ក្រុមហ៊ុន PTT វិនិយោគប្រាក់ $1.3ពាន់លាន ដើម្បីដណ្តើមទីផ្សារកាហ្វេ ប្រកួតប្រជែងជាមួយ Starbuck

2717

ថៃ(NIKKEI)៖ ក្រុមហ៊ុន PTT ដែលជាក្រុមហ៊ុនផលិតប្រេងធំជាងគេរបស់ថៃ គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន 1.3 ពាន់លានដុល្លារក្នុងរយៈពេល 5 ឆ្នាំ ដើម្បីកសាងយីហោហាងកាហ្វេរបស់ខ្លួន ឲ្យទៅជាស្លាកយីហោសកលមួយ ប្រកួតប្រជែងជាមួយក្រុមហ៊ុន Starbucks របស់អាមេរិក ខណៈក្រុមហ៊ុននេះក៏គ្រោងនឹងបង្កើនទីផ្សារលក់រាយផងដែរ។

អ្នកស្រី Jiraporn Khaawawas អគ្គនាយកក្រុមហ៊ុន PTT Oil and Retail បាននិយាយថា ក្រុមហ៊ុននេះមានបំណងបើកសាខាហាងកាហ្វេឲ្យបាន 20,000 នៅជុំវិញពិភពលោក។ នាងបាននិយាយថា “យើងមានបំណងបង្កើតហាងកាហ្វេអាម៉ាហ្ស៊ុន (Amazon Cafe) ទៅជាស្លាកយីហោពិភពលោកលំដាប់កំពូល ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ”។ កាហ្វេ Amazon បានប្រតិបត្តិការរួចទៅហើយ ចំនួន 2,300 សាខានៅក្នុងប្រទេសថៃ ឡាវ កម្ពុជា ហ្វីលីពីន មីយ៉ាន់ម៉ា និងជប៉ុន។

បច្ចុប្បន្នក្រុមនេះមានគម្រោងយកម៉ាកកាហ្វេម៉ាក Amazon ទៅមជ្ឈឹមបូព៌ា និងប្រទេសចិន ក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់តាមរយៈភាពជាដៃគូស្លាកយីហោ។

ក្រុមហ៊ុន PTT បានរៀបគម្រោងចាប់ផ្តើមតាំងពីឆ្នាំ 2016 ក្នុងការពង្រីកផ្នែកលក់រាយ ក្នុងគោលបំណងកាត់បន្ថយការធ្លាក់ចុះប្រាក់ចំណូលពីអាជីវកម្មប្រេងរបស់ខ្លួន ខណៈតម្លៃប្រេងឆៅសកលបាននៅទ្រឹង។ ទោះជាយ៉ាងណាក៏ដោយ ការបោះផ្សាយលក់មូលបត្រជាសាធារណៈ (IPO) បានចំណាយពេលច្រើនជាងពេលរំពឹងទុករបស់ពួកគេ។

ហាងកាហ្វេ Amazon រកចំណូលបានពីការលក់ចំនួន 10 ពាន់លានបាត ឬ 303 លានដុល្លារ កាលពីឆ្នាំ 2017 ។

ក្រុមអ្នកវិភាគ បានប៉ាន់ស្មានថា ប្រតិបត្តិការលក់រាយរបស់ PTT មានតម្លៃប្រហែល 120 ពាន់លានបាត ឬ 3.6 ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលទាំងប្រាក់ដែលបានពីការដាក់លក់ភាគហ៊ុនជាសាធារណៈ។

ក្រុមហ៊ុននេះ បានបដិសេធមិនបញ្ជាក់ពីតម្លៃចំណាយនៃការពង្រីកខ្លួនរបស់ខ្លួននោះទេ តែប្រភពដែលជិតស្និទ្ធនឹងក្រុមហ៊ុននេះ បានបញ្ជាក់ថាវានឹងចំណាយអស់ប្រហែល 2.3 លានបាត (70,000 ដុល្លារ) ដើម្បីបើកហាងកាហ្វេ Amazon មួយនៅស្ថានីយ៍ប្រេង PTT ។ ហាងទំនិញមួយ ចំណាយចន្លោះពី 100,000 ដុល្លារ ទៅ 300,000 ដុល្លារ។ ការចំណាយខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ អាស្រ័យលើអត្រាប្តូរប្រាក់ តម្លៃចំណាយលើការរស់នៅក្នុងទីផ្សារផ្សេងៗគ្នា។ ប៉ុន្តែផ្អែកតាមការប៉ាន់ប្រមាណនេះ ក្រុមហ៊ុន PTT នឹងត្រូវចំណាយយ៉ាងហោចណាស់ 1.3 ពាន់លានដុល្លារ ដើម្បីបើកសាខាថ្មីចំនួន 17,700 ដើម្បីសម្រេចបានគោលដៅឲ្យបាន 20,000 សាខា៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។