តិចនិចនៅពីក្រោយភាពជោគជ័យរបស់ម្ចាស់ជំនួញស្ត្រី ដែលជាមេរៀនមិនគួររំលង

2677

សព្វថ្ងៃនេះចំនួនស្ត្រីដែលកាន់កាប់អាជីវម្មដោយខ្លួនឯងបានកើនឡើងជាលំដាប់។ ហើយបើយោងតាមរបាយការណ៏ចុងក្រោយរបស់ក្រុមហ៊ុនពាណិជ្ជកម្ម​​អាមេរិចដែលមានឈ្មោះថាAmerican Expressបានអោយដឹងថាបច្ចុប្បន្នចំនួនអាជីវកម្ម 4ក្នុងចំណោម10 នៅក្នុងសហរដ្ឋអាមេរិកឥឡូវនេះមានម្ចាស់គ្រប់គ្រង និងដឹកនាំដោយស្ត្រី។ រីឯចំនួនសរុបនៃក្រុមហ៊ុនចំនួន 12.3 លាន ឬច្រើនជាង​ 58 ភាគរយ ក្នុងរយៈពេលជាងមួយទសវត្សមកនេះមានភាគហ៊ុនភាគច្រើនជារបស់ស្ត្រី ខណៈដែលម្ចាស់ភាគហ៊ុនជាបុរសបានកើនឡើងត្រឹម 12ភាគរយតែប៉ុណ្ណោះ។ ចំណែកកាលពីឆ្នាំមុនវិញមានចំនួនស្ត្រី 1,821នាក់ បានបើកដំណើរការអាជីវកម្មនៅអាមេរិកជារៀងរាល់ថ្ងៃ។ ការផ្លាស់ប្តូរនេះគឺជាជំហ៊ានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់សហគ្រិនស្ត្រីនៅទូទាំងពិភពលោកហើយទាំងនេះធ្វើអោយកើតមាននូវចម្ងល់អំពីសកម្មភាព ឬដំណាក់ការនៃការកកើតនៃវឌ្ឍនភាពមួយនេះថាតើសហគ្រិនស្ត្រីទាំងនេះមានគន្លឹះយ៉ាងណាខ្លះក្នុងការរកប្រាក់ចំណេញអោយក្រុមហ៊ុន ក៏ដូចជាការវ៉ាបន្ទាត់នៃគម្លាតរវាងស្ត្រី និងបុរសដោយរៀបណា។ ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍របស់ស្ថានីយទូរទស្សន៍ CNBC ជាមួយនឹងម្ចាស់អាជីវកម្មស្ត្រីមួយចំនួនដើម្បីទទួលបាននូវដំបូន្មានក្នុងការទទួលបានភាពជោគជ័យរបស់ពួកគេ។

១.អនុវត្តវិធីសាស្រ្តមួយជំហានម្តងៗ

វាមិនពិបាកទេក្នុងការធ្វើវាអោយអស់ពីលទ្ធភាពនៅពេលដែលអ្នកចង់សម្រេចក្តីស្រមៃរបស់អ្នក។ វាជារឿងសំខាន់ដែលសហគ្រិនគ្រប់រូបចាំបាច់ត្រូវចងចាំថា ដើម្បីអោយអាជីវកម្មទទួលបានជោគជ័យ អាជីវកម្មខ្នាតតូចទាមទារអោយមានការអត់ធ្មត់ ការលះបង់ពេលវេលា និងតម្រូវអោយអ្នករំលឹកខ្លួនឯងថាអ្នកត្រូវតែដោះស្រាយបញ្ហានៃគោលដៅជាប្រចាំថ្ងៃដើម្បីឆ្ពោះទៅរកភាពជោគជ័យ។

២.កុំបង្ហាញសម្ថភាពខ្លួនឯងត្រឹមរយៈពេលខ្លី

ស្ត្រីមាននិន្នាការមួយគឺប្រាប់ពីសមត្ថភាពរបស់ខ្លួនឯងដែលគេហៅថាលក់ខ្លួនឯង ក្នុងរយៈពេលខ្លី ដោយពួកគេសន្មត់ថាការដែលនិយាយប្រកបដោយភាពវិជ្ជមានអំពីសមិទ្ធិផលរបស់ពួកគេ គឺជាការអួតទៅវិញ។ តាមពិតទៅការដែលបង្ហាញពីចំនុចល្អ និងភាពរីកចម្រើន ព្រមទាំងភាពជោគជ័យដែលអ្នកមាននៅក្នុងអាជីវកម្មរបស់អ្នក វាមិនមែនជាការអួតអ្វីនោះទេនៅពេលដែលអ្នកធ្វើវាបានត្រឹមត្រូវដោយនិយាយអ្វីដែលជាការពិត វាអាចនឹងបង្កើនទំនុកចិត្តដល់អ្នករួមទាំងដៃគូអាជីវកម្មផងដែរ។ ដូចនេះហើយចូរមានទំនុកចិត្តក្នុងការបង្ហាញពីភាពរឹងមាំ និងភាពជោគជ័យរបស់អ្នកដោយមិនលាក់ពីវា។

៣.រៀនទទួលយកការបដិសេធ

មនុស្សមួយចំនួនអាចនឹងធ្វើអោយអ្នកមានអារម្មណ៍ថាខ្លួនឯងតូចទាបនៅពេលអ្នកចាប់ផ្តើមធ្វើការងារដែលជាក្តីសុបិន្តរបស់អ្នក ដូចជាការបង្កើតអាជីវកម្មផ្ទាល់ខ្លួនជាដើម។ ជាពិសេសនៅក្នុងបរិយាកាសអាជីវកម្មដែលពោរពេញទៅដោយបុរស ប៉ុន្តែក្នុងសភាពនេះអ្នកត្រូវតែរក្សាជំហររឹងមាំ និងមានទំនុកចិត្តលើខ្លួនឯង ធ្វើយ៉ាងណាកុំអោយវាបង្កើតបានជាការសង្ស័យអោយសោះ។ មួយវិញទៀតនៅពេលដែលការប៉ុនប៉ងដំបូងរបស់អ្នកត្រូវបានបដិសេធ សូមកុំអោយវាក្លាយជាសម្ពាធ ឬការបំបាក់ទឹកចិត្តអ្នកអោយសោះ ផ្ទុយទៅវិញអ្នកគួរតែព្យាយាមស្វែងរកមូលហេតុនៃការបដិសេធនេះ និងធ្វើការកែប្រែហើយដាក់ស្នើផែនការរបស់អ្នកជាថ្មីម្តងទៀត។

៤.អនុវត្តវិធីសាស្រ្ត Give back to get back

នៅពេលដែលអ្នកមានវត្តមានកាន់តែខ្លាំងនៅក្នុងវិស័យពាណិជ្ជកម្ម អ្នកនឹងមានទំនាក់ទំនងជាមួយមនុស្សកាន់តែច្រើន។ ពីសហគ្រិនដែលទើបតែចាប់ផ្តើមដើម្បីក្លាយខ្លួនជាបុគ្គលជោគជ័យ អ្នកគួរតែទទួលយកដំបូន្មានដែលត្រឹមត្រូវពីបុគ្គលដែលនៅជុំវិញខ្លួនអ្នក។  ទន្ទឹមនឹងនេះដែលសូមកុំភ្លេចផ្តល់ និងជួយដល់អ្នកដែលកំពុងស្វែងរកជំនួយ ព្រោះថានៅពេលដែលអ្នកអាចជួយដោះស្រាយគេបានកំរិតណា វាមានន័យថាអ្នកក៏អាចរៀនពីបញ្ហាទាំងនោះបានកំរឹតនោះផងដែរ។

៥.រៀនពីសមាជិកក្រុមរបស់អ្នក

អ្នកមិនចាំបាច់មានអារម្មណ៍ថាអ្នកត្រូវតែជាមនុស្សដែលឆ្លាតបំផុតនៅក្នុងក្រុមទេ។ ការបង្កើតក្រុមដ៏ល្អមួយទាមទារអោយអ្នកជួលមនុស្សដែលអាចដឹងច្រើន ឬមានសមត្ថភាពខ្លាំងនៅក្នុងប្រធានបទជាក់លាក់មួយជាងរូបអ្នក។ ដូចនេះហើយរឿងដែលអ្នកគម្បីធ្វើគឺស្វែងរកបុគ្គលដែលមានជំនាញ និងបទពិសោធន៍ចម្រុះ ហើយត្រូវបើកចិត្តអោយទូលាយរៀនពីគេ។

៦.បង្កើតវប្បធម៌ក្នុងការស្វែងរកដំណោះស្រាយ

រាល់គ្រប់ការកាន់កាប់អាជីវកម្មផ្ទាល់ខ្លួន តែងតែជួបប្រទះនូវការលំបាកនានាដែលបង្កអោយមានជាបញ្ហាប្រឈមជាច្រើន ប៉ុន្តែអ្នកត្រូវគិតថាគ្រប់បញ្ហាទាំងអស់គឺជាឱកាសសម្រាប់បង្កើតដំណោះស្រាយ។ ហើយគ្រប់ដំណោះស្រាយ និងបញ្ហាគឺជាបទពិសោធន៏ ជាស្ពានសម្រាប់ឆ្លងទៅរកគោលដៅដែលអ្នកចង់បាន។

៧.រក្សាគោលដៅរបស់អ្នកនៅក្នុងចិត្តជានិច្ច

វាជារឿងសំខាន់មួយក្នុងការរក្សាគោលដៅរបស់អ្នកអោយមានវត្តមានជានិច្ច អ្នកអាចធ្វើវាដោយការកត់ត្រាទុកជាការរំលឹក។ ច្បាស់ណាស់វាមានភាពងាយស្រួលក្នុងការបាត់បង់ ឬទទួលការរំខាននានាពីបរិយាកាសជុំវិញខ្លួន ដូចនេះហើយនៅពេលដែលឧបសគ្គកើតឡើងអ្នកនឹងមានកម្លាំងចិត្តតទល់នៅពេលដែលអ្នកគិតដល់ក្តីស្រមៃដែលជាគោលដៅរបស់អ្នក ហើយការធ្វើបែបនេះទៀតសោតអ្នកនឹងមិនបាត់បង់នូវអ្វីដែលអ្នកកំពុងព្យាយាមធ្វើវានោះឡើយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!