ចេះជំនាញទាំង៧នេះ ជួយអ្នកឲ្យអាចរកលុយបានកាន់តែងាយស្រួល

3395

តម្រូវការលុយពិតជាចាំបាច់សម្រាប់មនុស្សគ្រប់រូបនាពេល​បច្ចុប្បន្ន។ ដោយឡែកមានចំណោទជាច្រើនចោទសួរថា តើធ្វើយ៉ាងណាដើម្បីស្វែងរកប្រាក់ចំណូលកាន់តែងាយស្រួល? ខាងក្រោមនេះខ្ញុំនឹងលើកយកវិធីសាស្ត្រក៏ដូចជាជំនាញទុនទាំង៧មកបកស្រាយត្រួសៗ៖

១. ការអប់រំខ្លួនឯង

សង្គមកម្ពុជាបច្ចុប្បន្ន ត្រូវការយ៉ាងខ្លាំងចំពោះអ្នកដែលចេះដឹងប្រាកដប្រជា។ ការពង្រឹងចំណេះដឹងគឺពិតជាសំខាន់ខ្លាំងណាស់ដែលមនុស្សគ្រប់រូបគួរយកចិត្តទុកដាក់គិតគូទៅលើ​ ពោលគឺ ការប្រើប្រាស់បញ្ញាទៅរកស៊ីជួញដូរ ក៏ដូចជាធ្វើអ្វីផ្សេងៗ ប្រសើរជាងការប្រើប្រាស់កំលាំងបាយទៅធ្វើ។ វាជាប្រភពចំណូលដ៏ខ្លាំងក្លាមួយបើសិនជាអ្នកចេះប្រើប្រាស់វាបានល្អដូចជាការវិនិយោគ ការផ្តល់សេវាថ្លៃៗដូចជាបើកវគ្គបង្រៀន  សេវាប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងសេវាផ្នែកច្បាប់ជាដើម។  ការពង្រឹងចំណេះដឹងនេះដែរ​ មិនមែនទាល់តែទៅរៀននៅសកលវិទ្យាល័យនោះទេ តែអ្នកក៏អាច​ធ្វើទៅបានតាមរយៈការអានសៀវភៅ ការរៀនពីអ្នកធ្វើការជាក់ស្តែង រៀនពីការងារផ្ទាល់ និងស្វ័យសិក្សារតាមរបៀបជាច្រើនទៀត។

២. ការចេះធ្វើការងារជាក្រុម

ការធ្វើការងារជាក្រុមមានអត្ថប្រយោជន៏ជាច្រើនចំពោះអ្នកដែលមានបំណងចង់ក្លាយជាអ្នកដឹកនាំ​ វាអាចជួយពង្លឿនល្បឿនការងាររបស់អ្នកឲ្យកាន់តែមានប្រសិទិ្ធភាពជាជាងដែលអ្នកធ្វើវាតែម្នាក់ឯង។ ដោយដូចពាក្យស្លោកមួយតែងពោលថា បើអ្នកចង់ដើរលឿន អ្នកត្រូវ​ដើរម្នាក់ឯង បើអ្នកចង់ដើរបានវែងឆ្ងាយ អ្នកត្រូវដើរជាក្រុម។ ត្រង់នេះខ្ញុំចង់មានន័យថា ធ្វើការជាក្រុមហ៊ុនគឺរកលុយស្រួលកម្លាំងជាងការធ្វើការម្នាក់ឯង។ ដូចជាបើកក្រុមហ៊ុនជាដើម អ្នកមិនអាចធ្វើម្នាក់ឯងបានទេ ហើយបើធ្វើបានក៏ដោយវេទនា និងមិនមានចិរភាពដែរ។

៣. ការធ្វើឲ្យខ្លួនអ្នកមានវិន័យល្អ

វិន័យ​ គឺការប្រតិបត្តិទំលាប់ប្រចាំថ្ងៃរបស់អ្នក។ ការប្រកាន់ភ្ជាប់នូវវិន័យល្អ ដូចជា ការគ្រប់គ្រងពេលវេលា  ការប្រកាន់ភ្ជាប់ពាក្យសម្តី ការគោរពអ្នកដទៃ ការមិនរើសអើងជាដើម គឺចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប។ ការរកស៊ីជួញដូរផ្សេងៗរមែងតែងតែត្រូវការមនុស្សដែលមានវិន័យក្នុងខ្លួន ដូចនេះ បើអ្នកមិនមានវិន័យក្នុងខ្លួនល្អទេ នោះការរកប្រាក់កក់ក៏មិនរលូននោះដែរ ហើយអ្នកនឹងពិបាកស្មុកស្មាញជាមួយមុខជំនួញជួញដូរផ្សេងៗ។

៤. ការចេះចែករំលែកចំណេះដឹង

ក្នុងនាមអ្នកជាអ្នកជំនួញ វប្បធម៌ចែករំលែកគឺសំខាន់។ វា អាចជួយអ្នកក្នុងការពង្រីកចំណេះដឹងបន្ថែម យល់ដឹងពីកត្តាផ្សេងៗដែលអ្នកគិតពុំទាន់ឃើញពីមុនមក ហើយអ្វីដែលអាចជួយអ្នកឲ្យរកលុយបានងាយស្រួលជាងមុននោះគឺ ទំនាក់ទំនង។ ការចែករំលែក គឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការបង្កើតទំនាក់ទំនង ដែលនិយាយឲ្យកាន់តែងាយយល់ គឺយើងជួយគេ គេជួយយើងម្នាក់ម្តង ហើយចំពោះការរកស៉ីវាគឺសំខាន់ណាស់។

៥.​ កុំភ័យខ្លាចក្នុងការសុំជំនួយ

បើអ្នកមានការភ័យខ្លាចក្នុងការសុំជំនួយ នោះអាចសបញ្ជាក់ថាអ្នកមិនសូវមានភាពជឿជាក់លើខ្លួនអ្នក ឬអ្នកមិនមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនអ្ន​ក។ ហើយបើអ្នកមិនហ៊ានសុំជំនួយពីអ្នកដទៃ នោះប្រាកដណាស់អ្នកនឹងបរាជ័យ។ ទន្ទឹមនឹងនេះដែរ ការបង្កើតទំនាក់ទំនងល្អ ការផ្តល់ទំនុកចិត្តដល់មិត្តភក្រ ក្រុមគ្រួសារ គឺងាយស្រួលណាស់ក្នុងការសុំរកជំនួយ ព្រោះពួកគេបានជឿទុកចិត្តលើអ្នករួចជាស្រេចថាអ្នកនឹងធ្វើការងារនោះបានជោគជ័យ។

៦. សិក្សាពីភាពជោគជ័យរបស់អ្នកជោគជ័យ

យើងអាចនិយាយបានថា ការរៀនពីបទពិសោធន៏របស់អ្នកជោគជ័យមុនៗជាមេរៀនដ៏ល្អបំផុតសម្រាប់អភិវឌ្ឍន៏ខ្លួនអ្នក។ តែយើងមិនអាចប្រាកដថារឿងដែលពួកគាត់ឆ្លងកាត់ពីមុននឹងកើតឡើងម្តងទៀតនោះទេ ប៉ុន្តែយ៉ាងហោចណាស់ អ្នកអាចយល់ពីអ្វីដែលត្រូវសាកល្បង អ្វីដែលអ្នកគួរយកត្រាប់តាមពួកគាត់ និងដឹងបទពិសោធន៏ល្អៗជាច្រើនដែលពួកគាត់បានឆ្លងកាត់រួច។

៧. សិក្សារពីភាពបរាជ័យរបស់អ្នកជោគជ័យ

មនុស្សគ្រប់រូបសុទ្ធតែមានរឿងដែលជោគជ័យ និងបរាជ័យ។ ទន្ទឹមនឹងការសិក្សាពីភាពជោគជ័យ អ្នកក៏ត្រូវស្វែងយល់បន្ថែមពីរឹសគល់នៃការបរាជ័យទាំងនោះផងដែរ។ វាជាមេរៀនល្អមួយដែលអ្នកអាចជៀសវាង ឬកាត់បន្ថយហានិភ័យដែលបំរុងនឹងរារាំងអ្នកនៅពេលអនាគតបាន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Lygech, she was graduated from UEF in faculty of Finance and Banking, now she is also pursuing a degree of Business Administration in PUC. Currently she is running her own business as a retailer imported products from China and working for Apamat.