រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) នាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌ

2704

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បាននាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌជាតិ ជាពិសេសចូលរួមលើកស្ទួយលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិត ប្រមាណជាង ៧សែននាក់ ដែលកំពុងបំពេញការងារនៅតាមរោងចក្រសហគ្រាសនានាទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីការអនុវត្តលក្ខខណ្ឌការងារនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការពលកម្មអន្តរជាតិ (ILO) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍លទ្ធផលរបាយការណ៍ឆ្នាំ ២០១៨ របស់ ILO-BFC ដែលបង្ហាញពីភាពប្រសើរឡើងនៃបរិយាកាសការងារ ការថយចុះអំពើហឹង្សា និងការមិនគោរពបទដ្ឋានច្បាប់ នៅតាមរោងចក្រសហគ្រាសចំនួន ៤៦៤ទីតាំង ក្រោមការចុះសិក្សា និងវាយតម្លៃពីគណៈកម្មាធិការពិគ្រោះយោបល់គម្រោង (PAC) ដែលចូលរួមដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសហជីពការងារ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ILO-BFC ដែលបានរួមចំណែកលើកកម្ពស់កិត្តិនាម និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងនាមជាប្រទេសផលិត និងនាំចេញផលិតផលសម្លៀកបំពាក់ ប្រកបដោយក្រមសីលធម៌ ស្របតាមបទដ្ឋានស្តង់ដារការងារខ្ពស់។ ឯកឧត្តមក៏បានសំណូមពរដល់ភាគីទាំងអស់ ប្រកាន់ខ្ជាប់វប្បធម៌សហការគ្នានេះបន្តទៀត ដើម្បីនាំមកនូវវឌ្ឍនភាពកាន់តែប្រសើរ សម្រាប់ឧស្សាហកម្មវាយនភណ្ឌនៅកម្ពុជា។

សូមជម្រាបថា តាមរយៈកិច្ចសហការអនុវត្តរយៈពេលជាង ១៥ឆ្នាំនេះ ILO-BFC បានជួយកែលម្អរលក្ខខណ្ឌការងារ និងបង្កើនប្រាក់ចំណេញដល់ឧស្សាហកម្មវាយនភណ្ឌកម្ពុជា តាមរយៈការផ្តល់សេវាអង្កេត និងវាយតម្លៃប្រតិបត្តិការរបស់រោងចក្រសហគ្រាស ការបណ្តុះបណ្តាលពិសេសដល់កម្មករ និងអ្នកគ្រប់គ្រង ការប្រឹក្សាយោបល់ និងការបង្ហាញព័ត៌មានជាសាធារណៈអំពីលក្ខខណ្ឌការងារផ្សេងៗ ដែលបានពង្រឹងកេរ្តិ៍ឈ្មោះឧស្សាហកម្មកាត់ដេរកម្ពុជា ហើយធ្វើឱ្យរោងចក្រភាគច្រើន ទទួលបានទំនុកចិត្តខ្ពស់ ជាមួយនឹងការបញ្ជាទិញកាន់តែច្រើន ពីទីផ្សារអន្តរជាតិធំៗនៅលើពិភពលោក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។