មិត្តិភក្តិ គឺជាកត្តាមួយដែលអាចជះឥទ្ធិពលដល់ទម្លាប់ប្រចាំថ្ងៃរបស់យើង ហើយវាក៏ជាផ្នែកមួយដែលអាចកំណត់នូវលទ្ធភាពក្នុងការទទួលបានភាពជោគជ័យរបស់យើងគ្រប់គ្នាផងដែរ។ បើសិនជានៅជុំវិញខ្លួនអ្នកគឺជាបុគ្គលដែលពោរពេញទៅដោយគំនិតវិជ្ជមាន ក្រមសីលធម៌ ក៏ដូចជាបុគ្គលដែលមានទម្លាប់ល្អនោះ វាពិតជាប្រសើរខ្លាំងណាស់សម្រាប់អ្នក ព្រោះវាគឺជាកត្តាលីករមួយដែលជួយជំរុញអោយអ្នកខិតខំប្រឹងប្រែងតាមភាពជោគជ័យរបស់ពួកគេ។ ខាងក្រោមនេះគឺជាប្រភេទមនុស្សបីយ៉ាងដែលអ្នកគួរតែនៅជិត៖

ប្រភេទទី១៖ មនុស្សដែលមានក្តីស្រមៃខ្ពស់

វាជារឿងមួយសំខាន់ក្នុងការដែលមានមនុស្សម្នាក់ជាបុគ្គលមួយរូបតែងគិតនូវគំនិតវិជ្ជមាន ហើយជាមនុស្សដែលគួរអោយទុកចិត្តបាន។ ដោយយើងដឹងថាក្តីស្រមៃរបស់មនុស្សម្នាក់ៗសុទ្ធតែជារឿងវិជ្ជមាន ព្រោះគ្មាននរណាម្នាក់ចង់បានអ្វីដែលមិនល្អនោះទេ ដូចនេះហើយចំណុចនេះបុគ្គលដែលសាកសមបំផុតគឺជាបុគ្គលដែលមានក្តីស្រមៃច្រើន ចង់ធ្វើនេះធ្វើនោះ ឬមួយចង់បាននេះបាននោះមិនចេះចប់មិនចេះហើយ។ តួរយ៉ាងបើអ្នកនៅក្បែរមនុស្សប្រភេទនេះអ្នកមិនចាំបាច់ខ្លាចថាខ្វះគំនិត ឬមិនដឹងធ្វើអ្វីឡើយ ព្រោះបុគ្គលប្រភេទនេះតែងមានគំនិតថ្មីៗល្អៗ ចែករំលែកជាមួយអ្នកជានិច្ច។

ប្រភេទទី២៖ មនុស្សដែលខិតខំប្រឹងប្រែងខ្ពស់លើកិច្ចការងារ

ធ្លាប់ដែរឬទេ ពេលយើងឃើញគេខ្ជិលយើងក៏ខ្ជិលតាមគេដែរ? ដូចនេះហើយដើម្បីកាត់បន្ថយភាពខ្ជិលរបស់យើង ការដែលនៅជិតមនុស្សដែលឧស្សាហ៍ព្យាយាមគឺជាថ្នាំទិព្វដ៏ពូកែមួយ ព្រោះហោចណាស់អ្នកក៏មានកូនចិត្តតូចមួយដែលខ្មាស់គេ នៅពេលដែលឃើញគេរវល់ តែយើងបែរជាទំនេររហូត។ មួយវិញទៀតមនុស្សដែលមានការខិតខំប្រឹងប្រែងខ្ពស់លើកិច្ចការងារ តែងជាបុគ្គលដែលផ្តល់ទាំងកម្លាំងចិត្ត និងកម្លាំងកាយដើម្បីរុញអ្នកអោយក្លាយជាបុគ្គលសកម្ម។ ហើយយើងត្រូវដឹងថាបុគ្គលដែលទទួលបានភាពជោគជ័យខ្ពស់ជាមនុស្សសកម្មនឹងការងារ មិនមែនជាមនុស្សខ្ជិលនោះទេ។

ប្រភេទទី៣៖ មនុស្សប្រាកដនិយម

មនុស្សប្រាកដនិយម គឺជាបុគ្គលដែលមានភាពច្បាស់លាស់ ចេះក្តោបក្តាប់លើភាពជាក់ស្តែង ហើយយល់ច្បាស់ពីអ្វីដែលអាចធ្វើទៅបាន និងអ្វីដែលមិនអាច។ ពួកគេជាមនុស្សដែលអាចអោយអ្នកមានការគិតច្បាស់លាស់មុនពេលសម្រេចចិត្តធ្វើអ្វីមួយ ជាមនុស្សម៉ើងមាត់ប៉ុន្តែមិនមែនផ្តាច់ការ ហើយអ្វីដែលពិសេសគឺភាគរយនៃការបរាជ័យមានតិច ព្រោះគេជ្រើសធ្វើតែអ្វីដែលគេដឹង និងយល់ច្បាស់តែប៉ុណ្ណោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!