ប្រវត្តិរកស៉ីតាំងពីកើតរហូតដល់ក្លាយជាកំពូលអ្នកវិនិយោគប្រចាំសតវត្សរ៍ របស់លោក Warren Buffett

4056

លោក Warren Buffett គឺជាអភិជន និងជាអ្នកជំនួញអាមេរិកដ៏មានឥទ្ធិពលម្នាក់របស់ពិភពលោក។ បច្ចុប្បន្នគាត់គ្រងដំណែងជាអ្នកមានបំផុតទី៣ លើផែនដី នៅពីក្រោមលោក Jeff Bezos និងលោក Bill Gates។ ដោយសារតែគាត់រស់នៅ និងធ្វើការនៅទីក្រុង Omaha គាត់ត្រូវបានគេដាក់រហ័សនាមថា “មហាមនុស្សនៃទីក្រុង Omaha” ដោយសារតែការជ្រើសរើសវិនិយោគធំៗជាច្រើន ត្រូវបានធ្វើចេញពីទីក្រុង Omaha និងដោយលោក Warren Buffett ផ្ទាល់។ ខាងក្រោមនេះ គឺជាប្រវត្តិតាំងពីលោកកើត រហូតដល់បុរសដ៏អស្ចារ្យម្នាក់នេះទទួលបានជោគជ័យ។

ចាប់ពីឆ្នាំ ១៩៣០-១៩៤៩

ឆ្នាំ ១៩៣០៖ នៅខែសីហា ទី៣០ លោក Warren Buffett បានចាប់កំណើតនៅទីក្រុង Omaha សហរដ្ឋអាមេរិក ដោយមានឪពុកម្តាយឈ្មោះ Howard និង Leila Buffett ។

ឆ្នាំ ១៩៤១៖ នៅអាយុ ១១ឆ្នាំ លោក Buffett ប្រឡូកក្នុងវិស័យភាគហ៊ុនលើកដំបូង។ គាត់បានទិញភាគហ៊ុនពិសេស (Preferred Stock) របស់ក្រុមហ៊ុនផ្តល់សេវាកម្មរបស់រដ្ឋាភិបាលឈ្មោះ Cities Services ចំនួន ៦ ភាគហ៊ុន ក្នុងតម្លៃ $៣៨/ហ៊ុន ដោយទិញឲ្យបងស្រីរបស់គាត់ ៣ហ៊ុន និងខ្លួនគាត់៣ហ៊ុន។ បន្ទាប់មកស្រាប់តែភាគហ៊ុនរបស់ក្រុមហ៊ុននោះធ្លាក់តម្លៃសល់តែ $២៧/ហ៊ុន ប៉ុន្តែបន្តិចក្រោយមកក៏ឡើង $៤០/ហ៊ុនវិញ។ លោក Buffett និងបងស្រីរបស់គាត់ Doris បានលក់ភាគហ៊ុនចេញវិញក្នុងតម្លៃ $៤០/ហ៊ុន ពោលគឺចំណេញបាន $២/ហ៊ុន ប៉ុន្តែបន្ទាប់ពីលក់ហើយ ភាគហ៊ុននោះបានឡើងដល់ទៅជាង $២០០/ហ៊ុន មួយរំពិច។

ឆ្នាំ ១៩៤៣៖ មានអាយុ ១៣ឆ្នាំ លោក Buffett បានប្រកាសប្រាប់មិត្តភក្រ និងគ្រួសាររបស់គាត់ថា បើគាត់មិនក្លាយជាសេដ្ឋីមុនអាយុ ៣០ឆ្នាំទេ គាត់នឹងលោតពីលើអាគារខ្ពស់ជាងគេនៅទីក្រុង Omaha ។

ឆ្នាំ១៩៤៥៖ លោក Buffett រកលុយបាន $១៧៥/ខែ ពីការជញ្ជូនកាសែត Washington Post ។ នៅឆ្នាំនោះ គាត់មានអាយុ ១៥ឆ្នាំ គាត់សន្សំលុយបានចំនួន $២០០០ ហើយគាត់ក៏ដកលុយចំនួន $១២០០ ទៅវិនិយោគទិញដីចំការចូលគ្នាជាមួយកសិករម្នាក់ ទំហំជាង ១៦ ហិកតា ដោយមានកិច្ចសន្យាចែកប្រាក់ចំណេញគ្នា។

ឆ្នាំ ១៩៤៧៖ នាពេលនោះគាត់កំពុងរៀនថ្នាក់វិទ្យាល័យ គាត់នឹងមិត្តរបស់គាត់ម្នាក់បានទិញម៉ាស៉ីនហ្គេមមួយទឹកមួយគ្រឿងដែលមានតម្លៃ $២៥។ លោក Buffett គិតរកកន្លែងណាដែលដាក់ម៉ាស៉ីននោះហើយរកលុយបានច្រើន បន្ទាប់មកគាត់ក៏យកវាទៅដាក់នៅក្បែរហាងកាត់សក់។ ៣ខែក្រោយមក គាត់រកប្រាក់បានទិញម៉ាស៉ីនហ្គេមពីរគ្រឿងបន្ថែមទៀត និងដាក់នៅទីតាំងបីផ្សេងគ្នា។ ក្នុងឆ្នាំដដែល លោក Buffett ក៏បានលក់អាជីវកម្មម៉ាស៉ីនហ្គេមនោះ ទៅឲ្យបុរសចំណាស់ម្នាក់ក្នុងតម្លៃ $១២០០។

  • ក្នុងឆ្នាំនោះដូចគ្នា លោក Buffett ក៏រកលុយបានពីការជញ្ជូនកាសែតបានចំនួន $៥០០០។ មួយឆ្នាំក្រោយមក ឪពុករបស់គាត់បានដាក់កំហិតឲ្យគាត់ត្រូវតែចូលរៀន និងខំរៀនថ្នាក់មហាវិទ្យាល័យ តែលោក Buffett ហាក់មិនស្តាប់ ហើយនៅតែជាប់ចិត្តនឹងការរកស៉ី។ ទោះបីជាលោកខិតខំនិយាយជាមួយឪពុករបស់គាត់យ៉ាងណាក៏ដោយ គាត់នៅតែត្រូវចូលរៀននៅសាលាពាណិជ្ជកម្ម Wharton School of Finance and Commerce នៅរដ្ឋ Pennsylvamia។ កាលណោះលោក Buffett ស្អប់ការរៀននៅទីនោះណាស់ ហើយតែងតែរអ៊ូថាគាត់ចេះជាងគ្រូបង្រៀនទាំងនោះទៅទៀត។

ឆ្នាំ ១៩៤៩៖ លោក Buffett ឈប់ទៅរៀននៅសាលា Wharton ហើយក៏ផ្ទេរទៅររៀននៅសកលវិទ្យាល័យ Nebraska វិញ។ គាត់ទទួលបានការងារមួយបន្ទាប់ពីរៀនចប់ថ្នាក់មហាវិទ្យាល័យ ប៉ុន្តែគាត់បដិសេធមិនធ្វើ។ គ្រានោះគាត់សន្សំបានលុយចំនួន $៩៨០០។

ឆ្នាំ ១៩៥០-១៩៦៩

ឆ្នាំ ១៩៥០៖ លោក Buffett ដាក់ពាក្យចូលរៀននៅសាលាជំនួញ Harvard Business school តែក្រោយមកក៏ឈប់រៀន ហើយគាត់ទៅរៀននៅសាលា Columbia វិញ ដោយសារនៅសាលានោះមានសាស្ត្រាចារ្យពីរនាក់ជំនាញក្នុងការវិភាគទិន្នន័យវិនិយោគ ឈ្មោះលោក Ben Graham និងលោក David Dodd ។

ឆ្នាំ ១៩៥១៖ លោក Buffett បានតាមដានដឹងថា លោក Graham គឺជាប្រធានក្រុមប្រឹក្សារបស់ក្រុមហ៊ុនធានារ៉ាប់រង GEICO ។ ពេលនោះលោក Buffett បានទៅរៀនជំនាញធានារ៉ាប់រងនៅទីក្រុង Washington D.C ហើយបន្ទាប់មកគាត់បានទៅគោះទ្វាក្រុមហ៊ុន GEICO រហូតទាល់តែអ្នកសម្អាតបើកទ្វាឲ្យចូល។ គាត់ដើរសួរគេគ្រប់គ្នាថាលោក Graham ធ្វើការបន្ទប់ណា ហើយគាត់ក៏រកឃើញលោក Graham នៅជាន់ទី៦ ។ ពួកគាត់បាននិយាយគ្នាអស់ជាច្រើនម៉ោង ខណៈលោក Buffett បានសួរសំណួរជាច្រើនទាក់ទងនឹងការរកស៉ីក្នុងវិស័យធានារ៉ាប់រង។ សូមបញ្ជាក់ថាបច្ចុប្បន្ននេះ លោក Buffett បានទិញយក និងគ្រប់គ្រងក្រុមហ៊ុន GEICO ទាំងស្រុងរួចហើយ។

  • លោក Buffett បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រ ហើយគាត់ចង់ទៅធ្វើការនៅ Wall Street ។ ទាំងឪពុករបស់គាត់ និងគ្រូរបស់គាត់ លោក Graham ឲ្យគំនិតថាមិនគួរទៅធ្វើការនៅទីនោះទេ ហើយក្រោយមកលោក Buffett សុំធ្វើការឲ្យលោក Graham ដោយមិនយកប្រាក់ឈ្នួល តែលោក Graham បានបដិសេធ។
  • គាត់ក៏វិនិយោគទិញភាគហ៊ុនមួយផ្នែកតូចនៅក្រុមហ៊ុន Texaco ប៉ុន្តែវាមិនដំណើរការតាមការរំពឹងទុកនោះទេ។ គ្រានោះ គាត់ក៏ធ្វើជាឈ្មួញកណ្តាលទិញ-លក់ភាគហ៊ុនវិញ។ 
  • លោក Buffett បានទៅរៀនវគ្គសិក្សានិយាយជាសាធារណៈ របស់អតីតអ្នកជំនួញដ៏ល្បីលោក Dale Carnegie ។ ក្រោយមកគាត់ក៏យកអ្វីដែលគាត់ចេះ ទៅបង្រៀនថ្នាក់វេនយប់នៅសកលវិទ្យាល័យ Nebraska ក្នុងមុខវិជ្ជាវិនិយោគ។ ពេលនោះសិស្សរបស់គាត់មានអាយុច្រើនជាងគាត់ពីរដង ខណៈគាត់ទើបតែអាយុ ២១ឆ្នាំ ប៉ុណ្ណោះ។
  • ក្រោយមកលោក Buffett ក៏វិលមកផ្ទះវិញ ហើយក៏ចាប់ផ្តើមលង់ស្រលាញ់នារីម្នាក់។ នៅខែមេសា គាត់ក៏រៀបការជាមួយលោកស្រី Susei បន្ទាប់មកពួកគាត់ជួលអាផាតមិនមួយស្នាក់នៅដែលមានតម្លៃ $៦៥/ខែ បន្ទាប់មកក៏មានកូនទីមួយ ហើយដាក់ឈ្មោះ Susei ដូចម្តាយដែរ។

ឆ្នាំ ១៩៥៤៖ លោក Ben Graham បានហៅលោក Buffett ឲ្យទៅធ្វើការងារមួយនៅក្រុមហ៊ុនសហកម្មសិទ្ធមួយរបស់គាត់ ដោយឲ្យប្រាក់ឈ្នួលដំបូង $១២០០០ ក្នុងមួយឆ្នាំ។

ឆ្នាំ ១៩៥៦៖ លោក Graham ក៏ចូលនិវត្តន៍ ហើយក្រុមហ៊ុននោះក៏ដួល។ តាំងពីរៀនចប់ថ្នាក់មហាវិទ្យាល័យមក លោក Buffett ប្រាក់សន្សំផ្ទាល់ខ្លួនរបស់គាត់បានកើនពីចំនួន $៩ ៨០០ ដល់ $១៤០ ០០០។ នៅឆ្នាំដដែលនោះ គាត់បានទៅផ្ទះរបស់គាត់វិញនៅ Omaha ។ នៅខែឧសភា ឆ្នាំដដែល គាត់បានបង្កើតក្រុមហ៊ុនរបស់គាត់មួយឈ្មោះ Buffett Associates, Ltd. ដែលបានទុនវិនិយោគពីសមាជិកគ្រួសារ និងមិត្តរបស់គាត់សរុបមានគ្នា ៧នាក់ ប្រមូលទុនសរុបបាន $១០៥ ០០០។ លោក Buffett ខ្លួនគាត់ជាមេគំនិត បានវិនិយោគតែ $១០០ ប៉ុណ្ណោះនៅក្នុងក្រុមហ៊ុននោះ។ មិនយូរប៉ុន្មាន គាត់រកបានដៃគូវិនិយោគចំនួនពីរទៀត។ 

ឆ្នាំ ១៩៥៧៖ លោក Buffett បានបន្ថែមដៃគូវិនិយោគចំនួន ២ទៀត សរុបទៅគាត់គ្រប់គ្រងមូនិធិវិនិយោគចំនួន៥។

ឆ្នាំ ១៩៥៩៖ លោក Buffett ត្រូវបានគេណែនាំឲ្យស្គាល់មហាមនុស្សម្នាក់ឈ្មោះ Charlie Munger ដែលជាមនុស្សម្នាក់នៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន Berkshire Hathaway ហើយអ្នកទាំងពីរក៏ត្រូវរ៉ូវគ្នាខ្លាំង។

ឆ្នាំ ១៩៦០៖ លោក Buffett បានសុំឲ្យដៃគូវិនិយោគរបស់គាត់ម្នាក់ដែលជាគ្រូពេទ្យ ឲ្យទៅអូសទាញគ្រូពេទ្យ ១០នាក់ទៀតឲ្យវិនិយោគលុយចំនួនម្នាក់ $១០ ០០០ នៅក្នុងក្រុមហ៊ុនរបស់គាត់។ ក្រោយមកមិនមែនបានគ្រូពេទ្យ ១០នាក់ទេមកវិនិយោគ ប៉ុន្តែបាន ១១នាក់។

ឆ្នាំ ១៩៦១៖ ក្រុមហ៊ុនរបស់គាត់នាពេលនោះមានតម្លៃជាច្រើនលានដុល្លារ ហើយលោកក៏ចាប់ផ្តើមវិនិយោគលុយលានដុល្លារដំបូងរបស់គាត់ចំនួន ១លានដុល្លារ នៅក្នុងរោងចក្រកិនស្រូវមួយ។ 

លោក Buffett ថតជាមួយប្រពន្ធទីមួយ Susan Buffett ឬ Susie និងកូនប្រុសរបស់គាត់

ឆ្នាំ ១៩៦២៖ លោក Buffett បានត្រឡប់ទៅកាន់ទីក្រុង New York វិញជាមួយប្រពន្ធរបស់គាត់ ដើម្បីប្រមូលទុនបន្ថែមពីសមាជិកគ្រួសារ និងមិត្តចាស់ៗ។ ក្នុងអំឡុងពេលធ្វើដំណើរនោះ គាត់បានទទួលទុនបន្ថែមពីអ្នកវិនិយោគថ្មីៗរាប់សែនដុល្លារ។

  • ក្រុមហ៊ុនរបស់លោក Buffett ដែលបើកកាលពីឆ្នាំ១៩៥៦ ដោយប្រើទុនចំនួន $១០៥ ០០០ នោះ នៅឆ្នាំ១៩៦២ ពោលគឺ ៦ឆ្នាំក្រោយមក វាមានតម្លៃឡើងដល់ ៧.២លានដុល្លារ។ ក្នុងនោះ លោក Buffett និង ប្រពន្ធរបស់គាត់កាន់កាប់ទ្រព្យរបស់ក្រុមហ៊ុនច្រើនជាង ១លានដុល្លារ។ ក្រោយមក លោក Buffett បានច្របាច់បញ្ជូលដៃគូវិនិយោគទាំងអស់ចូលគ្នា ហើយប្តូរឈ្មោះក្រុមហ៊ុនទៅជា Buffett Partnerships, Ldt. វិញ។ 
  • នៅឆ្នាំដដែល លោក Buffett បានពិភាក្សាជាមួយលោក Munger លើការទិញយករោងម៉ាស៉ីនកិនស្រូវ Dempster ហើយលោក Munger ក៏ណែនាំលោក Buffett ឲ្យស្គាល់បុរសខ្លាំងម្នាក់ទៀតឈ្មោះ Harry Bottle ដើម្បីដឹកនាំរោងម៉ាស៉ីននោះ។ លោក Bottle បានកាត់បន្ថយថ្លៃចំណាយ កាត់បន្ថយចំនួនកម្មករ ហើយរកប្រាក់ចូលក្រុមហ៊ុនបានជាច្រើន។ 
  • នាឆ្នាំនោះ លោក Buffett បានស្គាល់ក្រុមហ៊ុនរោងចក្រវាយនភណ្ឌមួយ ឈ្មោះ Berkshire Hathaway ដែលកំពុងដាក់លក់ភាគហ៊ុនក្នុងតម្លៃ ៨ដុល្លារក្នុងមួយភាគហ៊ុន ហើយគាត់ក៏ចាប់ផ្តើមទិញភាគហ៊ុននោះយក។

ឆ្នាំ ១៩៦៣៖ លោក Buffett បានលក់រោងម៉ាស៉ីនកិនស្រូវ Dempster ក្នុងតម្លៃចំណេញ ៣ដង ធៀបនឹងទុនដែលគាត់វិនិយោគលើរោងម៉ាស៉ីននោះ។ ការវិនិយោគនោះ បានធ្វើឲ្យលោក Buffett កើនទ្រព្យច្រើនជាង ២លានដុល្លារ។ 

  • ក្នុងឆ្នាំនោះ លោក Buffett ក៏ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្រុមហ៊ុន Berkshire Hathaway ។

ឆ្នាំ ១៩៦៤៖ ដោយសារតែឆ្នាំនោះ ក្រុមហ៊ុនដឹកជញ្ជូន American Express មានរឿងអាស្រូវថាមានការលួចកិបកេងប្រាក់ក្នុងក្រុមហ៊ុន បានធ្វើឲ្យតម្លៃភាគហ៊ុនធ្លាក់នៅសល់តែ $៣៥/ហ៊ុន។ ខណៈពេលនោះគ្រប់គ្នាសម្រុកលក់ភាគហ៊ុនចេញ តែលោក Buffett សម្រុកទិញភាគហ៊ុនយក។

ឆ្នាំ ១៩៦៥៖ ឆ្នាំនោះ ឪពុករបស់លោក Buffett គឺលោក Howard បានស្លាប់។

  • លោក Buffett ចាប់ផ្តើមវិនិយោគក្នុងក្រុមហ៊ុន Walt Disney Co បន្ទាប់ពីជួបម្ចាស់ក្រុមហ៊ុនគឺលោក Walt ដោយសម្ងាត់ ហើយគាត់វិនិយោគប្រាក់ ៤លានដុល្លារ ទៅក្នុងក្រុមហ៊ុន Walt Disney ស្មើរនឹង ៥% នៃទុនសរុប។
  • នៅឆ្នាំនោះ តម្លៃភាគហ៊ុនរបស់ American Express ដែលគាត់បានទិញកាលពីឆ្នាំមុននោះ បានកើនឡើងតម្លៃទ្វេរដងមួយរំពិច។
  • លោក Buffett បានចូលដណ្តើមអំណាចនៅក្នុងក្រុមហ៊ុន Berkshire Hathaway ដោយរៀបចំកិច្ចប្រជុំមួយ ហើយគាត់បានតែងតាំងមនុស្សរបស់គាត់ឈ្មោះ Ken Chace ឲ្យដឹកនាំក្រុមហ៊ុនបន្តពីប្រធានក្រុមហ៊ុនចាស់។

ឆ្នាំ ១៩៦៦៖ គ្រាន់តែការវិនិយោគជាលក្ខណឯកជនរបស់លោក Buffett បានកើនដល់ $៦ ៨៤៩ ៩៣៦ (ជិត៧លានដុល្លារ) ។

ឆ្នាំ ១៩៦៧៖ ក្រុមហ៊ុន Berkshire Hathaway ចែកភាគលាភលើកដំបូងចំនួន ១០%។

  • ភាគហ៊ុនរបស់ American Express បានកើនដល់ $១៨០/ហ៊ុន ធ្វើឲ្យលោក Buffett ចំណេញលុយបាន ២០លានដុល្លារ។
  • ក្រុមហ៊ុន Berkshire Hathaway បានទិញយកក្រុមហ៊ុនធានារ៉ាប់រងលើសំណងរបស់រដ្ឋាភិបាលអាមេរិក ក្នុងតម្លៃ $៨.៦លាន។

ឆ្នាំ ១៩៦៨៖ ក្រុមហ៊ុនដៃគូសហកម្មសិទ្ធដើមរបស់លោក Buffett រកចំណូលបាន ៤០លានដុល្លារបន្ថែម ធ្វើឲ្យក្រុមហ៊ុនមានតម្លៃ ១០៤លានដុល្លារ។ 

ឆ្នាំ ១៩៦៩៖ ដោយទទួលបានជោគជ័យជាហូរហែមក លោក Buffett បានបិទក្រុមហ៊ុននោះចោល ហើយចែកលុយទៅឲ្យដៃគូវិនិយោគទាំងអស់វិញ។ ក្នុងចំណោមទ្រព្យដែលបង់នោះ ក៏ត្រូវបានបង់ជាភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire Hathaway ផងដែរ។ ប្រាក់វិនិយោគផ្ទាល់ខ្លួនរបស់លោក Buffett កាលណោះកើនដល់ ២៥លានដុល្លារ ក្នុងពេលគាត់មានអាយុ ៣៩ឆ្នាំ។

ឆ្នាំ ១៩៧០-១៩៨៩

ឆ្នាំ ១៩៧០៖ លោក Buffett កាន់កាប់ភាគហ៊ុនរបស់ Berkshire Hathaway ចំនួន ២៩% ហើយក៏តែងតាំងខ្លួនគាត់ជាប្រធានក្រុមហ៊ុន។ 

ឆ្នាំ ១៩៧១៖ ប្រពន្ធរបស់លោក Buffett ស្នើរសុំឲ្យលោកគាត់ទិញផ្ទះជាប់ឆ្នេរសមុទ្រ Laguna ក្នុងតម្លៃ $១៥០ ០០០។

ឆ្នាំ ១៩៧៣៖ នាឆ្នាំនោះ តម្លៃភាគហ៊ុនបានដាំក្បាលចុះជាថ្មី លោក Buffett បានដឹកនាំក្រុមហ៊ុន Berkshire Hathaway ឲ្យទិញភាគហ៊ុនរបស់ក្រុមហ៊ុនកាសែត Washington Post ។

ឆ្នាំ ១៩៧៤៖ ដោយសារតែឥទ្ធិពលនៃទីផ្សារភាគហ៊ុនដាំក្បាលចុះ ក៏បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ Berkshire Hathaway ធ្លាក់ចុះដូចគ្នា។ ឆ្នាំណោះ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Buffett បានថយចុះ ៥០%។ ក្រោយមក នៅឆ្នាំដដែល គណៈកម្មការមូលបត្ររបស់អាមេរិក បានស៉ើបអង្កេតលើលោក Buffett និងក្រុមហ៊ុន Berkshire តែមិនបានរកឃើញកំហុសអ្វីនោះទេ។

ឆ្នាំ ១៩៧៧៖ ក្រុមហ៊ុន Berkshire បានទិញយកក្រុមហ៊ុនផ្សព្វផ្សាយ Buffalo Evening ក្នុងតម្លៃ $៣២.៥លាន ហើយគាត់ក៏ចាប់ផ្តើមប្រកួតប្រជែងក្នុងវិស័យព័ត៌មាន។ នៅឆ្នាំនោះ ប្រពន្ធរបស់លោក Buffett គឺអ្នកស្រី Susie បានរត់ចោលលោក តែមិនបានប្រកាសថាលែងលះនោះទេ។ ពេលនោះលោក Buffett ក៏ខូចចិត្ត។

ឆ្នាំ ១៩៧៨៖ អ្នកស្រី Susie បានណែនាំអ្នកស្រី Astrid ឲ្យលោក Buffett ហើយក្រោយមកអ្នកទាំងពីរក៏បានស្រលាញ់គ្នា រស់នៅជាមួយគ្នា តែទើបរៀបការនៅឆ្នាំ ២០០៦។ 

ប្រពន្ធទី២របស់លោក Buffett អ្នកស្រី Astrid

ឆ្នាំ ១៩៧៩៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire ត្រូវបានគេជួញដូរក្នុងតម្លៃ $២៩០/ហ៊ុន បានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Buffett កើនឡើងដល់ ១៤០លានដុល្លារ ប៉ុន្តែគាត់នៅតែរស់នៅដោយពឹងផ្អែកលើប្រាក់ខែរបស់គាត់ដែលបាន $៥០ ០០០ក្នុងមួយឆ្នាំ។ 

ឆ្នាំ ១៩៨១៖ លោក Buffett និងលោក Munger បានបង្កើតមូនិធិសប្បុរសធម៌មួយ ដែលអាចឲ្យម្ចាស់ភាគហ៊ុនរបស់ Berkshire Hathaway បរិច្ចាគប្រាក់ចំណេញដែលបានពីក្រុមហ៊ុនចូលក្នុងសកម្មភាពមនុស្សធម៌។ 

ឆ្នាំ ១៩៨៣៖ ឆ្នាំនោះ Berkshire Hathaway ក្រោមការដឹកនាំរបស់លោក Buffett បានកើនតម្លៃដល់ ១.៣ពាន់លានដុល្លារអាមេរិក។ ដើមឆ្នាំ ១៩៨៣ តម្លៃភាគហ៊ុនរបស់ Berkshire មានតម្លៃ $៧៧៥/ហ៊ុន ហើយនៅចុងឆ្នាំវាបានកើនឡើងដល់ $១៣១០/ហ៊ុន។ ឆ្នាំនោះ ទ្រព្យសម្បត្តិឯកជនរបស់លោក Buffett បានកើនឡើងដល់ ៦២០លានដុល្លារអាមេរិក ហើយគាត់ក៏ជាប់ឈ្មោះលើកដំបូងនៅលើទស្សនាវដ្តី Forbes។

ឆ្នាំ ១៩៨៦៖ តម្លៃភាគហ៊ុនកើនដល់ $៣០០០/ហ៊ុន។

ឆ្នាំ ១៩៨៧៖ វិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកនៅចុងខែតុលា បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ Berkshire ធ្លាក់ចុះពី $៤២៣០/ហ៊ុន មកនៅ $៣១៧០/ហ៊ុន។ គ្រាន់តែមួយថ្ងៃនោះ លោក Buffett បានខាតបង់ប្រាក់ចំនួន ៣៤២លានដុល្លារតែម្នាក់ឯង។

ឆ្នាំ ១៩៨៨៖ លោក Buffett បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Coca-Cola ចំនួន ៧% ក្នុងតម្លៃ ១.០២ពាន់លានដុល្លារ ហើយក្រោយមកវាក្លាយជាការវិនិយោគដែលទទួលបានផលចំណេញខ្លាំងបំផុតមួយរបស់ក្រុមហ៊ុន Berkshire Hathaway។

ឆ្នាំ ១៩៨៩៖ តម្លៃភាគហ៊ុនរបស់ Berkshire កើនដល់ $៨០០០/ហ៊ុន ហើយវាបានធ្វើឲ្យលោក Buffett មានទ្រព្យសម្បត្តិសរុបចំនួន ៣.៨ពាន់លានដុល្លារអាមេរិក

គិតត្រឹមថ្ងៃទី ២១ ខែវិច្ចិកា ឆ្នាំ ២០១៨ ៖ តម្លៃភាគហ៊ុនរបស់ Berkshire Hathaway មានតម្លៃ $៣១៥ ៩៧០/ហ៊ុន ធ្វើឲ្យលោក Buffett មានទ្រព្យសម្បត្តិសរុបចំនួន ៨៦.៧ពាន់លានដុល្លារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។