ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកស្ទើរក្អួតឈាមត្រឹមរយ:ពេល ៦ សប្តាហ៍ខាត់អស់ ៧២៨ ពាន់លានដុល្លារ

3190

អាមេរិក(Business Insider)៖ វាគឺជាថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់ទីផ្សារហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក។ ក្រោយពេលដែលបានបិទផ្សារហ៊ុនកាលពីថ្ងៃច័ន្ទ ប្រតិបត្តិការលក់របស់ក្រុមហ៊ុនបចេ្ចកវិទ្យាយក្ស FAANG បានធ្លាក់ចុះដល់កម្រិតអាសន្ន។ FAANG គឺជាពាក្យកាត់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិករួមមានក្រុមហ៊ុន Facebook, Apple, Amazon, Netflix, និងក្រុមហ៊ុន Google។ ហើយការធ្លាក់ចុះនេះគឺនៅតែបន្តធ្លាក់ បើទោះបីជាវាបានធ្លាក់អស់ជាច្រើនសប្តាហ៍មកហើយក៏ដោយ។ នេះបើយោងតាមតួលេខដែលបានចុះផ្សាយតាមគេហទំព័រ Macrotrends បានឲ្យដឹងថា នៅថ្ងៃទី៣ ខែតុលា តម្លៃហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់ទៅ ២៣២ ដុល្លារក្នុងមួយហ៊ុន ហើយវាបានធ្វើឲ្យតម្លៃទ្រព្យសកម្មរបស់ក្រុមហ៊ុនកើនឡើងដល់ទៅ ១.១៦ សែនកោដិ ប៉ុន្តែមិនយូរប៉ុន្មានក្រោយមកតម្លៃហ៊ុនបាន ធ្លាក់ចុះវិញ។

បណ្តុំក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗរបស់អាមេរិក ដែលហៅកាត់ថា FAANG បានធ្វើការគណនានូវការខាតបង់របស់ខ្លួនស្របពេលដែលតម្លៃហ៊ុនបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលសរុបមកគឺមានការខាតបង់ប្រាក់សរុប ៧២៨ ពាន់លានដុល្លារ។ យោងតាមតួលេខរបស់ធនាគារពិភពលោកបានឱ្យដឹងថា GDP របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត មានចំនួន ៦៨៣.៨៣ ពាន់លានដុល្លារ នេះបើធៀបទៅនឹងការខាតបង់របស់ក្រុមហ៊ុនអាមេរិកទាំងនេះគឺវានៅមានចំនួនតិចតួច។ ក្នុងអំឡុងពេលប្រាំមួយសប្តាហ៍តែប៉ុណ្ណោះ ភាគហ៊ុនរបស់អាមេរិកហាក់បីដូចជាពិបាកក្នុងការលក់ចេញ ហើយតម្លៃហ៊ុនចេះតែបន្តធ្លាក់ចុះ។

តួលេខនៃការធ្លាក់នៃភាគហ៊ុនក្រុមហ៊ុន FAANG មានចំនួន៖

Apple         :  ២៣១.០៦ ពាន់លានដុល្លារ

Amazon     :  ២២០.៦៧ ពាន់លានដុល្លារ

Google       :  ១៣៨.២២ ពាន់លានដុល្លារ

Facebook  :  ៨៩.៩៥ ពាន់លានដុល្លារ

Netflix       :  ៤៨.១១ ពាន់លានដុល្លារ

Total          :  ៧២៨.០១ ពាន់លានដុល្លារ

លើសពីនេះទៅទៀតក្រុមហ៊ុន Amazon ឈរទៅលំដាប់ទីពីរនៅលើខ្សែបន្ទាត់អាសន្ន បន្ទាប់ពីក្រុមហ៊ុន Apple​។ ខណ:ពេលដែលការធ្លាក់ចុះរបស់ក្រុមហ៊ុន Facebook គឺដោយសារតែភាពចម្រូងចម្រាសលើការបែកធ្លាយទិន្នន័យ ការជ្រៀតជ្រែកការបោះឆ្នោត និងការគ្រប់គ្រងមិនត្រឹមត្រូវ។

ក្រុមហ៊ុនរបស់លោក Mark Zuckerberg បានឈានដល់កម្រិតទាបបំផុតរាប់ចាប់តាំងពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ។ យោងតាមសារពត៌មាន CNBC បានឱ្យដឹងថានៅបីខែចុងក្រោយនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Facebook បានធ្លាក់ចុះក្នុងកម្រិតអាសន្ន។

មិនត្រឹមតែប៉ុណ្ណោះតម្លៃហ៊ុនក្នុងផ្សារហ៊ុន New York Stock Exchange ក៏មានការធ្លាក់ចុះមួយចំនួនផងដែរ ដូចជា ភាគហ៊ុននៅ S&P 500 ធ្លាក់ចុះ ១.៦៦% ភាគហ៊ុននៅ DOW 30 ធ្លាក់ចុះ ១.៥៦%  និង ភាគហ៊ុន NASDAQ 100 ធ្លាក់ចុះ ៣.២៦%៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។