងវិញ៕
