វីធីចំនួន ៦ ដែលអ្នកអាចរកលុយបានពី Instagram

4179

នៅកម្ពុជាបច្ចុប្បន្ន កំពុងនិយមលើការរកលុយពី Youtube, Facebook Instant Article, និង Google Adsense ប៉ុន្តែបើនិយាយអំពីការរកលុយពី Instagram គឺមានតិចតួចខ្លាំងណាស់។ ត្បិតតែការរកលុយពី Instagram មិនមែនជាការរកលុយបានពីក្រុមហ៊ុនដោយផ្ទាល់ដូចជា Google, Youtube និង Facebook ក៏ដោយ ប៉ុន្តែគេអាចរលុយបានយ៉ាងច្រើនពី Instagram ដោយប្រើវិធីដូចខាងក្រោម៖

១. លក់គណនី

បើអ្នកកំពុងប្រើប្រាស់ Instagram អ្នកប្រហែលជាធ្លាប់ឃើញគណនីរបស់ជនបរទេស ជាពិសេសពួកអ៉ឺរ៉ុបចុច Follow អ្នកដើម្បីឲ្យអ្នកចុច Follow គេវិញ ហើយពេលខ្លះ Comment នៅក្រោមផូសរបស់អ្នក ឬពេលខ្លះផ្ញើសារមកអ្នក និយាយសរសើរអ្នក ហើយសុំឲ្យអ្នកចុច Follow គេវិញ។ គេប្រើវិធីជាច្រើនទៀតដើម្បីបានចំនួនអ្នកចុច Follow គេឲ្យបានកាន់តែច្រើន  និងឆាប់រហ័សដោយមិនចំណាយលុយ Boost ហើយបន្ទាប់មកគេលក់គណនីនោះទៅឲ្យម្ចាស់អាជីវកម្ម ឬអ្នកដែលរកលុយពី Instagram តាមវិធីផ្សេងទៀត។

២. លក់សៀវភៅជាឯកសារ PDF  ឬលក់មេរៀនគន្លឹះផ្សេងៗ

បើអ្នក Follow គណនីដែលផូសអំពី Business ឬអំពីភាពជាអ្នកមាន នោះអ្នកប្រហែលជាធ្លាប់ឃើញគេផ្សាយលក់សៀវភៅថ្មីៗអំពីគន្លឹះក្លាយជាអ្នកមាន គន្លឹះរកចំណូលបានច្រើន ឬគន្លឹះធ្វើចំនួញផ្សេងៗជាច្រើនទៀត។ គេមានវេបសាយមួយ ហើយបើអ្នកចង់ទិញ អ្នកត្រូវចុចតាម Link ដែលគេឲ្យ ហើយបង់លុយតាមរយៈគេហទំព័ររបស់គេសិន ទើបអ្នកអាចអានគន្លឹះ ឬមេរៀនទាំងនោះបាន។ វិធីសាស្ត្រនេះមានឥទ្ធិពលខ្លាំងណាស់ ទោះបីជាមើលទៅគេលក់ឯកសារ ឬមេរៀនមួយក្នុងតម្លៃតែ $3 ឬក្រោម $10 ក៏ដោយ ព្រោះគណនីរបស់ពួកគេខ្លះមានអ្នកចុច Follow ដល់ទៅរាប់លាននាក់ឯណោះមកពីជុំវិញពិភពលោក។ ដូច្នេះបើមានអ្នកទិញ 10ម៉ឺននាក់ ក្នុងតម្លៃមួយមេរៀន $3 នោះគេនឹងរកលុយបាន 30ម៉ឺនដុល្លារមិនខាន។ 

៣. លក់សំបុត្រចូលមើលសិក្ខាសាលាតាមអ៉ីនធើណិត

លក្ខណៈពិសេសមួយរបស់ Instagram ខុសពី Facebook ត្រង់ថាអ្នកដែលប្រើវាគឺភាគច្រើនជាអ្នកមានលុយ និងមានចំណេះដឹងខ្ពស់ជាងអ្នកប្រើ Facebook។ នៅកម្ពុជាក៏ដូចគ្នា អ្នកប្រើ Instagram ភាគច្រើនមានភាពថ្លៃថ្នូរ និង High Class ជាងនៅលើ Facebook។

នៅពេលមានសិក្ខាសាលាធំដែលមានអ្នកបង្វឹកជាមហាសេដ្ឋី និងមនុស្សល្បីៗ ក្រៅពីលក់សំបុត្រចូលរួមដោយផ្ទាល់ គេនៅអាចលក់សំបុត្រចូលមើលតាមអ៉ីនធើណិតផងដែរ ដើម្បីឲ្យមនុស្សនៅជុំវិញពិភពលោកអាចមើល និងស្តាប់បាន។ ដើម្បីអាចចូលមើលការ Live ផ្ទាល់បាន គេតម្រូវឲ្យចូលវេបសាយរបស់គេ ឬខ្លះចូលមើលតាម App ដូចជាកម្មវិធីរបស់ One Champion ជាដើម។

៤. លក់ទំនិញ

បច្ចុប្បន្នការលក់ទំនិញនៅលើគណនីផ្ទាល់ខ្លួនលើ Instagram មានទំនុកចិត្តជាងនៅលើ Facebook ហើយអតិថិជនក៏មិនសូវសូញសាញដូចលក់នៅលើ Facebook ហើយម៉្យាងលក់បានថ្លៃទៀតផង។ 

៥.ផ្សាយពាណិជ្ចកម្មឲ្យក្រុមហ៊ុន និងផលិតផលផ្សេងៗ

យុវវ័យកម្ពុជាដែលមានរូបសម្បត្តិស្អាតៗកំពុងតែរកលុយបានយ៉ាងច្រើនពីម៉ាកសម្លៀកបំពាក់ល្បីៗ និងផលិតផលគ្រឿងសំអាចល្បីៗ។ គណនីដែលល្បី មានអ្នកចុច Follow ច្រើន នឹងទទួលបានការទាក់ទងពីក្រុមហ៊ុនទាំងនោះឲ្យផ្សាយពាណិជកម្មឲ្យពួកគេ ហើយបន្ទាប់ពីចរចារតម្លៃត្រូវគ្នា គេនឹងចុះកុងត្រាដោយតម្រូវឲ្យម្ចាស់គណនីនោះផូសរូបដោយស្លៀកសម្លៀកបំពាក់របស់ក្រុមហ៊ុន និងសរសេរ Caption ប្រូម៉ូតឲ្យយីហោទាំងនោះ។ ប្រសិនបើផ្សាយឲ្យអាជីវកម្មខ្នាតតូចវិញ គេគិតថ្លៃក្នុងមួយផូស ដែលអាចផលិតជាវីឌីអូ ឬគ្រាន់តែថតរូបផូសជាមួយផលិតផល។

៦. រកលុយពី Affiliate Marketing

នេះជាវិធីមួយដ៏ពេញនិយមនៅបរទេស គឺរកលុយពីការជួយលក់ទំនិញឲ្យក្រុមហ៊ុនផ្សេងៗតាមតំណរ link របស់អ្នកដើម្បីបានលុយទឹកតែ។ ប្រសិនបើគណនី Instagram របស់អ្នកមានអ្នក Follows ច្រើន វាមិនពិបាកពេកទេក្នុងការរកលុយពីវិធីនេះ ហើយនៅកម្ពុជាអ្នកគួរភ្ជាប់ Link ជាមួយក្រុមហ៊ុនលក់សៀវភៅដូចជាក្រុមហ៊ុន Amazon ជាដើម។ រាល់ពេលមានអ្នកទិញសៀវភៅតាមរយៈតំណរ link របស់អ្នក នោះអ្នកនឹងទទួលបានភាគរយប្រហែល ១០% នៃតម្លៃសៀវភៅ ឬទំនិញនោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។