មនុស្សសម័យនេះជាច្រើនចង់រកលុយតាមអនឡាញតែក៏មិនចង់ចំណាយទុនច្រើនដែរ។ ខាងក្រោមនេះគឺជាគំនិតមួយចំនួនដែលអ្នកអាចយកទៅអនុវត្តដើម្បីរកលុយតាមអ៊ីនធើណេតបាន។
១.បង្កើតគំរូវេបសាយនៅលើWordpress៖ សព្វថ្ងៃនេះមនុស្សជាច្រើនចូលចិត្តប្រើ WordPress ដើម្បីបង្កើតវេបសាយអាជីវកម្ម ឬសរសេរប្លុកជាដើមព្រោះវាមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ដោយសារហេតុផលនេះទើបតម្រូវការនូវគំរូវេបសាយមានការកើនឡើង ហើយសម្រាប់អ្នកដែលចេះឌីស្សាញវេបសាយក៏ដូចជាសរសេរកូដ HTML អ្នកើអាចនឹងរកចំនូលបានតាមប្រភពនេះដោយដាក់លក់នៅលើ ThemeForest ឬ TemplateMonster ។
២.ធ្វើអោយវេបសាយងាយស្រួលរកលើ Search Engine៖ SEO (Search Engine Optimization) គឺជាហេតុផលដែលវេបសាយរបស់យើងអាចមើលឃើញបាននៅលើ Search Engine ដូចជា google ជាដើម។ ប្រសិនបើវេបសាយរបស់យើងយឺត អ្នកចុចចូលវេបសាយយើងនឹងចាកចេញវិញ។ ក្រុមហ៊ុនដែលមានវេបសាយត្រូវការអ្នកគ្រប់គ្រងវា ព្រោះសព្វថ្ងៃនេះបើវេបសាយរបស់យើងដើរមិនស្រួលទេអ្នកប្រើប្រាស់អ៊ីនធើណេតប្រាកដជាមិនចូលមើលឡើយ។ ដូចនេះ ដើម្បីអោយការចូលមើលក៏ដូចជាការលក់ទំនិញឬសេវាកម្មលើវេបសាយរបស់ខ្លួនកើនឡើងគឺគេត្រូវការផ្ដោតលើ SEO ហើយបើអ្នកចេះជំនាញខាងនឹងប្រាកដជាអាចរកលុយបានពីវាជាមិនខាន។
៣.លក់វេបសាយ៖ មនុស្សជាច្រើនកំពុងតែត្រូវការទិញនិងលក់នូវវេបសាយដែលមានឈ្មោះល្អសាកសមនឹងតម្រូវការរបស់ខ្លួន។ បើចង់រកលុយតាមវិធីនេះអ្នកត្រូវតែចេះរើសឈ្មោះវេបសាយណាដែលល្អ និងមានការពេញនិយមក្នុងតម្លៃទាបបន្ទាប់មកលក់វានៅពេលមានគេអោយថ្លៃខ្ពស់។ វេបសាយថ្លៃៗនៅលើពិភពលោកមានដូចជា lasvegas.com តម្លៃ៩០លានដុល្លា carinsurance.com តម្លៃ៤៩.៧លានដុល្លា ឬ insurance.com តម្លៃ៣៥.៦លានដុល្លា។
៤.បង្កើតកម្មវិធីទូរស័ព្ទ៖ បច្ចុប្បន្ននេះមនុស្សមិនថាចាស់ក្មេងគឺសឹងតែមានស្មាតហ្វូនគ្រប់គ្នា ហើយតម្រូវការនូវកម្មវិធីទូរស័ព្ទក៏មានតម្រូវការច្រើនដែរមិនថាជាហ្គេម វចនានុក្រម កម្មវិធីបង្រៀនផ្សេងៗជាដើម។ ដើម្បីបង្កើតចេញកម្មវិធីមួយៗគឺត្រូវការពេលយូរ និងទាមទារអោយមានការច្នៃប្រឌិតខ្ពស់ តែប្រសិនបើកម្មវិធីរបស់យើងមានការគាំទ្រច្រើន នោះអ្នកផលិតនឹងទទួលបានចំណូលជាច្រើនផងដែរ៕
