មេរៀនជីវិតចំនួន ៥ របស់ស្ថាបនិកក្រុមហ៊ុន Uber ដែលអ្នកអាចយកមករៀនសូត្របាន

2721

បើនិយាយដល់ក្រុមហ៊ុន Uber មហាជនគ្រប់គ្នាតែងតែនឹកឃើញដល់បុរសខ្លាំងលោក Travis Kalanick ដែលជានាយកប្រតិបត្តិដ៏ឆ្នើម និងជាថ្នាក់ដឹកនាំដ៏ល្អរបស់ក្រុមហ៊ុន។ លោក Travis  បានចំណាយពេលវេលាយ៉ាងយូរក្នុងការប្រែក្លាយអាជីវកម្មមួយដែលស្ទើរនឹងដួលរលំឲ្យឈរជើងឡើងវិញក្នុងបណ្តាប្រទេសប្រមាណជាង ៣០០ នៅទូទាំងពិភពលោក។ នៅពេលដែលលោកបានចាប់ផ្តើមដំណើរការអាជីវកម្មរបស់លោកនៅក្នុងឆ្នាំ 1998 លោកមិនបានគិតថាលោកអាចបង្កើតអ្វីមួយដ៏អស្ចារ្យនោះទេ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក គំនិតអាជីវកម្មមួយនេះបានធ្វើឲ្យលេចចេញនូវក្រុមហ៊ុន Uber ដែលជាអាជីវកម្មទទួលបានជោគជ័យធំបំផុតនៅលើពិភពលោក។ នៅខាងក្រោមនេះជាមេរៀនល្អៗ ដែលបុរសខ្លាំង Uber ធ្លាប់បានឆ្លងកាត់៖

១.        ហ៊ានប្រឈមនឹងហានិភ័យ

លោក Travis បានបង្រៀនថា មិនមានការលះបង់ណាដែលគ្នានតម្លៃនោះទេ ប្រសិនបើអ្នកចង់ធ្វើអ្វីមួយ អ្នកត្រូវតែឈរចេញមកធ្វើវាតាមវិធីរបស់អ្នកដើម្បីសម្រេចបាននូវជោគជ័យ បើទោះបីជាត្រូវប្រើប្រាស់ពេលវេលាយូរប៉ុន្មានក៏ដោយ។ នៅពេលដែលអ្នកមានភាពជឿជាក់លើខ្លួនឯង នោះអ្នកនឹងកាន់តែមានជំនឿលើគំនិតរបស់អ្នក ហើយនៅពេលដែលអ្នកប្រាកដពីអ្វីដែលអ្នកធ្វើនោះ អ្នកអាចប្រែក្លាយវាឲ្យទៅជាការពិត។ ហានិភ័យកាន់តែធំ ផលតបស្នងក៏កាន់តែច្រើន ហើយនេះគឺជាអ្វីដែលក្រុមហ៊ុន Uber ទទួលបានជោគជ័យមកទល់នឹងសព្វថ្ងៃ។

២.        ចាប់ផ្តើមពីតូច

នៅពេលដែលលោក Travis ចាប់ផ្តើមអាជីវកម្ម Uber ដំបូង គឺលោកចាប់ផ្តើមជាមួយនឹងគោលគំនិតដ៏តូច និងជាមួយក្រុមដ៏តូច ដោយក្នុងក្រុមដ៏តូចនោះ មានតែសមាជិកបួននាក់ប៉ុណ្ណោះ ដែលបានមកជួបជុំគ្នានៅបន្ទប់តូចមួយនៅក្រុងសាន់ហ្រ្វាន់ស៊ីស្កូ។ លោកបាននិយាយថា “ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន Uber គឺបានមកពីការខិតខំប្រឹងប្រែងរបស់ពួកយើង។ បើទោះជាមានភាពលំបាកយ៉ាងណាក៏ដោយ ក៏ក្រុមការងារទាំងអស់មានការខ្នះខ្នែងក្នុងការសម្រេចនូវក្តីសុបិន្តរបស់ពួកយើង ហើយធ្វើឱ្យក្តីសុបិន្តនោះក្លាយជាការពិតជាមួយនឹងក្រុមតូច ហើយក្រុមតូចនេះបានបង្កើតនូវអំណាចដោយប្រើចំណង់ចំណូលចិត្តក្នុងការសម្រេចឲ្យបាននូវគោលដៅដ៏តូចរបស់ពួកយើង។”

៣.       គិតពីដំណោះស្រាយ

ចេះស្វែងរកនូវបញ្ហា គឺវាមិនអស្ចារ្យនោះទេ តែចេះរកនូវដំណោះស្រាយដ៏ល្អមួយទើបជារឿងសំខាន់។ ក្នុងការធ្វើការងារជាក្រុម អ្នកគួរគប្បីត្រូវយល់នូវឬសគល់នៃស្ថានការណ៍ឲ្យបានច្បាស់ ហើយស្វែងរកនូវចំណុចចាប់ផ្តើមនៃរឿងរ៉ាវនោះ។ នៅពេលដែលអ្នកក្តោបក្តាប់បាននូវព័ត៌មាននៃស្ថានការណ៍នោះបានច្រើនកាលណា នោះអ្នកនឹងឆាប់ស្វែងយល់ពីមូលបញ្ហានៃរឿង និងរបៀបក្នុងការដោះស្រាយ។ ឧទាហរណ៏ដ៏ល្អមួយសម្រាប់ធ្វើការសិក្សារៀនសូត្រពីក្រុមហ៊ុន Uber នោះគឺ នៅពេលដែលលោក Travis បានដឹងថារថយន្តឆ្នួលក្នុងទីលក្រុងប៉ារីសហាក់បីដូចជាមានតម្រូវការច្រើន ប៉ុន្តែគ្មានអ្នកណាម្នាក់អើពើសោះ ដោយហេតុនេះលោកក៏សម្រេចចិត្តចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្តល់សេវាកម្មរថយន្តតាក់ស៊ីដើម្បីបំពេញតម្រូវការនៃការខ្វះខាតនេះ ហើយគំនិតនេះត្រូវបានបណ្តាប្រទេសមួយចំនួនលើសលកលោកធ្វើតាម។

៤.        កុំខ្លាចឧបសគ្គ

រាល់ពេលដែលអ្នកខិតខំធ្វើអ្វីមួយឲ្យបានសម្រេច ឧបសគ្គតែងតែចូលមករំខានបង្អាក់មិនឲ្យអ្នកសម្រេចរឿងនោះបានដោយរលូននោះទេ។ ពេលខ្លះអ្នកមានអារម្មណ៍ចង់បោះបង់នូវក្តីស្រមៃរបស់អ្នក ដោយហេតុតែវាហាក់បីដូចជាពិបាកក្នុងការដើរទៅមុខ ប៉ុន្តែបើយើងប្រើជ្រុងម្ខាងទៀតមកពិចារណានោះ យើងអាចស្វែងយល់ថាវាគ្រាន់តែជាការលំបាករយ:ពេលខ្លី ឬក៏អាចថាបានជាការសាកល្បងនូវភាពអំណត់អត់ធន់ ការតស៊ូចំពោះការងារទាំងនោះប៉ុណ្ណោះ។ លោក Travis បាននិយាយថា ជំនួសដោយការបោះបង់នូវបញ្ហាទាំងនោះចោល លោក និងមិត្តរួមក្រុមព្យាយាមឲ្យអស់នូវលទ្ធភាពដែលខ្លួនមាន និងខិតខំជួញគ្នាទៅវិញទៅមកដើម្បីឲ្យដំណើរការទៅទទួលបានជោគជ័យ។ លោកក៏បានបន្ថែមទៀតថា ប្រសិនបើពេលនោះលោក និងមិត្តរួមក្រុម បញ្ឈប់ UberMoto ដោយមិនខិតខំតស៊ូនោះ ម្លេះសព្វថ្ងៃមិនមានក្រុមហ៊ុន Uber ដែលមានសាខាប្រមាណជាង ៣០០ នៅទូទាំងពិភពលោកនោះទេ។

៥.        រៀនពីកំហុស

ការធ្វើឲ្យមានកំហុស គឺជាផ្នែកមួយនៃការរីកលូតលាស់ ហើយការស្វែងយល់ពីកំហុសឆ្គងគឺជាការសិក្សាពីខ្សែសង្វាក់ដែលឆ្ពោះទៅរកភាពជោគជ័យ។ មូលហេតុចម្បងមួយក្នុងចំណោមហេតុផលសំខាន់ៗជាច្រើនដែលក្រុមហ៊ុនមួយចំនួនចាប់ផ្តើមដំបូងបរាជ័យមុនពេលពួកគេអាចទទួលបានជោគជ័យ ដោយសារតែពួកគេមិនបានរៀនពីកំហុសរបស់ពួកគេ។ មនុស្សភាគច្រើនគឺមិនបានស្វែងយល់ថាហេតុអ្វីបានជាពួកគេបង្កើតនូវកំហុសនោះទេ តែផ្ទុយមកវិញពួកគេបែរជាមើលរំលងទៅវិញ។ រៀនពីកំហុស ពីបញ្ហាដែលបានកើតឡើង ហើយរិះរកវិធីសាស្ត្រគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវកំហុស ក៏ដូចជាបញ្ហាទាំងនោះ អាចធ្វើឲ្យអ្នកទទួលបានភាពជោគជ័យនៅទីបញ្ចប់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។