នាយកប្រតិបត្តិ និងសហស្ថាបនិកនៃក្រុមហ៊ុន Facebook លោក Mark Zuckerberg បានសម្រេចក្តីស្រមៃរបស់ខ្លួន ដែលជាក្តីស្រមៃមួយដែលមានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះអាចធ្វើដូចលោកបាននៅលើផែនដីនេះ។ កាលពីគាត់មានអាយុ ១៩ឆ្នាំ គាត់បានបង្កើតគេហទំព័រមួយគឺ “thefacebook.com” នៅក្នុងបន្ទប់ស្នាក់នៅសម្រាប់សិស្សមួយនាសាកលវិទ្យាល័យ Harvard ។ ថ្ងៃនេះគាត់មានអាយុ ៣៤ឆ្នាំ ជាប់ឈ្មោះជាកំពូលមហាសេដ្ឋីលើលោកលេខ ៨ មានទ្រព្យសម្បត្តិសរុប ៦៧.៥ ពាន់លានដុល្លារអាមេរិក។
សហគ្រិនវ័យក្មេងកម្ពុជា អាចរៀនពីអតីតមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោក Mark Zuckerberg ដែលរកលុយបានដោយខ្លួនឯងពីអាជីវកម្មរបស់ខ្លួន ហើយខាងក្រោមនេះគឺជាមេរៀនខ្លះៗដែលយើងអាចរៀនបានពីបុរសអច្ឆៈរយៈម្នាក់នេះ។
១. មានចំណង់ងុបងល់នឹងអ្វីដែលខ្លួនធ្វើ
នៅពេលដែលអ្នកស្រាវជ្រាវអំពីជីវិតរស់នៅរបស់កំពូលអ្នកជំនួញលំដាប់ពិភពលោក អ្នកនឹងចាប់អារម្មណ៍ថាពួកគេមានចំណង់ងុបងល់នឹងអ្វីដែលពួកគេធ្វើ។ ដូចជាម្ចាស់របស់ Facebook ជាដើម គាត់មានមហិច្ចតាធ្វើឲ្យពិភពលោកទំនាក់ទំនងគ្នាបានកាន់តែងាយស្រួលតាមរយៈ Facebook ហើយជារៀងរាល់ថ្ងៃគាត់តែងតែខិតខំសម្រេចមហិច្ចតារបស់គាត់ដោយពោរពេញដោយភាពរីករាយ និងថាមពល។ លោក Donald Trump ធ្លាប់និយាយថា “បើគ្មានចំណង់ អ្នកនឹងគ្មានកម្លាំងធ្វើ ហើយបើគ្មានកម្លាំង អ្នកនឹងមិនអាចសម្រេចអ្វីបានឡើយ”។
២.កំណត់គោលដៅឲ្យខ្ពស់ និងវែងឆ្ងាយ
លោក Mark Zuckerberg គោរពគោលការណ៍មួយគឺ “គិតឲ្យធំ ចាប់ផ្តើមពីតូច”។ ចាប់តាំងពីចាប់ផ្តើមយ៉ាងស្ងៀមស្ងាត់ រហូតដល់ល្បីពេញពិភពលោក លោក Zuckerberg តែងតែកំណត់គោលដៅខ្ពស់ និងវែងឆ្ងាយ។ ទម្រាំគាត់ឆ្លងមកដល់ដំណាក់កាលនេះ គាត់បានបដិសេធគំនិតអវិជ្ជមាន និងកំសាកញីជាច្រើន ដើម្បីបង្កើតភាពជោគជ័យសម្រាប់ខ្លួនលោក និងក្រុមហ៊ុន Facebook ។ មួយវិញទៀត បើលោកមិនមានគោលដៅវែងឆ្ងាយទេ ម្លេះគាត់លក់ក្រុមហ៊ុនចោលតាំងពីពេលចាប់ផ្តើមដំបូង នៅពេលក្រុមហ៊ុនធំៗសុំទិញយកបាត់ទៅហើយ។
៣.កុំធ្វើទាំងមិនទាន់បានត្រៀមខ្លួនរួចរាល់
សហគ្រិនវ័យក្មេង ភាគច្រើនចិត្តក្តៅ នឹកឃើញអ្វីធ្វើភ្លាម ហើយក៏នាំឲ្យពួកគេបរាជ័យភ្លាមៗដែរ។ នេះគឺជាធម្មជាតិរបស់មនុស្ស នៅក្មេង ចាស់ៗតែងនិយាយថាឈាមរាវ ប៉ុន្តែលោក Zuckerberg ត្បិតតែគាត់ចាប់ផ្តើមទាំងវ័យក្មេង តែគាត់មានភាពចាស់ទុំក្នុងការធ្វើជំនួញ។ សហគ្រិនគួររើសយកទីផ្សារដោយប្រុងប្រយ័ត្ន កុំចេះតែឃើញគេបាន ធ្វើតាមគេ។ មានពាក្យមួយឃ្លារបស់ Zuckerberg គឺ “កំហុសធំបំផុតនោះគឺ ការមិនហ៊ានប្រថុយ” ។ ត្រង់ឃ្លានេះមិនមែនមានន័យថា ប្រថុយទាំងងងឹតងងល់នោះទេ ប៉ុន្តែគុណគូបូកដកពីកម្រិតហានិភ័យរួចហើយ ទើបហ៊ានវិនិយោគ។
៤.រើសមនុស្សឲ្យបានត្រូវ
និយាយតាមត្រង់ទៅនៅកម្ពុជាបច្ចុប្បន្ន ពិបាករើសមនុស្សឲ្យបានត្រូវណាស់បើនិយាយពីការចាប់ផ្តើមអាជីវកម្ម ជាពិសេសសម្រាប់សហគ្រិនវ័យក្មេងហ្នឹងតែម្តង។ ព្រោះថាវិស័យ startups នៅកម្ពុជានៅមានកម្រិត ហើយការអប់រំនៅសាលាក៏មិនសូវមានប្រសិទ្ធភាព ដែលនាំឲ្យពិបាករើសដៃគូដែលពូកែសាកសម្យនឹងគ្នា ម្លោះហើយក្រុមសហគ្រិនវ័យក្មេងមួយចំនួនហេតុតែត្រូវការហើយ មិនមានពេលរើសច្រើននោះទេ។
បើនិយាយពីលោក Zuckerberg វិញ គាត់មិនដែលរុញរាក្នុងការបណ្តេញបុគ្គលិកណាម្នាក់របស់គាត់ចេញនោះទេ ដូចដែលអ្នកបានដឹងហើយ សូម្បីតែស្ថាបនិករបស់ Instagram ក៏ត្រូវបានបង្ខំចិត្តលាឈប់ដែរ ហើយមិនមែនមានតែពួកគេទាំងពីរទេ នៅមានស្ថាបនិករបស់ WhatsApp ស្ថានិករបស់ Oculus ដែលសុទ្ធសឹងតែជាអ្នកបង្កើតកម្មវិធីល្បីៗ ហើយលក់ទៅឲ្យ Facebook ក៏ត្រូវលាឈប់ផងដែរដោយសារមិនចុះសម្រុងជាមួយលោក Zuckerberg ។
លោក Zuckerberg ធ្លាប់ទូន្មានវិធីរើសបុគ្គលិកឲ្យបានល្អថា រើសបុគ្គលិកណាដែលអាចបំពេញកង្វះខាតរបស់អ្នកបាន។ អ្នកស្រី Sheryle Sandberg អតីតបុគ្គលិករបស់ Google គឺជាឧទាហរណ៍។ លោក Zuckerberg បានជួលអ្នកស្រី Sandberg មកធ្វើការក្នុងតំណែង COO នៅ Facebook (ប្រធានផ្នែកប្រតិបត្តិការ ធ្វើការក្រោមបញ្ជា CEO)។ កាលដើមឡើយ Facebook រកចំណូលបានតែពីការលក់ទិន្នន័យប៉ុណ្ណោះ ប៉ុន្តែអ្នកស្រី Sandberg គឺជាអ្នកនៅពីក្រោយសេវាផ្សាយពាណិជ្ជកម្មដូចរាល់ថ្ងៃនេះ ហើយបានធ្វើឲ្យ Facebook រកចំណូលបានច្រើនជាងពីពេលមុនរាប់សិបដងឯនោះ។
៥.ផ្តោតលើផលិតផលរបស់អ្នក ហើយធ្វើឲ្យវាកាន់តែល្អ
យោងតាមលោក Zuckerberg គាត់បាននិយាយថា អ្នកមិនគួររំពឹងថាបានលទ្ធផលជោគជ័យ ដោយគ្មានការផលិតផលិតផលឲ្យបានល្អជាងគេនោះទេ។ ទោះបីជាលោក Zuckerberg កាន់តួរនាទីជា CEO ក៏ដោយ ក៏គាត់នៅតែធ្វើការយ៉ាងស្និតជាមួយក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី Facebook ដែរ។ ក្នុងនាមជាសហគ្រិនក្មេងខ្ចី អ្នកគួរផ្តោតលើតើអតិថិជនត្រូវការអ្វី ហើយបន្ទាប់មកធ្វើឲ្យផលិតផលនោះត្រូវតាមអ្វីដែលអតិថិជនចង់បាន។
៦.ពេលវេលា ជាមាសប្រាក់
អត្តចរិតមួយទៀតរបស់លោក Zuckerberg គឺគាត់ផ្តល់តម្លៃខ្លាំងលើពេលវេលាជាងអ្វីៗផ្សេងទៀត។ សម្រាប់គាត់ អាយុគឺគ្រាន់តែជាតួលេខប៉ុណ្ណោះ។ គាត់ចង់បង្កើតសមិទ្ធផលឲ្យកាន់តែធំក្នុងជីវិតរបស់គាត់ ហើយនេះគឺជាមូលហេតុដែលគាត់ផ្តល់តម្លៃលើពេលវេលាខ្លាំង។ គាត់យល់ថា នៅពេលអាយុជីវិតបាត់បង់ គាត់មិនអាចយកវាមកវិញបានទេ ទោះបីជាគាត់ចំណាយលុយប៉ុន្មានពាន់លានដុល្លារក៏ដោយ។
៧.បន្តការរៀន
ទោះបីជាលោក Zuckerberg ត្រូវបានមនុស្សទូទៅហៅគាត់ថាជាមនុស្សបច្ចេកវិទ្យាក៏ដោយ ប៉ុន្តែគាត់នៅតែរៀនអំពីបច្ចេកវិទ្យាថ្មីៗដែលទើបត្រូវបានគេបង្កើតឡើង។ ក្រៅពីនោះ គ្រប់ពេលទំនេរ គាត់តែងតែចំណាយពេលអានសៀវភៅ ជាងយកពេលទៅធ្វើរឿងឥតប្រយោជន៍៕
