អាយុ ១០០ឆ្នាំហើយ សេដ្ឋីពាន់លានសឹង្ហបុរីម្នាក់នេះ នៅតែទៅក្រុមហ៊ុនរាល់ថ្ងៃ

1918

នៅអាយុ ១០០ឆ្នាំ មហាសេដ្ឋីពាន់លានចំណាស់ជាងគេគួរតែលះបង់ការងារ ហើយចំណាយពេលសប្បាយនឹងភាពមានបានពីការខិតខំធ្វើការអស់ជាង៨០ឆ្នាំរបស់លោក។

ប៉ុន្តែលោក Chang Yun Chung ស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូន Pacific International Lines (PIL) មិនបានចាត់ទុកការស្នាក់នៅផ្ទះគឺជាជម្រើសល្អនោះទេ។ ទោះបីជាលោកបានផ្ទេរតំណែងប្រធានក្រុមហ៊ុនឲ្យទៅកូនប្រុសរបស់លោកឈ្មោះ Teo Siong Seng ក៏ដោយ ក៏មហាសេដ្ឋីសឹង្ហបុរីអាយុ ១០០ឆ្នាំម្នាក់នេះ នៅតែមានវត្តមាននៅការិយាល័យរាល់ថ្ងៃ។

លោកតា Chang បានប្រាប់សារព័ត៌មាន CNBC ថា “វាគឺជាទម្លាប់របស់ខ្ញុំ”។

រហ័សនាមជាបិតាស្ថានិករបស់ក្រុមហ៊ុន PIL ត្រូវបានគេដាក់ឲ្យលោកដើម្បីជាការគោរព និងដឹងគុណចំពោះក្រុមហ៊ុនដែលមានអាយុកាល ៥១ឆ្នាំមួយនេះ។ លោកតា Chang បានប្រាប់ថា គាត់ទៅមើលទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរីរាល់ថ្ងៃ ដើម្បីមើលពីដំណើរការរបស់ក្រុមហ៊ុន និងពិនិត្យមើលគ្រប់ផ្នែកគ្រប់គ្រងទាំងអស់។

លោកតា Chang បាននិយាយថា “រាល់ថ្ងៃ ខ្ញុំកត់ត្រារាល់សកម្មភាពទាំងអស់នៅក្នុងសៀវភៅកំណត់ហេតុរបស់ខ្ញុំ ហើយប្រធានផ្នែកទាំងអស់ត្រូវមកជួបខ្ញុំ”។

សម្រាប់គាត់ វាគឺជាវិធីធ្វើឲ្យចិត្តរបស់គាត់រឹងពឹងល្អ និងរក្សាភាពជិតស្និតជាមួយក្រុមហ៊ុនរបស់គាត់ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ ដោយដៃទាំងពីររបស់គាត់។

លោកតាបាននិយាយថា “ខ្ញុំមិនអាចនៅផ្ទះបានទេ ខ្ញុំធុញទ្រាន់ណាស់”។

ទំលាប់គឺជារឿងមួយ ប៉ុន្តែលោកតា Chang ក៏ទៅក្រុមហ៊ុនដើម្បីបង្រៀនកូនប្រុសរបស់គាត់ឲ្យកាន់តែមានទំនួលខុសត្រូវលើក្រុមហ៊ុន ដែលជាក្រុមហ៊ុនដឹកជញ្ជូនធំជាងគេមួយលើពិភពលោកក្នុងចំណោមក្រុមហ៊ុនធំៗទាំង ២០ និងគ្រប់គ្រងបុគ្គលិកជាង ១៨០០០នាក់។ លោក Teo បាននិយាយថា លោកប្រឹក្សាជាមួយឪពុករបស់លោកមួយថ្ងៃពីរដង ដោយម្តងនៅពេលព្រឹក និងម្តងទៀតនៅពេលបរិភោគអាហារថ្ងៃត្រង់រួច ដើម្បីពង្រឹងសមត្ថភាព និងរៀនពីស្ទីលនៅការដឹកនាំរបស់គាត់។

មេរៀននៃភាពជាអ្នកដឹកនាំ

លោក Teo បាននិយាយថា “នៅពេលខ្ញុំនៅក្មេង ខ្ញុំឆាប់ខឹងខ្លាំងណាស់ ដូច្នេះហើយកាលណោះខ្ញុំពិបាកធ្វើជាអ្នកដឹកនាំ។ ប៉ុន្តែឪពុករបស់ខ្ញុំបានបង្រៀនខ្ញុំនូវរឿងមួយ គឺថា – អ្នកដទៃគោរពអ្នក មិនមែនដោយសារតែអំណាចរបស់អ្នក មិនមែនដោយសរកម្លាំងរបស់អ្នក ឬដោយសារភាពសាហាវឃោឃៅរបស់អ្នកទេ ប៉ុន្តែដោយសារភាពស្មោះត្រង់របស់អ្នក ដោយសារសមត្ថភាពរបស់អ្នក ទើបគេគោរព និងស្តាប់តាមអ្នក”។

លោក Teo បានបន្ថែមថា “វាពិបាកសម្រាប់ខ្ញុំណាស់ ប៉ុន្តែខ្ញុំគិតថាខ្ញុំកំពុងតែរៀនពីវាបន្តិចម្តងៗ”។

លោក Teo បានបន្តទៀតថា “នៅក្នុងអាជីវកម្មផ្សេងៗ ជាពិសេសអាជីវកម្មដឹកជញ្ជូនតាមសមុទ្រ មានរឿងដែលគ្មានអ្នកណាដឹងច្រើនណាស់។ មានដូចជាបញ្ហានយោបាយ បញ្ហាបច្ចេកទេស និងបញ្ហាគ្រោះថ្នាក់ចៃដន្យនានា។ រឿងទាំងនោះមិនបានធ្វើឲ្យចិត្តរបស់អ្នកស្ងប់ ហើយបន្តធ្វើការដោយភាពរស់រវ៉ើកនោះទេ។ ដូច្នេះការរក្សាចិត្តឲ្យស្ងប់ គឺជាអ្វីដែលខ្ញុំបានរៀនពីគាត់ ហើយពេលនេះខ្ញុំនៅតែរៀនពីវា”។

លោក Chang បាននិយាយថា “ខ្ញុំមិនដែលមានកំហឹងនោះទេ ខ្ញុំមិនអាចមានវាឡើយ ព្រោះនៅពេលអ្នកមានកំហឹង អ្នកនឹងមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ”៕

ប្រភព៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។