តារា Youtube ដែលរកលុយបានច្រើនជាងគេបំផុតក្នុងពិភពលោកគឺជាក្មេងប្រុសម្នាក់ឈ្មោះថា Ryan បើផ្អែកតាម Forbes។ ឆាណែលរបស់ក្មេងប្រុសនេះមានឈ្មោះថា Ryan ToysReview ដែលដំណើរការជាលក្ខណៈគ្រួសារ ហើយចាប់ពីថ្ងៃទី១ មិថុនា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ មិថុនា ឆ្នាំ២០១៨ ឆាណែលនេះរកលុយបានចំនួន២២លានដុល្លាអាមេរិកបើគិតមុនពេលបង់ពន្ធ។ ចំណូលនេះកើនឡើង១១លានដុល្លាបើប្រៀបទៅនឹងឆ្នាំមុន ហើយឆាណែលនេះត្រូវបានបង្កើតឡើងតាំងតែពីខែមិនា ឆ្នាំ២០១៥មកម្ល៉េះ។
ឆាណែលនេះចាប់ផ្ដើមឡើងដំបូងដោយ Ryan គឺជាអ្នកចូលចិត្តមើលវីដេអូអំពីរបស់របរក្មេងលេង ហើយគាត់ក៏សួរទៅឪពុកម្ដាយខ្លួនថាហេតុអ្វីគាត់មិនអាចបង្កើតវីដេអូនិយាយអំពីរបស់ក្មេងលេងដូចគេ? ពេលលឺកូនសួរដូចនេះ ឪពុកម្ដាយរបស់គាត់ក៏ចាប់ផ្ដើមបង្កើតអាខោន Youtube តាមការចង់បានរបស់កូន ហើយក៏ទិញរបស់ក្មេងលេងដើម្បីថតវីដេអូដូចឆាណែលដទៃទៀតដែរ។ ប៉ុន្មានខែដំបូងចំនួននៃការមើលមិនសូវជាមានសន្ទុះប៉ុន្មានទេ លុះដល់កក្កដា ឆ្នាំ២០១៥ ទើបវីដេអូមួយរបស់គាត់ចាប់ផ្ដើមមានគេមើលច្រើន ដោយវីដេអូនេះនិយាយអំពីកូនឡានតូចៗ ហើយវាមានអ្នកមើលប្រមាណ៩៣៥លានដង។
កាលពីដើមឆ្នាំខាង Walmart បានចុះកុងត្រាជាមួយ Ryan ដើម្បីលក់ផលិតផលក្មេងលេងមួយម៉ាកដែលមានឈ្មោះថា Ryan’s World ហើយផលិតផលនេះត្រូវបានដាក់លក់នៅតាមសាខាចំនួន២៥០០ និងនៅលើវេបសាយ Walmart។ បច្ចុប្បន្ននេះ Ryan ToysReview មានអ្នក subscribe ចំនួន១៧លាននាក់ ខណៈដែលការមើលសរុបកើនឡើងរហូតដល់២៦ពាន់លានដង៕
