អាមេរិក (Techcrunch) ៖ កាលពីថ្ងៃអង្គារក្រុមហ៊ុនយក្ស Amazon បានប្រកាសប្រាប់មហាជនថាព្រឹត្តិការណ៍ Cyber Monday ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃច័ន្ទ ទី២៦ ខែវិច្ឆិកា គឺជាព្រឹត្តិការណ៍ធំមួយដែលមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្ររបស់ខ្លួន ដោយចំនួនលក់សរុបនៃផលិតផលនៅទូទាំងពិភពលោកមានការកើនឡើងទ្វេដង។ លើសពីនេះទៅទៀតក្រុមហ៊ុន Amazon ក៏បានប្រារព្ធព្រឹត្តិការណ៍ទិញទំនិញ ២ ដែរក្នុងខែកក្កដាកន្លងទៅ ដែលព្រឹត្តិការណ៍នោះរួមមានព្រឹត្តិការណ៍ Black Friday និង Amazon’s own sales ដែលគ្រប់គ្នាស្គាល់ថាជាព្រឹត្តិការណ៍ Prime Day ដែលជាថ្ងៃលក់ដ៏ធំក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Amazon ជាមួយនឹងចំនួនលក់ទំនិញបានច្រើនជាង ១០០ លានប្រភេទ។
ក្រុមហ៊ុន Amazon ក៏បានបន្ថែមទៀតថា ត្រឹមតែរយៈពេល ៥ ថ្ងៃនៃការដើរទិញឥវ៉ាន់ដែលចាប់ផ្តើមពីថ្ងៃ Thanksgiving រហូតបន្តមកដល់ថ្ងៃ Cyber Monday ឬក៏អាចហៅបានថា “Turkey ៥” គឺបានបំបែកកំណត់ត្រាខណៈដែលអតិថិជនអាមេរិកបានទិញឥវ៉ាន់ច្រើនជាងរាប់លានមុខក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ នេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នេះបើសរុបចូលគ្នារវាងព្រឹត្តិការណ៍ Cyber Monday និង Black Friday កាលពីថ្ងៃច័ន្ទ មានអតិថិជនទិញនូវប្រដាប់ក្មេងលេងប្រមាណ ១៨ លានប្រភេទ និង ប្រមាណ ១៣ លានទៀតជាសំលៀកបំពាក់។ ហើយមានការបញ្ជាទិញតាមរយៈកម្មវិធី Amazon mobile app ក្នុងព្រឹត្តិការណ៍ Black Friday មានប្រមាណ ៤ លានទំនិញ ក្នុងនោះរួមមាន ប្រដាប់ក្មេងលេង និងគ្រឿងអេឡិចត្រូនិច។ ហើយការលក់របស់ក្រុមហ៊ុន Amazon ទៅឲ្យអាជីវកម្មខ្នាតតូច និងមធ្យមបានកើនឡើងច្រើនជាង ២០ ភាគរយក្នុងថ្ងៃ Black Friday នេះបើធៀបកាលពីឆ្នាំមុន។ យោងតាមសេចក្តីរាយការណ៍របស់អ្នកចែកចាយបន្តបាននិយាយថា សរុបមកមានការបញ្ជាទិញទំនិញច្រើនជាង ១៨០ លានមុខទំនិញ។
ចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Amazon ក្នុងព្រឹត្តិការណ៍ Cyber Monday និង Black Friday កំពុងត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈពេលការលក់ក្នុងត្រីមាសទី ៣ និង ទី ៤ គឺវាលើសពីអ្វីដែលសារពត៌មាន Wall Street’s បានព្យាករណ៍ទៅទៀត។ យោងតាមសេចក្តីរាយការណ៍របស់អ្នកចែកចាយបន្តបានថ្លែងថា ពួកគេរំពឹងថាចំនួននៃការលក់សរុបអាចស្ថិតក្នុងចន្លោះពី ៦៦,៥ ពាន់លានដុល្លារ ទៅ ៧២,៥ ពាន់លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែផ្ទុយមកវិញវាបែរជាលើសពីអ្វីដែលពួកគេបានប៉ាន់ស្មាន គឺដល់ទៅ ៧៣,៨ ពាន់លានដុល្លារឯណោះ៕
