អាមេរិក(Fox Business)៖ ក្រុមហ៊ុន Microsoft ទើបតែបានទម្លាក់ក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោក ខណៈពេលដែលក្រុមហ៊ុននេះបានព្យាយាមតស៊ូរើខ្លួន និងជំរុញឱ្យក្រុមហ៊ុនរបស់ខ្លួនយកឈ្នះគេនៅក្នុងទីផ្សារដែលកំពុងតែធ្លាក់ចុះ។
មូលធនទីផ្សាររបស់ក្រុមហ៊ុន Apple បច្ចុប្បន្នមានប្រមាណ 847 ពាន់លានដុល្លារ ខណៈ ក្រុមហ៊ុន Microsoft 851 ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Associated Press ។ ក្រុមហ៊ុន Microsoft អាចផ្តួល Apple ដោយសារតែតម្លៃភាគហ៊ុនរបស់ Apple បានធ្លាក់ចុះជិត 20 ភាគរយកាលពីខែវិច្ឆិកា។
ក្នុងអំឡុងពេលប្រជុំរបស់ខ្លួនកាលពីថ្ងៃទី 1 ខែវិច្ឆិកា ក្រុមមន្ត្រីរបស់ Apple បានព្រមានថាការលក់ក្នុងរដូវឈប់សម្រាក ទំនងជានឹងលក់បានតិចជាងការព្យាករណ៍ទុករបស់ Wall Street ។ ពួកគេក៏បាននិយាយថា ពួកគេមិនចង់បង្ហាញពីចំនួននៃការលក់ទូរស័ព្ទ iPhone នៅក្នុងរបាយការណ៍ប្រចាំត្រីមាសដែលជំរុញឱ្យអ្នកវិនិយោគព្រួយបារម្ភថាការលក់នឹងបន្តធ្លាក់ចុះនោះទេ។
យោងតាមទិន្នន័យរបស់ផ្សារហ៊ុន Dow Jones បានឱ្យដឹងថាក្រុមហ៊ុន Microsoft ខកខានមិនបានកាន់តំណែងជាក្រុមហ៊ុនអាមេរិកដែលមានតម្លៃថ្លៃបំផុតចាប់តាំងពីឆ្នាំ 2003 មក។ ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិលោក Satya Nadella ក្រុមហ៊ុន Microsoft ទទួលបានអត្ថប្រយោជន៍ជាច្រើន អំពីតម្រូវការសម្រាប់សេវាកម្មកុំព្យូទ័រតាមរលកអាកាស (Cloud Computing) ខណៈពេលដែល Apple មានការភ័យខ្លាចអំពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
គួររំលឹកដែលថា កាលពីខែសីហា ឆ្នាំ2018 កន្លងទៅ ក្រុមហ៊ុន Apple មានតម្លៃមូលធនទីផ្សារដល់ទៅ 1ទ្រីលានដុល្លារអាមេរិកឯណោះ៕
