CEO ផលិតផលសម្អាង LiveGlam ប្រាប់ពីមេរៀនដែលគាត់ទទួលបានពីការបរាជ័យ

2876

លោក Dhar Mann គឺជាអ្នកជំនួញអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិ២៥លានដុល្លា។ មុននឹងគាត់ទទួលបានជោគជ័យនេះ គាត់ធ្លាប់ជួបប្រទះនឹងបញ្ហាជាច្រើនក្នុងមុខជំនួញដូចជា ផលិតផលដែលគាត់គិតថានឹងទទួលបានការពេញនិយមបែរជាមិនត្រូវគេចាប់អារម្មណ៍ មនុស្សជំនិតបានចាកចេញ លេចធ្លាយឯកសារតាមអ៊ីនធើណេតដែលធ្វើគាត់ខូចកេរ្តិ៍ឈ្មោះ និងបញ្ហាជាច្រើនទៀត។​ ប៉ុន្ដែទោះជាឧបសគ្គយ៉ាងណាក៏ដោយក៏គាត់មិនរួញរាហើយបានយកដើមទុន៦០០ដុល្លាមករកស៊ីរហូតក្លាយជាសេដ្ឋីដូចសព្វថ្ងៃ។ ខាងក្រោមនេះគឺជាមេរៀនចំនួន៥ដែលគាត់ទទួលបានពីការបរាជ័យមុនៗ។

១.កេរ្តិ៍ឈ្មោះមានតម្លៃជាងលុយ៖ កាលគាត់ចេញធ្វើការដំបូងគាត់បានសរសេរគម្រោងអោយអ្នកគ្រប់គ្រងដើម្បីធ្វើអោយក្រុមហ៊ុននោះមានការរីកចម្រើនឡើង។ គាត់សរសេរបានយ៉ាងល្អនៅពេលដែលដៃគូររកស៊ីឃើញហើយក៏យល់ព្រមចុះកុងត្រាភ្លាម ប៉ុន្ដែនៅពេលចុះកុងត្រាហើយគាត់ក៏សួរទៅកាន់អ្នកគ្រប់គ្រងថាតើក្រុមហ៊ុននឹងអនុវត្តតាមគម្រោងភ្លាមៗទេ? អ្នកគ្រប់គ្រងក៏ឆ្លើយថាយើងសរសេរដើម្បីតែអោយគេចុះកុងត្រាប៉ុណ្ណោះទេ មិនមែនចង់ធ្វើតាមគម្រោងឡើយ។ ស្ដាប់លឺដំបូងគាត់ក៏មិនសប្បាយចិត្តដែរ តែពេលនៅជាមួយមេយូរទៅក៏រៀនចេះតាមមេក្នុងការប្រើល្បិចរកស៊ី។ ក្រោយមកពេលចេញរកស៊ីខ្លួនឯងគាត់ក៏ត្រូវបានគេស្គាល់ថាជាអ្នកពូកែប្រើល្បិចដែលវាធ្វើអោយខូចកេរ្តិ៍ឈ្មោះ ខាតបង់ឳកាសជាច្រើន ហើយទម្រាំស្ដារបានកេរ្តិ៍ឈ្មោះវិញត្រូវចំណាយពេលប៉ុន្មានឆ្នាំ។

២.កុំបង្កើតផលិតផលល្មមប្រើបង្កើតអ្វីដែលល្អ៖ នៅពេលគាត់បង្កើតសាលាបង្រៀនខាងសម្អាងការអនឡាញដំបូងគាត់ប្រើទ្រឹស្ដី MVP (Minimum Viable Product) ដែលវាមានន័យថាផលិតផលដំបូងយើងគឺគ្រាន់តែធ្វើមកល្មមប្រើបានហើយចាំកែតម្រូវចំនុចខ្វះខាតតាមក្រោយទៀតពេលចេញផលិតផលថ្មី។ ដំបូងគាត់ទទួលបានជោគជ័យនឹងការបង្រៀននោះ តែក្រោយមកសិស្សក៏ចាប់ផ្ដើមរិះគន់ទៅលើកម្មវិធីបង្រៀន ដែលធ្វើអោយគាត់សម្រេចចិត្តបិទវាចោល។​ វាសំខាន់ណាស់ក្នុងការធ្វើអោយផលិតផលឬសេវាយើងល្អមុននឹងបញ្ចេញទៅក្នុងទីផ្សារព្រោះការរិះគន់របស់អតិថិជននឹងដក់ជាប់ក្នុងការគិតរបស់គេទោះបីជាផលិតផលក្រោយៗល្អប៉ុណ្ណាក៏ដោយ។

៣.មុននឹងពង្រីកអាជីវកម្មត្រូវធ្វើអោយវាដំណើរការល្អសិន៖ កាលពីឆ្នាំ២០១០គាត់បានបង្កើតហាងដើម្បីលក់កញ្ឆាសម្រាប់ប្រើប្រាស់ខាងផ្នែកវេជ្ជសាស្ត្រដ៏ធំមួយដែលបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកជំនួញជាច្រើន ហើយក៏មានគេទាក់ទងមកសុំបើកសាខាច្រើនដែរ។ គាត់សប្បាយចិត្តណាស់ព្រោះមិនគិតថាគំនិតរបស់ខ្លួនទទួលបានជោគជ័យលឿនយ៉ាងនឹង តែទោះបីជាមានការបើកហាងច្រើនក៏ដោយនៅពេលហាងថ្មីមួយបើកហាងចាស់មួយក៏ត្រូវបិទទ្វារដំណើរគ្នាដែរ។ អ្វីដែលគាត់រៀនបាននោះគឺទោះបីជាមុខជំនួញយើងល្អយ៉ាងណាក៏ដោយក៏យើងមិនអាចបង្កើតសាខាច្រើនក្នុងពេលភ្លាមៗនោះដែរ​ ប្រៀបដូច Walmart ដែលត្រូវការពេល២៥ឆ្នាំដើម្បីបង្កើតបានសាខា៣៨ទីតាំង។

៤.ទំនាក់ទំនងនឹងក្រុមការងារដោយបើកចំហ៖ គាត់កើតនៅក្នុងគ្រួសារមួយដែលមិនសូវមានការទំនាក់ទំនងគ្នាពីបញ្ហាប្រចាំថ្ងៃច្រើនទេ ហើយទម្លាប់នេះក៏បន្ដទៅក្នុងក្រុមហ៊ុនគាត់ទៀត។ នៅពេលមួយគាត់ធ្វើការស្ទង់មតិពីក្រុមការងារខ្លួន អ្វីដែលគាត់ទទួលបាននោះគឺសមាជិកមួយចំនួនគិតថាក្នុងក្រុមមិនមានការទុកចិត្តគ្នាព្រោះទិន្នន័យទាក់ទងនឹងការលក់ ហិរញ្ញវត្ថុ បញ្ហាក្នុងក្រុមហ៊ុន គោលដៅជាដើមមិនត្រូវបានចែកចាយអោយគ្រប់គ្នាដឹងឡើយ។ អ្វីដែលគាត់ទទួលបានពីបញ្ហានេះគឺយើងត្រូវតែមានតម្លាភាពរវាងសមាជិកក្រុមទាំងអស់​ មិនត្រូវលាក់ទុកនូវពត៌មានសំខាន់រវាងគ្នានឹងគ្នាទេ។

៥.កុំរស់នៅខុសពីសមត្ថភាពរបស់ខ្លួន៖ កាលពីអាយុជាងម្ភៃគាត់ចូលចិត្តភាពឡូយឆាយជិះឡានថ្លៃៗដើម្បីបង្ហោះទៅលើបណ្ដាញសង្គម ទោះបីជាពេលនោះគាត់មានលុយច្រើនគួរសមក៏ដោយក៏វាមិនអាចទ្រទ្រងជីវភាពរស់នៅបែបនោះឡើយ។​ ហេតុផលដែលគាត់ធ្វើបែបនេះគឺពេលគេឃើញថាគាត់ជាមនុស្សសម្បូរលុយមានមុខមានមាត់ មិនយូរមិនឆាប់ឳកាសនឹងរត់មករកជាមិនខាន។​ ការគិតខុសពីការពិតទាំងស្រុង ព្រោះអ្នកដទៃពេលគេឃើញគាត់ធ្វើខ្លួនដូចមហាសេដ្ឋីគេមិនមែនមកចង់ចាប់ដៃរកស៊ីជាមួយទេ តែគេបែរជាចង់ស្វែងរកផលចំនេញពីគាត់ទៅវិញ។ គាត់បន្ដរស់នៅក្នុងជីវភាពបែបនេះបានតែមួយរយៈប៉ុណ្ណោះព្រោះលុយដែលគាត់មានមិនអាចទ្រទ្រង់ការចំណាយបាន។ អ្វីដែលគាត់ចង់បង្រៀននោះគឺយើងមិនចាំបាច់ធ្វើខ្លួនឡូយឆាយពេកទេព្រោះមនុស្សដទៃគេមិនសូវចូលចិត្តហើយវាថែមទាំំងធ្វើអោយយើងអស់លុយច្រើនទៀតផង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។