គោលការណ៏៥យ៉ាង ប្រើសម្រាប់ជួយអ្នកឲ្យរកលុយបានកាន់តែច្រើន

4135

មនុស្សជាច្រើនរអ៊ូរទាំពីបញ្ហាប្រាក់កាក់លុយពិបាករករហូតមានអ្នកខ្លះនិយាយថាអ្នករកបាននៅតែរកបានស្រួលដោយមិនចាំបាច់ប្រឹងប្រែងព្រោះគេដាក់អ្វីត្រូវ រកអ្វីក៏សមប្រកប ណាស់តែឯងចង់ធ្វើអ្វីក៏ពិបាកមិនដែលជោគជ័យដូចគេសោះ។ទាំងនេះមិនមែនជាចម្ងល់ ឬជាអាថ៌កំបាំងដែលពិបាកក្នុងការដឹងនោះទេ ហើយបុគ្គលជោគជ័យទាំងនោះក៏មិនមែនកើតឡើងដោយសារបាតុភូតចម្លែក ភាពចែកដន្យ ឬមួយចេះវេទមន្តអ្វីនោះដែល ប៉ុន្តែទាំងនេះសុទ្ធតែកើតឡើងពីការខិតខំប្រឹងប្រែងក៏ដូចជាតិចនិចមួយចំនួនដូចខាងក្រោម។

១.ផ្តល់ជាអត្តប្រយោជន៏សម្រាប់អ្នកដទៃ

វិធីសាស្ត្រនេះគឺល្អទាំងចំពោះខ្លួនឯង និងអ្នកដទៃ។ ការផ្តល់ជាអត្តប្រយោជន៏សម្រាប់អ្នកដទៃនេះមិនមានមានន័យសម្រេចទៅបានលុះត្រាណាតែអ្នកឧបត្តម្ភរបស់របរ ឬសម្ភារៈអ្វីមួយដល់គេឡើយ  ប៉ុន្តែវាមានលក្ខណៈងាយស្រួលដែលបុគ្គលភាគច្រើនអាចធ្វើទៅបាន ដូចជាការចែករំលែកនូវចំណេះដឹងដែលយើងមាន តាមរយៈការសរសេរជាអត្ថបទអប់រំ ឬជាការបង្កើតវីដេអូរក្នុងការធ្វើអ្វីមួយ ពន្យល់មេរៀនឬដំណោះស្រាយផ្សេងៗ ឬមួយអាចជាអត្ថបទឬវិដេអូកំសាន្តនានាផងដែរ។ ទាំងនេះសុទ្ធតែជាគន្លឹះដែលអ្នកអាចរកប្រាក់បាន ហើយថែមទាំងបង្កើននូវចំណេះដឹងផ្ទាល់ខ្លួនបានទៀតផង។

២.បង្កើតបណ្តាញ

គេតែងនិយាយថាមានមិត្តប្រសើរជាងមានសត្រូវ។ ដូចនេះហើយវាជារឿងមួយសំខាន់ដែលយើងគួរចំណាយពេលវេលាខ្លះដើម្បីស្វែងយល់ពីមជ្ឈដ្ឋានខាងក្រៅ ក៏ដូចជាចូលខ្លួនជាមួយនឹងកម្មវិធីសង្គមអោយបានច្រើនផងដែរ។ មួយវិញទៀតយើងត្រូវចេះរៀនក្តោបក្តាប់ឱកាស រាប់អានមិត្តថ្មីអោយបានច្រើនហើយការរាប់អាននេះមិនសំដៅចំពោះតែការរាប់អានបុគ្គលដែលមានភាពជោគជ័យហើយនោះទេ ព្រោះថាមនុស្សគ្រប់រូបតែងមានលក្ខណៈពិសេសរៀងខ្លួន និងខុសពីគ្នា  ហើយមិនប្រាកដថាគេមិនជោគជ័យនៅថ្ងៃក្រោយនោះទេ។ តួយ៉ាងទោះបីជាគេមិនអាចជួយយើងបានក្នុងថ្ងៃនេះ តែថ្ងៃណាមួយគេប្រហែលជាអាចក៏ថាបាន។​​ ដោយឡែកនៅពេលដែលយើងស្គាល់គេច្រើនកាលណា មានន័យថាយើងកំពុងពង្រីកខ្សែបណ្តាញរបស់យើងកាលនោះផងដែរ ហើយនៅពេលអ្នកចេះបង្កើតបណ្តាញដែលគេហៅបានថាខ្សែរយៈនេះ​​ វាមានន័យថាអ្នកកំពុងតែកាត់បន្ថយភាគរយនៃការលំបាករបស់អ្នកនៅពេលដែលអ្នកចង់ធ្វើអ្វីមួយ។ ម្យ៉ាងវិញទៀតអ្នកក៏អាចប្រើប្រាស់វាជាផ្លូវចាប់យកប្រាក់អោយអ្នកបានផងដែរ។ ឧទាហរណ៏៖ មិត្តម្នាក់របស់អ្នកចង់ទិញដីមួយកន្លែងតែអ្នកមិនមានដីសម្រាប់លក់នោះទេ ក៏ប៉ុន្តែអ្នកស្គាល់មិត្តម្នាក់ទៀតដែលមានដីហើយចង់លក់។

៣.ស្វ័យសិក្សា

ចំណេះ គឺជាទ្រព្យសម្បត្តិមួយដែលចាយមិនចេះអស់។ មិនថាអ្នកមានវ័យចំណាស់ណានោះទេ ចំណេះដឹងប្រៀបដូចជាអាហារបំប៉នដែលមនុស្សគ្រប់រូបមិនគួររំលង។ ជាក់ស្តែងនៅពេលយើងចង់ធ្វើអ្វីមួយក៏ដោយ យើងមិនអាចថាចង់ភ្លាមក៏ធ្វើភ្លាមនោះទេ ព្រោះវាប្រៀបដូចជាការប្រថុយពេក យើងគប្បីត្រូវធ្វើស្វ័យសិក្សាពីវាជាមុនសិន មិនថាក្នុងទម្រង់ជាលក្ខណៈផលិតកម្ម ឬមួយជាការប្រកបវិស័យអាជីវកម្មអ្វីនោះទេ។

៤.សិក្សាពីបុគ្គលជោគជ័យ

នេះគឺជាចំណុចសំខាន់មួយក្នុងចំណោមចំណុចទាំងប្រាំដែលគេហទំព័រ Apamat រៀបរាប់ក្នុងអត្ថបទនេះ។ ផ្លូវដែលអាចទទួលបានជោគជ័យខ្ពស់ហើយប្រឈមនិងគ្រោះថ្នាក់តិចបំផុតនោះគឺ រៀនពីបុគ្គលដែលមានភាពជោគជ័យមុនយើង។ ទោះបីជាបំណង់ប្រាថ្នាយើងអាចនិងមិនដូចជាបុគ្គលទាំងនោះ តែទិសដៅ និងគោលដៅរបស់យើងគឺតែមួយជាមួយនឹងពួកគេ ដោយចង់ទទួលបាននូវភាពជោគជ័យដូចគ្នា។សូមកុំយល់ច្រឡំជាមួយនិងឃ្លាមួយដែលគេនិយាយថាបើធ្វើអ្វីមួយត្រូវធ្វើអោយបានមុនគេ ហើយប្លែកពីគេទើបទទួលបានជោគជ័យ។ វាមិនមែនត្រឹមត្រូវមួយរយភាគរយនោះទេ ជាក់ស្តែងបើយើងមើលទៅលើវិស័យរកស៊ីតាមប្រពន្ធផ្សព្វផ្សាយសង្គម វាមិនមែនជាមធ្យោបាយថ្មីដែលទើបតែមាននោះទេ តែសួរថាតើមានបុគ្គលប៉ុន្មាននាក់ហើយដែលទទួលបានជោគជ័យដោយសារវាសូម្បីបន្តមកដល់សព្វថ្ងៃនេះក៏ដោយ។

៥.សិក្សាពីភាពបរាជ័យ

បរាជ័យ គឺជាមេរៀនដ៏ល្អមួយសម្រាប់នាំយើងឆ្ពោះទៅរកភាពជោគជ័យ។ បរាជ័យមិនមែនជាអ្វីដែលយើងត្រូវខ្លាចនោះទេតែអ្វីដែលយើងត្រូវខ្លាចនោះគឺភាពសោកស្តាយ ស្តាយដែលយើងមិនបានសាកល្បងធ្វើវា ស្តាយដែលយើងរវល់តែខ្លាច ហើយអ្វីដែលរឹតតែមានការសោកស្តាយនោះគឺ អ្នកដទៃធ្វើនូវអ្វីដែលយើងបានត្រឹមតែគិត ហើយគេទទួលបានជោគជ័យនៅចំពោះមុខយើង។ដូចនេះហើយសូមកុំខ្លាចភាពបរាជ័យ ព្រោះវាប្រៀបបានដូចជាគ្រូបង្វឹកដ៏ពូកែម្នាក់ដែលនាំអ្នកទៅរកអ្វីដែលអ្នកចង់បាន។ យ៉ាងណាម៉ិញនៅក្នុងវិស័យអាជីវកម្មក៏មិនខុសគ្នាដែរ នៅពេលអ្នកដួលកាន់តែច្រើនអ្នកនឹងមានភាពរ៉ឹងម៉ាំកាន់តែខ្លាំង ហើយភាពជោគជ័យនឹងកាន់តែនៅជិតអ្នក។ ជាក់ស្តែងលោក​ Jack Ma ដែលជាសហគ្រិនមួយរូបដែលមានភាពជោគជ័យខ្លាំងនៅប្រទេសចិនធ្លាប់មានបទពិសោធន៏បរាជ័យរាប់មិនអស់ទាំងក្នុងវិស័យសិក្សា និងការងារ ប៉ុន្តែដោយការបរាជ័យទាំងនោះទើបក្លាយជាផ្នែកមួយយ៉ាងសំខាន់នាំលោកមកដល់ទីតាំងដែលឈសព្វថ្ងៃ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!