វិធីសាស្ត្រ ៥យ៉ាង ជួយឲ្យអ្នកទទួលបានការគោរព និងអោយតម្លៃទាំងស្ថិតក្នុងវ័យក្មេង

3617

បុគ្គលគ្រប់រូបតែងចង់ទទួលបានការគោរពស្រលាញ់ពីអ្នកនៅជុំវិញខ្លួន តែវាមិនមែនជារឿងងាយស្រួលនោះទេ។ ជាងនេះទៀតសោតនៅពេលដែលអ្នកចូលប្រលូកក្នុងវិស័យការងារជាលើកដំបូង ហើយស្ថិតក្នុងវ័យក្មេងទៀតនោះវាមិនចម្លែកទេដែលអ្នកនឹងក្លាយជាបុគ្គលម្នាក់ដែលបុគ្គលគ្រប់​​គ្នា​​ផ្តោតក្រសែភ្នែកលើជាពិសេសគឺប្រធានរបស់អ្នក។ យ៉ាងណាម៉ិញគ្រប់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយ ហើយ Apamat.com នឹងប្រាប់ពីតិចនិចមួយចំនួនចំពោះអ្នកដែលមានវ័យក្មេង តែចង់ទទួលបានការគោរព និងអោយតម្លៃពីមនុស្សគ្រប់ស្រទាប់។

មានទំនួលខុសត្រូវខ្ពស់

ដោយសារតែអ្នកមានអាយុមិនសូវច្រើន ជាហេតុមិនសូវទទួលបានការគោរពកោតខ្លាច ជាពិសេសគឺនៅកន្លែងធ្វើការព្រោះពួកគេគិតថាក្មេងគ្មានការទទួលខុសត្រូវខ្ពស់  ដូចនេះហើយអ្វីដែលអ្នកគួរធ្វើអោយបាននោះអ្នកត្រូវចេះមានទំនួលខុសត្រូវចំពោះអ្វីដែលបាននិយាយ ឬសន្យា។ បើសិនជាអ្នកធ្លាប់ជាមនុស្សដែលមិនសូវយកចិត្តទុកដាក់ចំពោះអ្នកដទៃ ឬមិនសូវធ្វើតាមការសន្យា សូមព្យាយាមបញ្ឈប់ទង្វើទាំងនោះ។ ផ្ទុយទៅវិញអ្នកគួរតែប្រកាន់ភ្ជាប់អត្តចរិតរួសរាយរាក់ទាក់ ចេះយកចិត្តទុកដាក់ចំពោះអ្នកដទៃ អោយតម្លៃទៅលើពេលវេលា និងមានទំនួលខុសត្រូវល្អ។ ការធ្វើបែបនេះវានឹងជួយអោយអ្នកក្លាយជាមនុស្សម្នាក់ ដែលទទួលបានការគោរពកោតខ្លាចច្រើនសូម្បីតែមនុស្សដែលមានវ័យច្រើនជាងអ្នកក៏ដោយ ព្រោះពួកគេយល់ថាអ្នកជាមនុស្សដែលមានអត្តចរិតចាស់ទុំ ដែលអាចទុកចិត្តបាន។

កុំខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍

យើងដឹងហើយថាពេលវេលាគឺមានតម្លៃណាស់ វាជារបស់មួយក្នុងចំណោមរបស់មានតម្លៃដែលមិនអាចយកលុយទិញបាន។ហេតុនេះហើយអ្នកគប្បីចេះបែងចែកពេលវេលាអោយបានច្បាស់លាស់ ជាពិសេសគឺនៅពេលដែលអ្នកចូលក្នុងសង្គមការងារ ព្រោះថាគេអោយតម្លៃទៅលើសមត្ថផលនៃការងារ និងការខិតខំប្រឹងប្រែងរបស់អ្នក។ លើសពីនេះទៅទៀតអ្នកមិនត្រូវភ្លេចទេថាអ្នកជាមនុស្សដែលមានវ័យក្មេងជាងគេនៅក្នុងកន្លែងការងារ ដូចនេះមិត្តរួមការងារជាច្រើនរបស់អ្នកពួកគេគឺនឹងចាំមើលពីសកម្មភាពការងាររបស់អ្នកដោយគេចង់ដឹងថាអ្នកនៅវ័យក្មេងបែបនេះ អាចនឹងធ្វើការងារបានល្អដែររឺទេ ហើយមានការខិតខំ និងអាចបំពេញការងារបានកំរិតណាដែរ? ជារួមអ្នកគួរតែចំណាយពេលអោយច្រើនក្នុងការដោះស្រាយបញ្ហាការងារ និងបណ្តុះភាពខ្លាំងរបស់ខ្លួនបន្ថែមទៀត ជាជាងការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។

ធ្វើជាមនុស្សសកម្ម

ចូលធ្វើខ្លួនអ្នកអោយរវល់ជាជាងការដែលទំនេរធ្វើរឿងមិនបានការ។ មិនថាអ្នកនៅក្នុងបរិបទបែបណានោះទេ អ្នកត្រូវរៀនធ្វើខ្លួនអោយសកម្មក្នុងការបំពេញកិច្ចការងារ។ ពិតមែនហើយបើសិនជាអ្នកធ្វើការអ្វីមួយជាលើកដំបូង វាអាចនឹងមានភាពលំបាកបន្តិចព្រោះអ្នកអាចនឹងមិនសូវដឹង ឬមិនទម្លាប់ តែអ្នកក៏មិនត្រូវធ្វើខ្លួនជាមនុស្សដែលចាំតែអ្នកដទៃកេះ(ណែនាំឬបញ្ជា)បានធ្វើនោះទេ អ្នកគួរតែប្រើចំណេះ និងជំនាញដែលខ្លួនមានដោះស្រាយបញ្ហា ឬការងារអោយអស់ពីសមត្ថភាពជាមុនសិន កុំទម្លាប់អោយភាពខ្ជិលបាំងមុខហើយយកលឹសថាមិនចេះ ព្រោះការទម្លាប់ខ្លួនបែបនេះគឺជាហេតុដែលធ្វើអោយអ្នកដទៃមើលស្រាលចំពោះសមត្ថភាពការងាររបស់អ្នកហើយវាយតម្លៃថាអ្នកជាមនុស្សខ្វះភាពអំណត់ និងព្យាយាមចំពោះកិច្ចការងារ។ មួយវិញទៀតមិនចាំបាច់តែជាការងាររបស់អ្នកចាំធ្វើនោះទេ បើសិនជាអ្នកទំនេរហើយឃើញអ្នកដទៃរវល់ អ្នកក៏អាចជួយគេបានដែរ ហើយការធ្វើបែបនេះនឹងបង្ហាញអោយគេឃើញថាអ្នកជាមនុស្សសកម្មក្នុងរឿងការងារហើយគឺជាមនុស្សដែលមានសន្តានចិត្តទៀតផង។

ធ្វើជាបុគ្គលដែលចង់ចេះ ចង់ដឹង និងចង់លឺ

វាជារឿងធម្មតាទេនៅពេលដែលយើងមានវ័យក្មេងបទពិសោធន៏ការងារអាចនឹងខ្ចីជាងគេបន្តិច ប៉ុន្តែមិនមានន័យថាខ្សោយជាងគេឡើយ។ យ៉ាងណាម៉ិញបើយើងដឹងពីចំណុចខ្សោយរបស់ខ្លួនឯងហើយ ត្រូវចេះកែខៃវាអោយទៅជាគុណសម្បត្តិដោយការហ៊ានសួរនូវអ្វីដែលយើងមិនចេះ មិនស្គាល់ មិនដឹង ដូចគេតែងនិយាយថាថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់មិនមែនខ្លួនឯងល្ងង់ហើយធ្វើឆ្លាតនោះទេ ព្រោះការដែលយើងមិនចេះហើយសួរមានន័យថាយើងល្ងង់តែមួយថ្ងៃតែឆ្លាតមួយជីវិត ផ្ទុយទៅវិញបើយើងមិនចេះហើយមិនសួរទៀតនោះ គឺជាការខាតបង់របស់យើងព្រោះយើងឆ្លាតបានតែមួយថ្ងៃទេ តែយើងនឹងល្ងង់ពេញមួយជីវិត។

កុំខ្លាចក្នុងការបញ្ចញមតិប៉ុន្តែមិនត្រូវមានអំនួតលើខ្លួនឯង

ជាការពិតណាស់យុវវ័យនៅពេលបច្ចុប្បន្ន ជាមនុស្សដែលមានភាពឆ្លាតវៃ និងពោរពេញទៅដោយគំនិតច្នៃប្រឌិតដែលអាចនិយាយបានថាមនុស្សដែលមានវ័យកាន់តែក្មេង ច្រើនជាមនុស្សដែលមានភាពជឿនលឿន និងប៉ិនប្រសព្វក្នុងការផ្តល់នូវគំនិតល្អៗជាងមនុស្សដែលមានវ័យច្រើន។ ហេតុដូចនេះហើយសូមកុំមានភាពភ័យខ្លាចចំពោះការបញ្ចេញមតិ ឬនិយាយពីគំនិតថ្មីៗរបស់អ្នកទៅកាន់អ្នកដទៃ ជួនកាលវាជាអ្វីដែលគេចង់បានហើយធ្វើអោយអ្នកគ្រប់គ្នាស្មានមិនដល់ពីគំនិតច្នៃប្រឌិត និងភាពប៉ិនប្រសព្វរបស់អ្នកក៏ថាបានដែរ។ ក៏ប៉ុន្តែត្រូវចាំថា បើទោះបីជានៅក្មេងជាងគេតែទទួលបានការសរសើរច្រើនពីអ្នកជុំវិញខ្លួន រឿងមួយដែលអ្នកគួរធ្វើនោះដាច់ខាតកុំសម្តែងអាកប្បកិរិយាមានអំនួតលើខ្លួនឯងអោយសោះ ព្រោះថាអំនួតជាហេតុដែលអាចធ្វើអោយអ្នកបាត់បង់គ្រប់យ៉ាងដោយមិនដឹងខ្លួន។ ដូចនេះហើយសុខចិត្តធ្វើខ្លួនអោយតូចតែមានចិត្តអោយធំ មានភាពក្លាហ៊ានក្នុងការបញ្ចេញមតិ ប៉ុន្តែមិនអួតក្អេងក្អាងពេលធ្វើបានល្អដូចពាក្យគេតែងនិយាយថា “ស៊ូអោយមានគេស្រលាញ់ច្រើនប្រសើរជាជាងអោយគេស្អប់”៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!