ជំនាញបី ដែលអ្នកគ្រប់គ្រងអាជីវកម្មគួរចេះ

3618

ប្រសិនបើអ្នកកំពុងតែដឹកនាំអាជីវកម្មផ្ទាល់ខ្លួន អ្នកប្រាកដជាដឹងថាវាមិនងាយស្រួលនោះទេក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វា។ មានចំណេះដឹង និងជំនាញជាច្រើនដែលអ្នកត្រូវចេះ ប៉ុន្តែខាងក្រោមនេះគឺជាជំនាញទន់បីដែលយើងចង់ចែករំលែកដល់អ្នកទាំងអស់គ្នា។

១.ចេះបដិសេដ៖ គំនិត ឬឱកាសល្អៗ តែងតែលេចចេញឡើងជាញឹកញយ ដែលពេលខ្លះវាធ្វើអោយយើងចាប់អារម្មណ៍ខ្លាំងណាស់ដែរ។ នៅក្នុងអាជីវកម្មមួយៗសុទ្ធតែមានគម្រោង និងយុទ្ធសាស្ត្ររៀងៗខ្លួន ម្ល៉េះហើយបើយើងចង់អនុវត្តគំនិតថ្មីនោះយើងត្រូវសួរខ្លួនឯងថា តើវាសមស្របតាមគម្រោងអាជីវកម្មយើងដែរឬទេ? ពេលខ្លះគំនិតមានភាពទាក់ទាញមែនតែប្រសិនបើវាមិនត្រូវទៅតាមអ្វីដែលអាជីវកម្មយើងចង់បាន វាអាចផ្ដល់ផលល្អក្នុងរយៈខ្លីប៉ុណ្ណោះ។​ ក្នុងនាមជាអ្នកដឹកនាំម្នាក់យើងត្រូវចេះបដិសេធ និងដឹងថាពេលណាត្រូវបដិសេធ ព្រោះគំនិត និងឱកាសតែងតែមានថ្មីជានិច្ច បើយើងនៅតែតាមវាយើងនឹងមិនអាចផ្ដោតលើអ្វីជាក់លាក់មួយឡើយ។ ឧទាហរណ៍ Apamat ផ្ទាល់ក៏ធ្លាប់មានអ្នកផ្ដល់យោបល់អោយសរសេរពត៌មានទាក់ទងនឹងសង្គមដែរ ព្រោះមានគេចាប់អារម្មណ៍ច្រើន និងចង់អានជាងពត៌មានដែលទាក់ទងនឹងការរកស៊ី ប៉ុន្ដែ Apamat នៅតែរក្សាគោលការណ៍ក្នុងការផ្ដល់នូវពត៌មានដែលទាក់ទងនឹងការធ្វើជំនួញដដែល។

២.ចេះផ្ដល់ពេលវេលាដល់ខ្លួនឯង៖ ប្រាកដណាស់ថាក្នុងការរកស៊ី អ្នកគ្រប់គ្រងគេតែងតែមានការងារច្រើនត្រូវធ្វើមិនថាជួបជាមួយភ្ញៀវ កម្ម៉ង់ទំនិញ គ្រប់គ្រងបុគ្គលិក ឬគិតរកវិធីធ្វើទីផ្សារថ្មីៗជាដើម។ យើងអាចធ្វើការទាំងនោះល្អបាន លុះត្រាណាតែយើងចេះអភិវឌ្ឍខ្លួនឯងដែរ ដូចនេះហើយវាចាំបាច់សម្រាប់យើងក្នុងការប្រើប្រាស់ពេលវេលាខ្លះក្នុងការធ្វើកិច្ចការ ឬសិក្សាស្វែងយល់ពីអ្វីដែលផ្ដល់ចំណេះដឹងថ្មីៗដល់យើងបាន ដោយមិនគួរផ្ដោតពេលវេលាទាំងអស់លើការងារទេ។

៣.ចេះផ្ដល់ឱកាសដល់បុគ្គលិកក្នុងការអភិវឌ្ឍន៍ខ្លួន៖ ការរកស៊ីគឺចាំបាច់បំផុតត្រូវប្រើមនុស្ស ហើយអាជីវកម្មយើងដើរទៅមុខ ឬថយក្រោយគឺអាស្រ័យលើបុគ្គលិក។ ក្នុងនាមជាអ្នកដឹកនាំគេហើយគួរផ្ដល់ឱកាសអោយបុគ្គលិករៀននូវចំណេះដឹងថ្មីៗណាដែលទាក់ទងនឹងមុខងាររៀងៗខ្លួន ឬប្រសិនបើអាចគួរផ្ដល់តួនាទីណាដែលមានទំនួលខុសត្រូវច្រើនជាងមុន ដែលនេះមិនត្រឹមតែផ្ដល់​ឱកាសអោយគេបញ្ចេញសមត្ថភាពទេ ថែមទាំងមានន័យថាយើងមានទំនុកចិត្តលើរូបគេទៀតផង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។