ហេតុអ្វី McDonald’s និង Buger King បរាជ័យនៅវៀតណាម?

2724

ឧស្សាហកម្មអាហារ Fast Food ឬជាភាសាខ្មែរហៅថា “អាហារទាន់ចិត្ត” គឺជាឧស្សាហកម្មដ៏ធំមួយនៅលើពិភពលោក។ យីហោហាងលក់អាហារ fast food ដូចជា McDonald’s និង Burger King គឺជាយីហោនាំមុខគេក្នុងឧស្សាហកម្មដែលមានតម្លៃ ៦៥១ពាន់លានដុល្លារនេះ។ McDonald’s តែងតែជោគជ័យនៅក្នុងទីផ្សារនៅពេលដែលក្រុមហ៊ុននេះបោះទីតាំងទៅ ព្រោះក្រុមហ៊ុន McDonald’s តែងតែសិក្សា និងវិភាគទីផ្សារច្រើនដំណាក់កាលណាស់មុនសម្រេចចិត្តវិនិយោគ ឬលក់ franchise ប៉ុន្តែនៅវៀតណាមមិនដូចប្រទេសផ្សេងទៀតទេ។ 

McDonald’s ចូលក្នុងទីផ្សារវៀតណាមដំបូងក្នុងឆ្នាំ ២០១៤ ដោយមានគម្រោងបើកឲ្យបាន ១០០សាខាក្នុងរយៈពេល១០ឆ្នាំ ប៉ុន្តែមកទល់ពេលនេះ McDonald’s ទើបតែបើកបាន ១៧សាខាប៉ុណ្ណោះ។ 

Burger King វិនិយោគប្រាក់ ៤០លានដុល្លារនៅក្នុងឆ្នាំ ២០១២ ដើម្បីប្រឡូកក្នុងទីផ្សារវៀតណាម ហើយកាលណោះ Burger King ដាក់គោលដៅពង្រីកឲ្យបាន ៦០សាខា ត្រឹមឆ្នាំ ២០១៦ ប៉ុន្តែមកទល់ចុងឆ្នាំ ២០១៨ នេះ Buger King បើកបានតែ ១៣សាខាប៉ុណ្ណោះនៅវៀតណាម។

ជួបជាមួយលោក ម៉ាណាវថង ជាអ្នកវិភាគទីផ្សារនៅ Apamat Team បានប្រាប់ apamat.com ថា មូលហេតុដែល McDonald’s និង Burger King បរាជ័យនៅវៀតណាមគឺ “ប្រជាជនវៀតណាមពូកែខាងកែច្នៃមុខម្ហូបអាហារ ដូច្នេះប្រជាជនវៀតណាមមានជម្រើសច្រើនក្នុងការទិញអាហាររបស់ជនជាតិពួកគេជាពិសេស street foods។ មួយវិញទៀត McDonald’s និង Buger King មានតម្លៃថ្លៃ ចំណែកប្រជាជនវៀតណាមភាគច្រើនចំណាយប្រាក់ត្រឹម ២ដុល្លារប៉ុណ្ណោះយ៉ាងច្រើនលើការញាំអាហារមួយពេល”។

លោកបានបន្តថា “វៀតណាមជាប្រទេសមានទីផ្សារធំ ដោយសារមានប្រជាជនច្រើន គឺជិត ៩៧លាននាក់ ច្រើនជាងកម្ពុជាជាង៦ដងឯណោះ។ ប៉ុន្តែជនជាតិវៀតណាមចូលចិត្តបរិភោគអាហាររបស់ពួកគេ ជាងអាហារបរទេស ជាពិសេសមិនចូលចិត្តអាហារបែប Fast food ទេ។ KFC និង Pizza Hut អាចដណ្តើមទីផ្សារបានច្រើនជាង ប៉ុន្តែមិនមែនមានន័យថាជោគជ័យតាមការរំពឹងទុកនោះដែរ ប៉ុន្តែដោយសារយីហោលំដាប់ពិភពលោកទាំងពីរនេះផ្តោតលើការផ្តល់រសជាតិ និងបន្ថែមមុខម្ហូបបែបវៀតណាម”។

បច្ចុប្បន្ននៅវៀតណាម មានសេវាកម្មចំណីអាហារច្រើនជាង ៥៤ម៉ឺន ក្នុងនោះមានតូបលក់អាហារតាមផ្លូវ (Street food) ច្រើនជាង ៤៣ម៉ឺនតូប មានភោជនីយដ្ឋានប្រហែល ៨ម៉ឺន  និងមានបារ និងហាងកាហ្វេ ២២ ០០០ ប៉ុន្តែមានហាងអាហារ fast foods ប្រហែលតែ ៧០០០ ប៉ុណ្ណោះ។

KFC នៅវៀតណាមមានជាង ១៣០សាខា នៅក្នុងទីក្រុងចំនួន ២១ និងកាន់កាប់ចំណែកទីផ្សារ fast food នៅវៀតណាមចំនួន ១១.៤% ខណៈ Pizza Hut កាន់កាប់បាន ២១.៣% ប៉ុន្តែ McDonald’s និង Burger King កាន់កាប់ចំណែកទីផ្សារបានតែ ២.៨% ប៉ុណ្ណោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។