ម្ចាស់សារាយថៅកែណយ ពេលនេះមានទ្រព្យសម្បត្តិ៦០០លានដុល្លារក្នុងវ័យ ៣៤ឆ្នាំ

3292

បើគិតមកដល់ពេលនេះមនុស្សប្រមាណ១ភាគ៥នៅទូទាំងពិភពលោកធ្លាប់បានភ្លក់សារាយថៅកែណយរបស់លោក Itthipat Peeradechapan ជនជាតិថៃ។ ក្នុងភាសាថៃពាក្យថាថៅកែណយមានន័យថា ថៅកែតូច ហើយវាគឺជាម៉ាកអាហារដ៏ល្បីបំផុតមួយនៅក្នុងប្រទេសថៃ។ បើនិយាយពីដំណើរជីវិតរបស់គាត់វិញ កាលពីក្មេងគាត់ជាអ្នកវក់នឹងការលេងហ្គេមហើយក៏មិនបានរៀនចប់មហាវិទ្យាល័យទេ។ នៅពេលដែលគាត់មាននៅអាយុ១៧ឆ្នាំ គាត់ក៏ចាប់ផ្ដើមអាជីវកម្មលក់កៅឡាក់ដោយគាត់ទទួលបានគំនិតនេះនៅពេលទៅមើលពិពណ៌ចំណីអាហារមួយ ហើយក៏យកលុយសន្សំរបស់ខ្លួនចំនួន៧២០០ដុល្លាទៅវិនិយោគលើមុខជំនួញនោះ។ ការលក់កៅឡាក់មិនសូវជាចំនេញប៉ុន្មានទេ ព្រោះមិនសូវមានអ្នកទិញហើយក្រោយមកក៏មានបញ្ហានឹងផ្សារដែលគាត់ដាក់លក់ផងដែរ ព្រោះផ្សែងចេញពីចង្ក្រានចំហុយរបស់គាត់ច្រើនពេក ដែលអោយប្រឡាក់ពិដានផ្សារ​ ទោះបីជាគាត់រ៉ាប់រងជួសជុលក៏ខាងផ្សារគេមិនព្រមអោយលក់បន្ដទៀតដែរ។

នៅពេលមួយសង្សាររបស់គាត់បានយកសារាយអោយភ្លក់ហើយ គាត់ក៏ចាប់ចិត្តនឹងរសជាតិរបស់វាភ្លាម ពេលនោះគាត់ក៏ចាប់ផ្ដើមមានគំនិតរកស៊ីនឹងសារាយសមុទ្រម្ដង ព្រោះយុវវ័យចូលចិត្តញុំាវាតែមិនមានគេលក់ជាទ្រង់ទ្រាយធំ និងមានម៉ាកត្រឹមត្រូវទេ។ គាត់ក៏បានទៅសាកសួរពីចំនេះដឹងបច្ចេកទេសខ្លះៗទាក់ទងនឹងសារាយពីខាងសកលវិទ្យាល័យ Kasetsart ដែលមានជំនាញខាងកសិកម្ម ចំណែកឯរសជាតិសារាយបំពងវិញគឺម៉ាក់របស់គាត់ជាអ្នកជួយបង្កើត។ ក្រោយមកគាត់ក៏ប្រមូលបានទុនចំនួន២សែនដុល្លារដើម្បីបង្កើតរោងចក្រផលិតសារាយសមុទ្របំពងនៅក្នុងឆ្នាំ ២០០៦។

សារាយបំពងរបស់គាត់ដាក់លក់ដំបូងនៅក្នុងហាង 7Eleven តែការលក់មិនសូវជាបានច្រើនប៉ុន្មានទេ ព្រោះផលិតផលរបស់គាត់ត្រូវបានគេដាក់នៅធ្នើក្រោមដែលអតិថិជនភាគច្រើនមិនសូវចាប់អារម្មណ៍ ដោយសារតែហេតុនេះ គាត់ក៏ទៅអង្វរអ្នកគ្រប់គ្រងផ្សារអោយដាក់សារាយបំពងរបស់ខ្លួននៅជិតកន្លែងគិតលុយវិញ  ហើយជាលទ្ធផលការលក់ក៏កើនឡើងដូចការរំពឹងទុកមែន។ មិនយូរប៉ុន្មានគាត់ក៏មានសាខារហូតដល់ទៅ៣០ទីតាំង និងមានប្រាក់ចំណូលប្រចាំខែ ៨៧ ០០០ដុល្លារ តែទោះជាគាត់ទទួលបានជោគជ័យក៏ដោយ ក៏គាត់នៅតែទៅពិនិត្យមើលគ្រប់សាខាយ៉ាងតិចម្ដងក្នុងមួយអាទិត្យ រហូតដល់ឆ្នាំ ២០០៨ ការលក់របស់ថៅកែណយកើនឡើងរហូតដល់ទៅ ៣០លានដុល្លារអាមេរិក។

សារាយថៅកែណយក៏ធ្លាប់មានជួបបញ្ហាជាច្រើនផងដែរ ពីខាងពួកអ្នកលក់សារាយបំពងដែលចំលងគំនិតតាមខ្លួន​ ហើយនៅឆ្នាំ២០១១ ថៅកែណយជួបប្រទះបញ្ហាធំមួយគឺការលិចទឹកក្នុងប្រទេសថៃ ដែលប៉ះពាល់ដល់រោងចក្រផលិតសារាយរបស់ខ្លួន។ នៅពេលគេសួរថាប្រសិនបើសារាយបំពងក្លាយជាអាហារហួសសម័យ តើគាត់នឹងគិតយ៉ាងណា? គាត់បានឆ្លើយថាពេលខ្លះគាត់ក៏គិត និងបារម្មណ៍ពីរឿងនឹងដែរ​ ដូចនេះហើយទើបគាត់ពេលនេះមិនមែនតែផលិតសារាយបំពងទេ ថែមទាំងមានលក់អាហារផ្សេងៗផងដែរ។ កាលពីឆ្នាំទៅ គាត់បានវិនិយោគលុយចំនួន ២លានដុល្លាទៅលើការធ្វើទីផ្សារដោយប្រើប្រាស់ប្រជាប្រិយភាពរបស់ក្រុមចំរៀងកូរ៉េ Got7 ដើម្បីទាក់ទាញអតិថិជនក្មេងៗ។ នៅក្នុងឆ្នាំ២០១៨ បើផ្អែកតាម Forbes គាត់មានទ្រព្យសម្បត្តិ ៦០០លានដុល្លាអាមេរិច និងជាអ្នកមានលំដាប់ទី៥០ក្នុងប្រទេសថៃ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។