Marriott គឺជាក្រុមហ៊ុនខាងបដិសណ្ឋារកិច្ចដ៏ធំបំផុតមួយក្នុងពិភពលោក ហើយក្រុមហ៊ុននេះក៏មានសណ្ឋាគារនៅក្នុងទីក្រុងធំៗមួយចំនួនរបស់កម្ពុជាផងដែរ។ កាលពីពេលថ្មីៗនេះខាងក្រុមហ៊ុន Marriott បានប្រកាសថាមានការលេចធ្លាយឯកសាររបស់អតិថិជនជាង៥០០លាននាក់ដែលធ្លាប់និងកំពុងស្នាក់នៅក្នុងសណ្ឋារគាររបស់ខ្លួន។ ក្នុងនោះពត៌មានទាក់ទងនឹងក្រេឌីតកាតមួយចំនួនក៏ត្រូវបានលេចធ្លាយផងដែរ ដោយការលេចធ្លាយឯកសារនេះកើតឡើងតាំងតែពីឆ្នាំ២០១៤ រហូតដល់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨។ ពត៌មានដែលពួកហេកឃើយកបានពីអតិថិជន៣៦៧លាននាក់មានដូចជា ឈ្មោះ អាស័យដ្ឋាន អ៊ីម៉ែល លេខលិខិតឆ្លងដែន ថ្ងៃខែកំណើត…។ កាលពីថ្ងៃទី១៩ វិច្ឆិកា ក្រុមហ៊ុនបានអោយដឹងថាមានការចូលលុកលុយឯកសាររបស់ Starwood ដែលជាក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារដូចជា W Hotels, St. Regis, Sheraton Hotels & Resorts, Westin Hotels & Resorts, Element Hotels, Aloft Hotels, The Luxury Collection, Tribute Portfolio, Le Méridien Hotels & Resort, Four Points by Sheraton និង Design Hotels។
គួររំលឹកផងដែរថា Marriott បានទិញយក Starwood កាលពីឆ្នាំ២០១៦ ដែលពេលនេះគឺជាបុត្រសម្ព័ន្ធរបស់ Marriott។ ការវាយប្រហារនេះប៉ះពាល់ដែលសណ្ឋារគារដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Starwood ប៉ុណ្ណោះខណៈដែលសណ្ឋាគារផ្សេងៗដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Starwood មិនទទួលរងនូវការវាយប្រហារនេះទេ។ លោក Arne Sorenson ដែលជា CEO របស់ Marriott បានបង្ហាញពីការសោកស្ដាយចំពោះការធ្វើអោយមានភាពថ្លោះធ្លោយនេះ ហើយក្រុមហ៊ុនក៏បានផ្ដល់ដំណឹងទៅកាន់អ្នកជំនាញក្នុងការស៊ើបអង្កេតលើហេតុការណ៍នេះហើយ៕
