និយមន័យជីវិត ពិតជាពិបាកបរិយាយ ត្បឹតមនុស្សម្នាក់ៗសុទ្ធតែជួបរសជីវិតខុសៗគ្នា ប៉ុន្តែខាងក្រោមនេះគឺជាច្បាប់ទាំង៦សម្រាប់ធ្វើឲ្យជីវិតមនុស្សជាទូទៅរីករាយ។
១. កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
ច្បាស់ណាស់ថាអ្នកក៏ដឹងថាមនុស្សម្នាក់ៗខុសគ្នា ប៉ុន្តែមនុស្សជាច្រើនបែរជាចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយគេទៅវិញ។ យើងម្នាក់ៗគួររស់នៅក្នុងជីវិតខ្លួនឯង សប្បាយចិត្តនឹងអ្វីដែលខ្លួនមាន និងរីករាយក្នុងការធ្វើអ្វីដែលខ្លួនយល់ថាសប្បាយចិត្ត មិនប៉ះពាល់អ្នកដទៃ និងសង្គម។ ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ធ្វើឲ្យយើងខាតបង់ពេលវេលាគិតគូពីជីវិតផ្ទាល់ខ្លួនរបស់យើង។
២. ឈប់គិតហួសកម្រិត
រាល់ថ្ងៃ យុវវ័យខ្មែរជាច្រើនកំពុងប្រឈមមុខនឹងជំងឺរោគចិត្ត ដោយសារគិតច្រើនហួសកម្រិត។ ការគិត ស្រមើលស្រមៃច្រើន ហើយវាមិនបានដូចចិត្ត វាធ្វើឲ្យមនុស្សបាក់ទឹកចិត្ត។ ការចំណាយពេលគិតច្រើនពេក ធ្វើឲ្យបាត់បង់ពេលវេលាសម្រាប់ធ្វើ ហើយយូរៗទៅនឹងមានអារម្មណ៍ថាហត់នឹងជីវិត។
៣. គ្រប់គ្រងភាពរីករាយរបស់ខ្លួនឯង
យើងត្រូវចេះគ្រប់គ្រងសេចក្តីសុខរបស់ខ្លួនឯង កុំឲ្យអ្នកដទៃមកបំផ្លាញវាចោល។ គ្មានអ្នកណាខ្វល់ពីសេចក្តីសុខយើងដូចខ្លួនយើង និងឪពុកម្តាយយើងទេ ដូច្នេះយើងត្រូវចេះគ្រប់គ្រង និងការពារសេចក្តីសុខខ្លួនឯង។
៤. កុំឲ្យអតីតកាលមកតាមបំផ្លាញអ្នក
អតីតកាលជារឿងមួយ ប៉ុន្តែអ្វីដែលយើងត្រូវគិតគឺអនាគតរបស់យើង ព្រោះយើងមិនអាចវិលទៅរកអតីតកាលបានឡើយ នៅសល់តែការចងចាំប៉ុណ្ណោះ ប៉ុន្តែអ្នកអាចបំភ្លេចចោលអតីតកាលអាក្រក់បានបាន។ អតីតល្អយកទុក ហើយអតីតអាក្រក់យើងរៀនពីវា ឬបំភ្លេចចោល នោះជីវិតរបស់យើងនឹងរីករាយ។
៥. កុំខ្វល់ពីការគិតរបស់អ្នកដទៃមកលើអ្នកពេក
យើងម្នាក់ៗគួររស់នៅក្នុងនាមជាខ្លួនឯង កុំព្យាយាមផ្លាស់ប្តូរធម្មជាតិរបស់ខ្លួន ព្រោះតែចង់ឲ្យអ្នកដទៃនិយាយល្អពីយើង ទាំងខ្លួនយើងមិនទម្លាប់។ គេនិយាយតាមតែគំនិតនឹកឃើញរបស់គេ មិនប្រាកដថាមនុស្សគ្រប់គ្នាយល់ស្របដូចគេឯណា សូម្បីព្រះនៅតែមានមាជ្រេក។
៦. ញញឹមឲ្យបានច្រើន
គ្រាន់តែញញឹម វាមិនបានធ្វើឲ្យអ្នកខាតបង់នោះទេ។ ស្នាមញញឹម អាចធ្វើឲ្យពិភពលោកស្រស់បំព្រង អាចនាំលាភនាំជ័យមករកអ្នកទៀតផង៕
