ម្ចាស់ភាគហ៊ុន Facebook រិះគន់លោក Mark Zuckerberg បន្ទាប់ពីតម្លៃភាគហ៊ុនធ្លាក់ចុះ 40% ក្នុងរយៈពេល 4ខែ

2022

អាមេរិក(CNBC)៖ ភាគហ៊ុននៃបណ្តាញសង្គម Facebook បានធ្លាក់ចុះជិត 40% ចាប់តាំងពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះឈានដល់កម្រិតខ្ពស់កាលពីថ្ងៃទី 25 ខែកក្កដាកន្លងទៅ ទោះបីបន្ទាប់ពីមានការស្ទុះឡើងតម្លៃតិចតួចវិញកាលពីថ្ងៃចន្ទម្សិលមិញក៏ដោយ។

គំរូអាជីវកម្មរបស់ Facebook ពឹងផ្អែកលើការបង្កើនចំនួនអ្នកប្រើប្រាស់ ដើម្បីចែករំលែកព័ត៌មានបន្ថែម និងសម្រាប់អ្នកផ្សាយពាណិជ្ជកម្មឲ្យពួកគេចំណាយលុយផ្សាយត្រូវអតិថិជនគោលដៅរបស់ពួកគេ។ ប៉ុន្តែអ្នកគ្រប់គ្រងកំពូលរបស់ក្រុមហ៊ុននេះគឺលោក Mark Zuckerberg ដែលជានាយកប្រតិបត្តិវ័យ 34 ឆ្នាំ មានអំណាច និងការគ្រប់គ្រងច្រើនពេក ដែលធ្វើឲ្យក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនមានសមត្ថភាពតិចតួចណាស់ក្នុងការប្រើឥទ្ធិពលរបស់ពួកគេ។

លោក Jonas Kron អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Trillium ដែលមានភាគហ៊ុននៅ Facebook ចំនួន 53,000ហ៊ុន បានប្រាប់សារព័ត៌មាន CNBC កាលពីសប្តាហ៍មុនថា “ការធ្វើឱ្យច្បាស់លាស់ឲ្យមានប្រធានគណៈកម្មាធិការឯករាជ្យមួយ គឺចាំបាច់ណាស់” ។

ចាប់តាំងពីចាប់បង្កើត Facebook ដំបូងចេញពីបន្ទប់ស្នាក់នៅរបស់គាត់ក្នុងឆ្នាំ 2004 លោក Zuckerberg បានរក្សាអំណាចគ្រប់គ្រងស្ទើរតែទាំងស្រុងលើក្រុមហ៊ុន ហើយនៅតែជាម្ចាស់សំលេង 60 ភាគរយ នៃការបោះឆ្នោតម្ចាស់ភាគហ៊ុន ដោយផ្តល់ឱកាសឲ្យគាត់អាចកំណត់យ៉ាងច្បាស់អំពីជោគវាសនារបស់គាត់។

ទស្សនវិស័យហិរញ្ញវត្ថុរបស់ Facebook បានបង្ហាញសញ្ញាមួយចំនួននៃភាពតានតឹងនេះ ហើយកាលពីខែមុន ក្រុមហ៊ុននេះបានរាយការណ៍ពីការខកចិត្តចំពោះការធ្លាក់ចុះប្រាក់ចំណូល និងអ្នកប្រើប្រាស់ប្រចាំថ្ងៃ ហើយបានប្រាប់វិនិយោគិនថាថ្លៃចំណាយនឹងកើនឡើងពី 40 ទៅ 50 ភាគរយនៅឆ្នាំក្រោយ។

លោក Julie Goodridge អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Northstar Asset Management ដែលជាម្ចាស់ភាគហ៊ុន Facebook ចំនួន 23,500ហ៊ុន បាននិយាយថា “គ្មាននរណាម្នាក់ដែល Zuckerberg ត្រូវរាយការណ៍ឲ្យ ឬស្តាប់ ដើម្បីធានាថាគាត់នឹងមិនធ្វើការសម្រេចចិត្តឆោតល្ងង់នោះទេ ។ គ្មានការត្រួតពិនិត្យ និងសមតុល្យទេសម្រាប់អ្នកវិនិយោគនៅ Facebook”៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។