Coupang ដែលជា Amazon របស់កូរ៉េខាងត្បូងទើបតែទទួលបានការវិនិយោគបន្ថែម២ពាន់លានដុល្លា

2835

វិបសាយលក់ទំនិញអនឡាញដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង Coupang ទើបតែប្រកាសថាខ្លួនបានទទួលការវិនិយោគពី SoftBank Vision Fund ចំនួន២ពាន់លានដុល្លា។​ ការវិនិយោគថ្មីនេះបានធ្វើអោយទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនកើនឡើងរហូតដល់ទៅ៩ពាន់លានដុល្លា ហើយក៏ធ្វើអោយ Coupang ក្លាយទៅជាក្រុមហ៊ុន Startup ដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនដប់នៅទូទាំងទ្វីបអាស៊ី។

ការវិនិយោគថ្មីនេះបើតាមការប៉ាន់ស្មានរបស់ Forbes បានធ្វើអោយលោក Bon Kim ដែលទើបតែមានអាយុ៤០ឆ្នាំក្លាយទៅជាមហាសេដ្ឋីវ័យក្មេងទីពីរនៅក្នុងប្រទេសកូរ៉េ។ SoftBank Group ក៏ធ្លាប់វិនិយោគចំនួន១ពាន់លានដុល្លាដែរជាមួយក្រុមហ៊ុន Coupang​ កាលពីខែមិថុនាឆ្នាំ២០១៦ ហើយការវិនិយោគថ្មី២ពាន់លាននេះនឹងត្រូវគេយកទៅផ្ដោតលើវិស័យបច្ចេកវិទ្យារបស់ក្រុមហ៊ុនដើម្បីបង្កើនល្បឿនក្នុងការដឹកជញ្ជូនទំនិញ ការបង់ថ្លៃទំនិញ ហើយក៏ដើម្បីបង្កើតបច្ចេកវិទ្យា Artificial Intelligence (AI) ក្នុងការណែនាំផលិតផលដល់អ្នកប្រើប្រាស់វេបសាយ Coupang ។ ក្រុមហ៊ុនលក់ទំនិញរាយអនឡាញដែលមានវត្តមានតាំងតែពីឆ្នាំ២០១៣នេះបានប្រាប់អោយដឹងថាកំឡុងពេលពីរឆ្នាំចុងក្រោយប្រាក់ចំណូលរបស់ខ្លួនបានកើនឡើងច្រើនជាងពីរដង ហើយក៏នឹងរំពឹងថាឆ្នាំ២០១៨នេះប្រាក់ចំណូលនឹងកើនរហូតដល់ទៅ៥ពាន់លានដុល្លា។ ក្រុមហ៊ុន Shinsagae ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញលំដាប់ទីពីរក្នុងប្រទេសកូរ៉េ ហើយក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធ E-mart បានអោយដឹងថាកាលពីឆ្នាំ២០១៧ប្រាក់ចំណូលរបស់ខ្លួនគឺ១.៣ពាន់លានដុល្លា ខណៈដែល Coupang មានប្រាក់ចំណូល២.៦ពាន់លានដុល្លា។

កាលពីពេលថ្មីនេះ Coupang បានដាក់អោយប្រើប្រាស់នូវសេវាថ្មីមួយឈ្មោះថា Dawn Delivery ដោយអតិថិជនអាចកម្ម៉ង់ទំនិញនៅពាក់កណ្ដាលអាធ្រាតបានហើយពេលព្រឹកម៉ោង៧ទំនិញនឹងទៅដល់មុខផ្ទះ។ ក្រៅពីនេះក្រុមហ៊ុនក៏មានសេវា Coupang Fresh ដោយអតិថិជនអាចទិញទំនិញដូចជាបន្លែផ្លែឈើ ម្ហូបអាហារជាដើម ហើយក្រុមហ៊ុននឹងដឹកជញ្ចូនក្នុងពេលប៉ុន្មានម៉ោងប៉ុណ្ណោះមិនអោយខូចដល់គុណភាពទំនិញឡើយ។ ពេលនេះក្រុមហ៊ុនកំពុងតែនឹងបង្កើតកម្មវិធីទូរស័ព្ទមួយឈ្មោះថា Coupang Eats សម្រាប់ប្រើក្នុងការកម្ម៉ង់ចំណីអាហារ៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។