មហាសេដ្ឋីប្រាប់ពីដំបូន្មានមិនល្អដែលពួកគាត់ធ្លាប់ទទួលបាន

2450

១. Warren Buffett៖ ឪពុក និងគ្រូបង្វឹកជំនួញរបស់គាត់ធ្លាប់ប្រាប់គាត់ថាកុំអោយប្រឡូកក្នុងទីផ្សារភាគហ៊ុនព្រោះពួកគាត់គិតថាការរកស៊ីបែបនេះមានការប្រថុយប្រថានខ្ពស់។ ផ្ទុយទៅវិញគាត់ទិញលក់ និងក្លាយជាអ្នកជំនាញខាងទីផ្សារភាគហ៊ុន ហើយសព្វថ្ងៃនេះក្លាយទៅជាអ្នកមានបំផុតមួយក្នុងពិភពលោក។ បើផ្អែកតាមការសិក្សារបស់សាកលវិទ្យាល័យ Cambridge ក៏ស្រដៀងនឹងការយល់ឃើញរបស់លោក Warren Buffett ដែរគឺបើយើងចូលចិត្តប្រថុយក្នុងការរកស៊ីហើយពូកែក្នុងការដោះស្រាយបញ្ហា នោះអ្នកនឹងមានភាគរយជោគជ័យខ្ពស់។

២. Mark Cuban៖ គាត់និយាយថាអ្នកដែលអោយដំបូន្មានទៅក្មេងៗថាធ្វើអ្វីតាមតែចិត្តស្រលាញ់គឺជាការផ្ដល់ដំបូន្មានមួយដ៏អាក្រក់ពីព្រោះមនុស្សយើងមានចំណង់ចំណូលចិត្តទៅលើអ្វីមួយឬច្រើនហើយពេលខ្លះចំណង់ចំណូលចិត្តនោះមិនអាចរកផលប្រយោជន៍ដល់យើងបានទេ។ អ្វីដែលយើងត្រូវគិតនោះគឺអំពីពេលវេលាដែលយើងមានទៅវិញទេ បើយើងចេះប្រើវាអោយចំគោលដៅនោះជីវិតយើងក៏ប្រសើរតាមនឹងដែរ។

៣. Bill Gates៖​ គាត់ថាដំបូន្មានអាក្រក់បំផុតដែលគាត់ទទួលបានគឺមកពីខ្លួនគាត់ដោយគាត់មិនបានប្រឡូកចូលក្នុងវិស័យ Search Engine ដូច Google ព្រោះកាលនោះគាត់មានជំនឿ និងមោទនភាពខ្លាំងចំពោះ Microsoft ដែលខ្លួនបានបង្កើត។​ ទោះបីជាពេលនេះក្រុមហ៊ុន Microsoft នៅតែមានការពេញនិយមខ្លាំងក៏ដោយ បើងាកទៅមើល Google វិញក្រុមហ៊ុននេះធំជាង Microsoft ប៉ុន្មានដងឯណោះ។

៤. Robert Kiyosaki៖ ដំបូន្មានមិនល្អដែលគាត់ទទួលបានគឺមកពីឪពុកបង្កើតរបស់គាត់ដែលយើងគ្រប់គ្នាដឹងថាជា ឪពុកអ្នកក្រ របស់គាត់ដោយឪពុកគាត់ចង់អោយរៀនចប់អនុបណ្ឌិតឬបណ្ឌិតសិនមុននឹងចេញរកស៊ី។ ការរៀនបានថ្នាក់ខ្ពស់គឺល្អសម្រាប់មនុស្សភាគច្រើនប៉ុន្ដែបើចង់ក្លាយទៅជាអ្នកជំនួញជោគជ័យយើងមិនត្រូវការសញ្ញាប័ត្រមហាវិទ្យាល័យទេ។​

៥. Barbara Corcoran៖ គាត់គឺជាអ្នកជំនួញខាងអចលនទ្រព្យ និងជាអ្នកវិនិយោគរបស់ Shark Tank។ គាត់បានប្រាប់ថាកាលពីក្មេងមិត្តប្រុសតែងនិយាយថាបើគ្មានការជួយរបស់មិត្តប្រុសគាត់ទេ អ្នកស្រី Barbara Corcoran មិនអាចជោគជ័យក្នុងជីវិតឡើយ ហើយបើគាត់ជឿអតីតមិត្តប្រុសមែនគាត់ប្រហែលជាមិនជោគជ័យដូចសព្វថ្ងៃនេះទេ។ ការមើលងាយនោះប្រៀបដូចជាការជំរុញចិត្តគាត់អោយកាន់តែពុះកញ្ច្រោលក្នុងការរកស៊ីអោយបានជោគជ័យ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។