៣ ជំហាន ដែលអ្នកគួរដឹងអំពីវិធីសាស្ត្របង្កើតសេរីភាពហិរញ្ញវត្ថុ

3185

បើនិយាយពីយុទ្ធសាស្ត្រក្នុងការបង្កើតលុយគឺមានច្រើនវិធីណាស់ ប៉ុន្តែវិធីសាស្ត្រដែលត្រឹមត្រូវហើយមានប្រសិទ្ធភាព និងមានលក្ខណៈប្រឈមនឹងហានិភ័យតិចមានមិនច្រើនប៉ុន្មានទេ ជាក់ស្តែងថ្ងៃនេះគេហទំព័ររបស់ Apamat នឹងធ្វើការចែករំលែកនូវវិធីសាស្ត្របីយ៉ាងដែលមានប្រសិទ្ធភាពក្នុងការបង្កើតលុយ។

.ធ្វើការសន្សំប្រាក់

ការសន្សំប្រាក់មិនតម្រូវអោយអ្នកយកប្រាក់ទាំងដុលរបស់អ្នករក្សាទុកទាំងអស់ទេ ប៉ុន្តែទាមទារអោយអ្នកត្រូវតែដកទុកថវិការមួយផ្នែករបស់អ្នកសម្រាប់សន្សំជាប្រចាំ។ ហើយវិធីសាស្ត្រដែលជោគជ័យហើយឆាប់ទទួលបានលទ្ធផលបំផុតនោះ គឺការធ្វើការសន្សំទុក។ វាមិនខុសអ្វីពីការការដែលអ្នកធ្វើការបង់ពន្ធជូនរដ្ឋនោះទេ រាល់ពេលដែលអ្នកទិញទំនិញ ឬចំណាយក្នុងការបរិភោគអាហារនៅទីកន្លែងមួយចំនួន អ្នកប្រាកដជាត្រូវបានគេបូកបន្ថែម ១០ភាគរយនៃតម្លៃចំណាយសរុបដើម្បីបង់ពន្ធ (ពន្ធអាករ) ហើយពេលនេះអ្នកគ្រាន់តែធ្វើការកាត់ទុកសម្រាប់ខ្លួនឯងខ្លះ អាចក្នុងចំនួន ៣០ភាគរយ ៥០ភាគរយនៃចំណូលសរុបរបស់អ្នកជាប្រចាំ។ អ្នកអាចធ្វើការស្វែងយល់បន្ថែមតាមរយៈការអានអត្ថបទមុនៗរបស់ Apamat អំពីវិធីសាស្ត្រក្នុងការសន្សំប្រាក់។

.បង្កើតដើមទុនបើកអាជីវកម្ម

ចម្ងល់ភាគច្រើនឆ្ងល់ថា បើសិនជាគ្មានប្រាក់តើអាចធ្វើការរកស៊ីបានទេ? ចម្លើយគឺអាច គឺប្រើលុយរបស់អ្នកដទៃ ប៉ុន្តែវាមិនងាយស្រួលនោះទេជាពិសេសនៅកម្ពុជា។ វាពិបាកណាស់ប្រសិនបើអ្នកចេញរកស៊ីស្របពេលដែលអ្នកគ្មានដើមទុន ឬមានមិនគ្រប់គ្រាន់។ ដូចនេះវិធីសាស្ត្រដ៏ល្អបំផុតនោះអ្នកត្រូវរកដើមទុនអោយបានជាមុនសិន មុននឹងធ្វើការប្រកបអាជីវកម្មនានា  មូលហេតុព្រោះថាការប្រកបអាជីវកម្មមិនមែនជារឿងដែលធ្វើភ្លាមទទួលបានផលភ្លាមៗនោះទេ វាជាការទាមទារពេលវេលា ការតាំងចិត្ត ក៏ដូចជាភាពអត់ធ្មត់ ហើយអ្វីដែលសំខាន់វាត្រូវការដើមទុនដើម្បីទប់ទល់នៅក្នុងពេលវេលាដែលយើងរង់ចាំ ព្រោះថាគ្មាននណាម្នាក់អាចដឹងច្បាស់ទេថាអាជីវកម្មមួយវានឹងទទួលបានភាពជោគជ័យក្នុងរយៈពេលត្រឹម ៣ខែ ៦ខែ ១ឆ្នាំ ឬអាចជាបីឆ្នាំនោះទេ តែអ្វីដែលច្បាស់នោះគឺវាមិនមែនចំណាយពេលត្រឹមមួយម៉ោង ឬមួយថ្ងៃ។ ហេតុនេះ សូមកុំធ្វើអ្វីមួយទាំងប្រថុយប្រថាន ហើយរំពឹងទុកថាក្រែងលោវាបានសម្រេច ព្រោះថានៅលើលោកនេះគ្មានទេភាពចៃដន្យ ហើយបុគ្គលដែលទទួលបានជោគជ័យពួកគេតែងមានផែនការច្បាស់លាស់មុនពួកគេសម្រេចចិត្តធ្វើអ្វីមួយ។

.ធ្វើការវិនិយោគ

បន្ទាប់ពីសន្សំប្រាក់ ហើយបើកអាជីវកម្មបានហើយ ចំណុចចុងក្រោយសម្រាប់ឱកាសចាប់យកប្រាក់កាន់តែច្រើននោះគឺ ធ្វើការវិនិយោគបន្ថែម។ បន្ទាប់ពីអ្នកមានប្រាក់សមល្មមហើយ ជំហានបន្ទាប់អ្នកគួរយកប្រាក់មួយចំនួនទៅធ្វើការវិនិយោគជាជាងការបន្តការសន្សំ និងពឹងលើចំណូលបានពីអាជីវកម្មតែមួយមុខ ប៉ុន្តែអ្នកត្រូវសិក្សាពីវាអោយបានច្បាស់លាស់សិន។ មុននឹងសម្រេចចិត្តធ្វើវា ត្រូវធ្វើការប្រៀបធៀបរវាងហានិភ័យ និងទិន្នផលដែលទួលបាន គួបផ្សំនឹងរយៈពេលដែលអ្នកត្រូវចំណាយផងដែរ។ ការវិនិយោគនេះអាចជាការធ្វើការចូលហ៊ុនបង្កើតក្រុមហ៊ុន ឬពង្រីកក្រុមហ៊ុន ឬសហាគ្រាសដទៃដែលកំពុងដំណើរការស្រាប់ ឬអាចជាការសូមបណ្តាក់ទុនជាមួយក្រុមហ៊ុនដែលទើបបង្កើតឡើង។ តើអ្នកធ្លាប់ឆ្ងលដែលទេ ថាហេតុអ្វីបានជាលោក Bill Gates លោក Jack Ma លោក Warren Buffett និងកំពូលអ្នកមានជាច្រើនទៀតដែលមានលុយរាប់ពាន់លានរួចហើយ ហេតុអ្វីពួកគេនៅតែវិនិយោគបន្ថែមទៀត? នៅពេលអ្នកនៅក្មេង អ្នកមានកម្លាំងធ្វើការក្នុងក្រុមហ៊ុននានារបស់អ្នក ប៉ុន្តែនៅពេលចាស់ទៅ អ្នកនឹងលែងមានភាគច្នៃប្រឌិត លែងមានកម្លាំងដើម្បីប្រកួតប្រជែងជាមួយក្មេងៗជំនាន់ថ្មីទៀតហើយ ដូច្នេះបន្ទាប់ពីជោគជ័យក្នុងអាជីវកម្មហើយ អ្នកគួរផ្តោតលើការវិនិយោគ ហើយចំណាយពេលសម្រាប់សប្បាយនៃជីវិតដែលនៅសេសសល់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!