រឿង ៤ យ៉ាងដែលអ្នកគួរស្វែងយល់មុនពេលចាប់ផ្តើមអាជីវកម្ម

4912

គ្រប់ពន្លឺទាំងអស់មិនមែនសុទ្ធសឹងជាមាស ហើយគ្រប់ការចាប់ផ្តើមទាំងអស់មិនមែនសុទ្ធតែត្រូវការលុយនោះទេ។ គ្រប់ពេលដែលមនុស្សគ្រប់គ្នាចាប់ផ្តើមអាជីវកម្ម ពួកគេសុទ្ធសឹងតែគិតដល់ប្រាក់ទុន តើប្រាក់ទុនពិតជារឿងសំខាន់បំផុតសម្រាប់ការចាប់ផ្តើមធ្វើអាជីវកម្មដំបូងមែនដែរឬទេ? ជាទូទៅ វាមិនមែនបែបនោះទាំងស្រុងនោះទេ គឺវាមានរឿងរ៉ាវជាច្រើនដែលអ្នកចាប់ផ្តើមអាជីវកម្មដំបូងត្រូវធ្វើជាចាំបាច់ជាជាងការខិតខំស្វែងរកប្រាក់ទុន។ ហើយខាងក្រោមនេះជាចំណុចខ្លះៗ ដែលអ្នកទើបប្រឡូកចូលក្នុងអាជីវកម្មថ្មីថ្មោងត្រូវដឹងមុនពេលដែលចាប់ផ្តើម៖

១. ស្វែងយល់ពីតម្រូវការនៃទីផ្សារ

ប្រឈមនឹងការបង្កើតអាជីវកម្មថ្មី មនុស្សគ្រប់គ្នាតែងតែមានគំនិតផ្ទាល់ខ្លួនសម្រាប់ភាពជោគជ័យនៃអាជីវកម្មរបស់ពួកគេ ហើយពួកគេធ្វើគ្រប់យ៉ាងដើម្បីប្រែក្លាយគំនិតរបស់ពួកគេឲ្យក្លាយទៅជាការពិត ហើយពួកគេតែងតែទាមទារភាពល្អបំផុតសម្រាប់អាជីវកម្មរបស់ពួកគេ។ បើទោះបីជាមានគំនិតល្អៗយ៉ាងណាក៏ដោយ ប្រឈមមុខនឹងការធ្វើទីផ្សារ ពួកគេហាក់បីដូចជាមិនយល់ពីតម្លៃ និងសារៈសំខាន់នៃការធ្វើទីផ្សារប៉ុន្មាននោះទេ។ ក្នុងការធ្វើទីផ្សារ ម្ចាស់អាជីវកម្មគ្រប់រូបគួរស្វែងយល់ពីដៃគូប្រកួតប្រជែង ធ្វើការវិភាគទៅលើដំណើរការ ឬប្រតិបត្តិការណ៍នៃដៃគូប្រកួតប្រជែងរបស់អ្នក ដែលជាហេតុធ្វើឲ្យអាជីវកម្មរបស់អ្នកឈរចេញពីទីផ្សារដែលមានការប្រកួតប្រជែង ហើយធ្វើដំណើរឆ្ពោះទៅរកទីផ្សារថ្មីដែលមិនមានការប្រកួតប្រជែង។ លើសពីនេះទៅទៀត អ្នកត្រូវយកព័ត៌មានដែលអ្នកបានដឹងយកមកធ្វើការវិភាគវែកញែក ហើយដាក់ចេញនូវយុទ្ធសាស្ត្រលក់ឲ្យច្បាស់លាស់ និងមានឥទ្ធិពលដើម្បី ផ្តួលគូប្រជែងរបស់អ្នក។

២. ត្រូវមានការប្តេជ្ញា ឬការតាំងចិត្តដ៏មោះមុត

ក្នុងការធ្វើអាជីវកម្ម ប្រៀបបីដូចជាការដាំដើមឈើអញ្ចឹង គឺត្រូវការចំណាយពេលវេលាច្រើននៅពេលដែលទើបតែដាំ ត្រូវការដាក់ជី ស្វែងយល់ពីប្រភេទដីដែលអាចដាំដុះនូវដើមឈើដែលយើងចង់ដាំ ធ្វើការសិក្សាពីពូជនៃដើមឈើដែលយើងចង់ដាំ ហើយមានពេលខ្លះទៀតក៏មានហានិភ័យដែលបណ្តាលមកពីគ្រោះធម្មជាតិផងដែរ។ ដំណើរការអាជីវកម្មមួយដ៏ល្អ គឺត្រូវការ ការគ្រប់គ្រង ការផ្តោតអារម្មណ៍ និងការខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅដ៏ប្រសើរនៅពេលខាងមុខ បើទោះបីជាមានឧបសគ្គ ឬបញ្ហាច្រើនយ៉ាងណាក៏មានចិត្តមោះមុតក្នុងការធ្វើឲ្យអាជីវកម្មនោះទទួលបានជោគជ័យ។ លើសពីនេះ ម្ចាស់អាជីវកម្មគ្រប់រូបត្រូវមានការកំណត់គោលដៅជាក់លាក់មួយជារៀងរាល់ថ្ងៃ មុនពេលចាប់ផ្តើមអាជីវកម្ម ហើយ​ត្រូវប្រាកដថាអ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅតាមកាលកំណត់ទុក មុនពេលដែលថ្ងៃថ្មីចូលមកដល់។ នៅពេលអ្នកមានអារម្មណ៍ថា អ្នកកំពុងតែដើរចេញពីគោលដៅដែលអ្នកបានកំណត់ទុក ចូរអ្នកធ្វើការសំរាក ហើយប្រមូលអារម្មណ៍សារជាថ្មី ផ្តោតទៅលើគោលដៅនោះដោយខាំជាប់នូវទឹកចិត្តមោះមុតមិនបោះបង់។

៣. ពេលវេលា

បើទោះបីជាពេលខ្លះមានអារម្មណ៍ថា អ្នកមិនមានពេលវេលាគ្រប់គ្រាន់ចំពោះខ្លួនឯង? ហើយពេលខ្លះទៀតមានអារម្មណ៍ថាមានរឿងរ៉ាវជាច្រើនចេះតែកើតឡើងនៅជុំវិញខ្លួន និងពេលខ្លះទៀតមានអារម្មណ៍ថាមិនដឹងថាខ្លួនឯងបានចំណាយពេលវេលាទៅលើរឿងអ្វីខ្លះនោះទេ។ តែអ្វីដែលសំខាន់នោះគឺ អ្នកត្រូវមានការកំណត់ថេរវេលាដ៏ជាក់លាក់ សម្រាប់ធ្វើការបញ្ចប់នូវគោលដៅដែលអ្នកបានគ្រោងទុក។ នៅពេលដែលអ្នកចាប់ផ្តើមរៀបចំពេលវេលាក្នុងការបញ្ចប់គោលដៅរបស់អ្នក អ្នកគួរគិតទៅលើរឿងដែលសំខាន់ និងចាំបាច់សម្រាប់អ្នក នោះអ្នកនឹងអាចចំណាយពេលវេលា ២៤ ម៉ោងដោយមានប្រសិទ្ធភាព។ ជារៀងរាល់ព្រឹកអ្នកគួរតែកំណត់នូវពេលវេលាធ្វើរឿងដែលចាំបាច់ ដែលអ្នកត្រូវធ្វើក្នុងពេលមួយថ្ងៃនេះឲ្យហើយ ហើយបន្តឆន្ទ:ដ៏មោះមុតសម្រាប់សម្រេចគោលដៅនោះឲ្យបាន។

៤. ត្រូវប្រាកដនូវចក្ខុវិស័យរបស់អាជីវកម្មរបស់អ្នក

ជាមួយនឹងការប្រឡូកក្នុងទីផ្សារមួយដែលតូចចង្អៀត រឿងដែលសំខាន់នោះគឺអ្នកត្រូវមានចក្ខុវិស័យសម្រាប់អាជីវកម្មរបស់អ្នក។ ការមានទស្សនវិស័យសម្រាប់អាជីវកម្មរបស់អ្នក គឺជារឿងមួយដ៏មានសារៈសំខាន់ក្នុងការជួយអ្នកឱ្យអ្នកស្វែងយល់ពីអ្វីដែលត្រូវធ្វើ ដើម្បីសម្រេចបានគោលដៅរបស់អ្នក។ វាមិនត្រឹមតែជាការសម្រេចនូវគោលដៅរយ:ពេលខ្លីនោះទេ តែវាអាចជួយឲ្យអ្នកសម្រេចនូវគោលដៅរយ:ពេលវែងផងដែរ។ ចក្ខុវិស័យអាជីវកម្ម ក៏ផ្តល់ឱ្យអ្នកនូវទិសដៅមួយ​ថាតើអ្នកគួរ ឬមិនគួរវិនិយោគសម្រាប់ការរីកធំធាត់នៃអាជីវកម្មរបស់អ្នកដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។