កំហុស៣ដែលអ្នករកស៊ីដំបូងធ្វើដោយមិនដឹងខ្លួន

2792

សព្វថ្ងៃនេះមានមនុស្សជាច្រើនណាស់ចង់ចេញរកស៊ី និងមានមួយចំនួនបានសាកល្បងរកស៊ីខ្លួនឯងរួចទៅហើយ។ អ្នករកស៊ីថ្មីៗទាំងនេះបង្កើតនូវកំហុសចំនួនបី មិនមែនដោយសារតែពួកគាត់មិនមានភាពឈ្លាសវៃក្នុងមុខជំនួញទេ តែដោយសារតែពួកគាត់ខ្លះគិតថាវាមិនមែនជាបញ្ហាដែលគួរយកចិត្តទុកដាក់។

១.ធ្វើអោយរួចពីដៃដើម្បីរកលុយបានលឿន៖ ដោយសារតែបច្ចេកវិទ្យាធ្វើអោយមនុស្សសព្វថ្ងៃមិនអាចផ្ដោតអារម្មណ៍ទៅលើអ្វីមួយបានល្អដូចកាលពីមុនទេ ហើយទម្លាប់នេះក៏គេឃើញមាននៅកន្លែងធ្វើការ និងការរកស៊ីដែរដោយពួកគេចង់ធ្វើអ្វីអោយបានលឿនរួចពីដៃមិនសូវយកចិត្តទុកដាក់ថានឹងធ្វើវាអោយដំណើរការល្អសិនទេ។ ការផ្ដោតសំខាន់របស់ពួកគេគឺ បង្កើតអោយបានលឿនហើយលក់អោយឆាប់អស់ មិនមែនផ្ដោតលើគុណភាពឡើយ។ ដើម្បីជៀសពីកំហុសនេះអ្នកត្រូវ៖ ផ្ដោតលើការធ្វើយ៉ាងណាអោយអតិថិជនពេញចិត្តនឹងផលិតផលយើង ផ្តោតលើចំនុចតូចតាចមិនមែនធ្វើបង្កើតអ្វីត្រឹមតែប្រើបានទេគឺត្រូវបង្កើតអ្វីដែលល្អ និង បន្ដរៀននូវចំណេះដឹងឬជំនាញថ្មីៗដែលទាក់ទងនឹងមុខរបរយើង។

២.ខ្លួនមួយចង់ជិះទូកពីរ៖ ការរកស៊ីទើបតែដំណើរការបានបន្ដិចក៏ចង់ទៅពង្រីកឬទៅធ្វើអ្វីបន្ថែមទៀត ហើយលទ្ធផលនោះគឺទន្សាយក៏រួចត្រីរ៉ស់ក៏រួច។ មិនមែនមានន័យថាយើងមិនអាចរកស៊ីច្រើនទេ តែពេលចេញរកស៊ីដំបូងយើងគួរតែផ្ដោតលើអាជីវកម្មមួយអោយបានរឹងដៃរឹងជើងហើយស្វែងរកបទពិសោធន៍អោយបានច្រើនសិនសឹមចេញទៅធ្វើអ្វីផ្សេង។ ពេលចេញរកស៊ីដំបូងអ្វីដែលអ្នកត្រូវការនោះគឺកេរ្តិ៍ឈ្មោះ និងការអោយតម្លៃពីអតិថិជនក៏ដូចជាអ្នកជំនួញដទៃទៀត ចំណែកឯលុយគឺជារឿងបន្ទាប់បន្សំ ដូចនេះហើយបើយើងព្យាយាមធ្វើច្រើននោះយើងខ្លួនឯងក៏មិនចេះច្បាស់ពីអ្វីមួយ រីឯគុណភាពរបស់ផលិតផលឬសេវាកម្មយើងក៏មិនល្អតាមនោះដែរ និងចុងក្រោយទំនុកចិត្តពីអ្នកដទៃមកលើខ្លួនយើងក៏បាត់បង់តាមនឹងដែរ។

៣.មិនយកចិត្តទុកដាក់នឹងកំហុសតិចតួច៖ អ្នកអាចគិតថាការសរសេរអក្សរខុសនៅលើផេករបស់អ្នក ការរិះគន់របស់អតិថិជនម្នាក់ក្នុងចំណោមអតិថិជនរាប់រយអ្នក ឬការយឺតយ៉ាវបន្ដិចបន្ដួចក្នុងការដឹកជញ្ចូនផលិតផល គឺជារឿងតូចតាច តែតាមពិតវាមិនមែនជារឿងតូចតាចទេ ហើយបើនៅតែមិនយកចិត្តទុកដាក់នឹងកែតម្រូវវាទេ មុននឹងក្រោយវានឹងក្លាយជារឿងធំ។ បើអាចរកវិធីដោះស្រាយវាបានគឺត្រូវធ្វើភ្លាមកុំចាំពេលស្អែកឬខានស្អែក។ អ្នកជំនួញគ្រប់រូបតែងតែធ្វើអោយមានកំហុសមិនថាអ្នកនោះមានបទពិសោធន៍ច្រើនយ៉ាងណាទេ តែអ្វីដែលធ្វើអោយមនុស្សម្នាក់ជោគជ័យឬមិនជោគជ័យគឺការចេះកែប្រែនូវកំហុសរបស់ខ្លួន៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។