ផលប៉ះពាល់ដល់តម្លៃប្រេង ៖ ប្រទេសកាតាសម្រេចដកខ្លួនចេញពីក្រុមប្រទេសផលិតប្រេង Opec

1924

ទីក្រុងដូហា(Bloomberg)៖ ប្រទេសកាតាបានប្រាកាសថាខ្លួននឹងចាកចេញពីអង្គការប្រទេសនាំចេញប្រេងដែលហៅកាត់ថា Opec នៅខែក្រោយនេះ ហើយវាជាការគំរាមកំហែងដល់ការបែកបាក់សាមគ្គីភាពរបស់អង្គការនេះ ខណៈដែលខ្លួនព្យាយាមរក្សាសម្ព័ន្ធភាពសកលលោកដើម្បីគ្រប់គ្រងទីផ្សារប្រេង។

រដ្ឋមន្ត្រីថាមពលរបស់កាតា លោក Saad Sherida Al-Kaabi បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងដូហា កាលពីថ្ងៃចន្ទថា ប្រទេសកាតាដែលជាសមាជិកមួយចាប់តាំងពីឆ្នាំ 1961 នឹងធ្វើការផ្តោតលើផលិតកម្មឧស្ម័នធម្មជាតិរបស់ខ្លួន ហើយបានជូនដំណឹងដល់បណ្តាប្រទេសនាំប្រេងចេញនូវការសម្រេចចិត្តរបស់ខ្លួនរួចរាល់ហើយ។ អ្នកនាំពាក្យម្នាក់របស់ Opec បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះ។

កាតាគឺជាក្រុមហ៊ុនផលិតប្រេងដ៏ធំបំផុតទី 11 របស់ Opec ដែលមានចំនួនតិចជាង 2 ភាគរយនៃទិន្នផលសរុប ដូច្នេះការចាកចេញរបស់កាតា គឺសំខាន់បំផុតក្នុងការធ្វើឲ្យផលប៉ះពាល់ដល់សក្តានុពលលើសម្ព័ន្ធភាពរបស់អង្គការទាំងមូល។ សេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើងប៉ុន្មានថ្ងៃមុនពេលកិច្ចប្រជុំដ៏សំខាន់មួយដោយសារតែសមាជិក និងសម្ព័ន្ធមិត្តរបស់ Opec បានថ្លឹងថ្លែងលើការកាត់បន្ថយការផលិត ដើម្បីរក្សាស្ថេរភាពទីផ្សារដែលទទួលរងនូវការខាតបង់អាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ កាតា ជាប្រទេសដើមបូព៌ាដំបូងគេដែលចាកចេញពីអូប៉ិច។

លោក Amrita Sen ប្រធានក្រុមអ្នកវិភាគប្រេងប្រចាំក្រុមហ៊ុនថាមពល Energy Aspects Ltd នៅទីក្រុងឡុងបានថ្លែងថា: «ការចាកចេញពី Opec គឺជាសញ្ញាដ៏ធំមួយសម្រាប់កាតា»។ “ផលិតកម្មប្រេងរបស់កាតាមានស្ថិរភាព និងមានការរំពឹងទុកថាវានឹងមានការកើនឡើង”។

ទំនាក់ទំនងនៅក្នុងអង្គការនេះ ជាញឹកញាប់ត្រូវបានគេរួមបញ្ចូលទាំងរវាងកាតា និងមេដឹកនាំក្រុម គឺអារ៉ាប៊ីសាអ៊ូឌីត។ ក្រុមប្រទេសចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានអនុវត្តការបិទផ្លូវមួយលើកាតា កាលពីខែមិថុនាឆ្នាំមុនដោយកាត់ផ្តាច់ទំនាក់ទំនងការទូត និងពាណិជ្ជកម្ម ដោយផ្អែកលើការចោទប្រកាន់ថាបានផ្តល់មូលនិធិដល់ក្រុមជ្រុលនិយម និងទំនាក់ទំនងជាមួយអ៊ីរ៉ង់។

ប្រទេសកាតា គឺជាប្រទេសដំបូងគេដែលបានចូលរួមជាមួយអង្គការ Opec បន្ទាប់ពីប្រទេសដែលបង្កើតប្រាំគឺ អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត អារ៉ាប៊ីសាអូឌីត និងវេណេហ្ស៊ុយអេឡា ដែលបានបង្កើតអង្គការនេះឡើងនៅឆ្នាំ 1960។ អង្គការនេះទទួលបានការទទួលស្គាល់ជាសកលនៅឆ្នាំ 1973 នៅពេលដែលវាបានកាត់បន្ថយផលិតកម្ម និងបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយប្រទេសអេហ្ស៊ីប ដែលធ្វើឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។

ថ្មីៗនេះ Opec និងសម្ព័ន្ធមិត្តជាច្រើនរួមទាំងរុស្ស៊ីផងដែរនោះ បានព្រមព្រៀងគ្នាកាលពីចុងឆ្នាំ 2016 ថានឹងកាត់បន្ថយផលិតកម្មប្រហែល 1.8 លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយប្រេងឆៅសកលលោកដែលបានធ្វើឱ្យតម្លៃប្រេងធ្លាក់ពីជាង 100 ដុល្លារក្នុងមួយបារ៉ែល ឲ្យនៅតិចជាង 30 ដុល្លារវិញ។

នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមកាតែល ធ្លាប់មានប្រទេសបីបានចាកចេញពីអង្គការនេះ ប៉ុន្តែប្រទេសពីរបានចូលរួមឡើងវិញ។ ប្រទេសអេក្វាឌ័រ បានចាកចេញនៅឆ្នាំ 1992 បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ច និងនយោបាយដោយបានព្យួរសមាជិកភាពរបស់ខ្លួនរហូតដល់ឆ្នាំ 2007 ។ ប្រទេសហ្គាបុង បានចាកចេញនៅឆ្នាំ 1995 តែបានត្រឡប់មកវិញនៅឆ្នាំ 2016 ។ ប្រទេសឥណ្ឌូនេស៊ី បានផ្អាកសមាជិកភាពរបស់ខ្លួននៅក្នុងឆ្នាំ 2016 បន្ទាប់ពីប្រទេសនេះបានក្លាយជាអ្នកនាំចូលប្រេងសុទ្ធកាលពីពីរបីឆ្នាំមុន។

លោក Al-Kaabi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីពង្រឹងជំហររបស់កាតាជាអ្នកផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបាន និងគួរឱ្យទុកចិត្តនៅទូទាំងពិភពលោក យើងត្រូវចាត់វិធានការដើម្បីពិនិត្យមើលតួនាទី និងការចូលរួមរបស់កាតានៅលើឆាកអន្តរជាតិលើវិស័យប្រេង”។ លោកបានបន្តថា “ច្បាស់លាស់ណាស់ចំពោះយើង ថាការសម្រេចបាននូវយុទ្ធសាស្ត្រដ៏មានមហិច្ឆតារបស់យើង ប្រាកដជាត្រូវការការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដើម្បីរក្សា និងពង្រឹងជំហររបស់កាតាក្នុងនាមជាអ្នកផលិតឧស្ម័នធម្មជាតិឈានមុខគេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។