ចំណុចខ្លឹមៗដែលគួរមាននៅក្នុងផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក

3044

តើអ្នកមានផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯងហើយឬនៅ? ការកំណត់គោលដៅចំពោះអ្វីដែលអ្នកចង់បាន អាចរំលឹកអ្នក និងរក្សាការតាំងចិត្ត មិនបោះបង់គោលដៅដោយងាយៗ។ ហើយការមានគោលដៅច្បាស់លាស់ គឺជាកូនសោរជួយអ្នកឲ្យជោគជ័យក្នុងជីវិតផ្នែកហិរញ្ញវត្ថុ។ បើសិនជាអ្នកមិនទាន់មានផែនការ ឬគម្រោងហិរញ្ញវត្ថុផ្ទាល់ខ្លួនទេ ចំណុចខាងក្រោមនេះអាចជួយអ្នកឲ្យមានគម្រោងហិរញ្ញវត្ថុដ៏ល្អមួយ។

១. រស់នៅត្រូវគិតពីក្រពះ

រស់នៅត្រូវគិតពីក្រពះ មានន័យថាកុំចាយលើសចំណូលប្រចាំខែរបស់អ្នក។ ប្រសិនបើអ្នកមិនអាចរក្សាខ្ទង់ចំណាយឲ្យទាបជាងចំណូល ដើម្បីទុកគម្លាតដើម្បីសន្សំខ្លះនោះទេ អ្នកមិនអាចសម្រេចគោលដៅហិរញ្ញវត្ថុបានឡើយ។

នៅពេលអ្នកមិនចាយលើសចំណូលទេនោះ អ្នកនឹងមិនជំពាក់បំណុលគេ។ នៅពេលអ្នកមិនជំពាក់បំណុលគេរាល់ខែ អ្នកនឹងសល់លុយដើម្បីយកទៅបង្កើតលុយបន្ថែម។

២. ត្រូវត្រៀមលុយសម្រាប់ពេលមានអាសន្ន

ទោះបីជាអ្នករស់នៅចាយតិចជាងចំណូល ឬមិនជំពាក់បំណុលគេក៏ដោយ ប៉ុន្តែលុយដែលនៅសល់តិចតួចប្រហែលជាមិនអាចយកមកប្រើគ្រប់ក្នុងគ្នាអាសន្ននោះទេ។ ប្រសិនបើអ្នកស្រាប់តែឈឺ ហើយមិនអាចទៅធ្វើការបាន ឬក៏មានគ្រោះថ្នាក់ចៃដន្យ នោះវានឹងជាបញ្ហាសម្រាប់ហិរញ្ញវត្ថុរបស់អ្នកមិនខាន ប៉ុន្តែបើអ្នកមានលុយត្រៀមសម្រាប់គ្រាអាសន្ន អ្នកនឹងអាចគេចចេញពីបញ្ហានោះបាន។

អ្នកគួរតែត្រៀមលុយសម្រាប់គ្រាមានអាសន្ន យ៉ាងតិចស្មើរនឹងចំណាយប្រចាំខែរបស់អ្នកចំនួន ៦ខែ។ មានន័យថា បើចៃដន្យ អ្នកបាត់បង់ការងារ ឬមិនអាចទៅធ្វើការបាន ក៏អ្នកនៅតែមានលុយសម្រាប់ចំណាយក្នុងរយៈពេល ៦ខែ មុននឹងអ្នកអាចទៅរកលុយបានវិញ។

៣.គម្រោងប្រាក់ចំណាយលើការសិក្សារបស់កូនៗ

បើអ្នកនៅលីវ អ្នកប្រហែលជាធ្លាប់គិតថាបន្ទាប់ពីមានគ្រួសារ អ្នកនឹងត្រូវចំណាយកាន់តែច្រើន ជាពិសេសចំណាយលើការសិក្សារបស់កូនៗ ព្រោះវាជាទំនួលខុសត្រូវរបស់អ្នក។ បើអ្នកធ្លាប់ឆ្លងកាត់ការសិក្សាខ្លួនឯង អ្នកប្រាកដជាដឹងថាគួរចំណាយលើអ្វីខ្លះទើបធ្វើឲ្យការសិក្សាមានប្រសិទ្ធភាព។

ឥឡូវនេះប្រជាជនខ្មែរកាន់តែច្រើន យល់ដឹងអំពីគម្រោងចំណាយលើការសិក្សារបស់កូនៗ ហើយពួកគាត់បានទិញធានារ៉ាប់រងលើការចំណាយថ្លៃសិក្សាសម្រាប់អនាគតកូនៗរបស់គាត់ និងខ្លះទៀតបង្កើតគណនីធនាគារសន្សំប្រាក់សម្រាប់ឲ្យកូនៗរៀន។

៤.រៀបគម្រោងសម្រាប់ថ្ងៃចូលនិវត្តន៍

តើអ្នកចង់ឈប់ធ្វើការនៅអាយុប៉ុន្មាន ឬក៏បន្តធ្វើការរហូតដល់ថ្ងៃស្លាប់? តែបើមាននរណាម្នាក់សួរខ្ញុំនូវសំនួរនេះ ខ្ញុំនឹងប្រាប់ថាខ្ញុំនឹងឈប់ធ្វើការនៅអាយុ ៦០ឆ្នាំ ហើយខ្ញុំនឹងចំណាយជីវិតដែលនៅសេសសល់ដើម្បីចំណាយពេលនៅក្បែរគ្រួសារ ធ្វើដំណើរកំសាន្តពិភពលោក និងធ្វើកិច្ចការសង្គម។ ប៉ុន្តែនៅពេលខ្ញុំឈប់ធ្វើការ មានន័យថាខ្ញុំមានផែនការហិរញ្ញវត្ថុ មានលុយគ្រប់គ្រាន់សម្រាប់ចាយវាយ និងមានប្រភពចំណូលពីការវិនិយោគនានា។

ដូច្នេះ អ្នកក៏គួរតែមានគម្រោងហិរញ្ញវត្ថុសម្រាប់ពេលចូលនិវត្តន៍ផងដែរ ហើយបើអ្នកមិនទាន់មានលុយ និងប្រភពចំណូលច្រើនទេ អ្នកគួរសន្សំ និងបង្កើតប្រភពចំណូលដើម្បីសម្រេចគោលដៅទាំងនោះ។

បើអ្នកមានគម្រោងហិរញ្ញវត្ថុរួចហើយ ឬក៏កំពុងសរសេរ អ្នកគួរពិនិត្យមើលអំពីចំណុចទាំងអស់ខាងលើ ថាវាមាននៅក្នុងគម្រោងរបស់អ្នកឬអត់។ បើអ្នកមិនសូវពូកែខាងហិរញ្ញវត្ថុ អ្នកគួរប្រឹក្សាជាមួយអ្នកជំនាញដែលគេជោគជ័យហើយ ដើម្បីជួយអ្នកឲ្យគម្រោងហិរញ្ញវត្ថុរបស់អ្នកក្លាយជាការពិត កុំព្យាយាមពិភាក្សាជាមួយបុគ្គលិកក្រុមហ៊ុនវិនិយោគ ព្រោះពួកគេចង់បានលុយពីអ្នក ជាជាងគិតពីអនាគតហិរញ្ញវត្ថុរបស់អ្នក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...