តើជនជាតិនេហ្សេរីយ៉ាម្នាក់នេះ ក្លាយជាមហាសេដ្ឋីស្បែកខ្មៅមានជាងគេនៅលើលោក ដោយរបៀបណា?

2178

នីហ្សេរីយ៉ា គឺជាជនជាតិនាំមុខគេក្នុងបញ្ជីមហាសេដ្ឋីស្បែកខ្មៅ ហើយក្នុងនោះ លោក Aliko Dangote ជាកំពូលមហាសេដ្ឋីមានជាងគេ។

យោងតាមតួលេខដែលផ្សាយដោយ Bloomberg  បានបង្ហាញថាស្ថាបនិកក្រុមហ៊ុន Dangote Group គឺជាបុរសដែលមានជាងគេបំផុតនៅទ្វីបអាហ្វ្រិក។ យោងតាមទស្សនាវដ្តី Forbes គាត់ក៏ជាជនជាតិស្បែកខ្មៅដែលមានបំផុតនៅលើពិភពលោកផងដែរ។ ទ្រព្យសម្បត្តិភាគច្រើនរបស់អ្នកជំនួញម្នាក់នេះ កើតចេញពីភាគហ៊ុន 85.2% របស់លោកនៅក្រុមហ៊ុន Dangote Cement ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំជាងគេនៅតំបន់សាហារ៉ា ទ្វិបអាហ្វ្រិក។

ក្រុមហ៊ុន Dangote Group បានបើកដំណើរការជាលើកដំបូងនៅក្នុងឆ្នាំ 1981 ហើយឥឡូវនេះជាម្ចាស់ និងមានប្រតិបត្តិការលើក្រុមហ៊ុនបុត្រសម្ព័ន្ធជាង 18 នៅក្នុងឧស្សាហកម្មជាច្រើនដូចជាក្រុមហ៊ុន Dangote Cement, Dangote Flour និង Dangote Sugar ជាដើម។

មហាសេដ្ឋីវ័យ 61 ឆ្នាំរូបនេះ ផ្តល់តម្លៃនៃជោគជ័យរបស់លោក ទៅឲ្យជីតារបស់លោកដែលបានផ្តល់ផ្នត់គំនិតជំនួញឲ្យលោកតាំងពីលោកនៅវ័យក្មេង។

គាត់បានប្រាប់ទស្សនាវដ្តី Forbes នៅឆ្នាំ 2015 ថា “នៅពេលដែលអ្នកត្រូវបានចិញ្ចឹមដោយឪពុកម្តាយ ឬជីដូនជីតាដែលជាសហគ្រិន នោះអ្នកនឹងយកចិត្តទុកដាក់លើរឿងជំនួញដូចពួកគាត់ដែរ។ វាធ្វើឱ្យអ្នកកាន់តែស្រេកឃ្លានក្នុងការស្វែងរកថាមានអ្វីដែលអាចធ្វើបាន។

ចំណាប់អារម្មណ៍ក្នុងការធ្វើជាអ្នកជំនួញរបស់លោក Dangote បានធ្វើឲ្យគាត់ចង់កាន់តែខ្លាំងនៅពេលពេញវ័យ។ នៅឆ្នាំ 1977 លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធុរកិច្ច ពីសាកលវិទ្យាល័យ អេលអាហ្សារ នៅអេហ្ស៊ីប។ នៅពេលដែលគាត់ត្រលប់ទៅប្រទេសនីហ្សេរីយ៉ាវិញ គាត់បានផ្លាស់ទីលំនៅទៅទីក្រុង Lagos ដែលជាទីក្រុងដែលមានជាងគេបំផុតនៅទ្វីបអាហ្វ្រិក និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសនេហ្សេរីយ៉ា។

ដោយប្រើប្រាក់កម្ចីចំនួន 500,000 ដុល្លារពីពូរបស់គាត់ លោក Dangote បានចាប់ផ្តើមជួញដូរទំនិញដូចជាស៊ីម៉ងត៍ និងផលិតផលកសិកម្មដូចជាស្រូវ និងស្ករ។ ការបណ្តាក់ទុនអាជីវកម្មទាំងនេះបានទទួលជោគជ័យយ៉ាងខ្លាំង រហូតដល់គាត់អាចសងប្រាក់ទៅពូរបស់គាត់វិញ ក្នុងរយៈពេលតែបីខែ រាប់ចាប់ពីថ្ងៃចាប់ផ្តើមប្រតិបត្តិការ។

នៅឆ្នាំ 1999 លោក Dangote បានឈានជើងទៅសាងសង់រោងចក្រចម្រាញ់ស្ករស និងរោងចក្រកែច្នៃម្សៅ។ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា នៅពេលក្រុមហ៊ុន Dangote Sugar បង្ហាញខ្លួនជាលើកដំបូងនៅផ្សារហ៊ុននីហ្សេរីយ៉ាក្នុងឆ្នាំ 2010 ការលក់បានកើនឡើងដល់ចំនួន 450 លានដុល្លារអាមេរិក ធ្វើឱ្យវាក្លាយជារោងចក្រចម្រាញ់ស្ករធំបំផុតនៅទ្វីបអាហ្វ្រិក ហើយតាមការប៉ាន់ស្មាន វាជារោងចក្រផលិតស្ករសធំជាងគេលំដាប់ទីពីរនៅលើពិភពលោក។ ឆ្នាំដូចគ្នានោះដែរ ក្រុមហ៊ុនកែច្នៃម្សៅ Dangote Flour ក៏បានបង្កើនប្រាក់ចំណូលចំនួនបីដងដល់ចំនួន 270 លានដុល្លារផងដែរ។

លោក Dangote បានពិពណ៌នាអំពីដំណើរជីវិតធ្វើជំនួញរបស់លោកថា “វាគួរឱ្យរំភើប ប៉ុន្តែកត់សម្គាល់ថាគាត់ក៏ជួបឧបសគ្គនៅតាមផ្លូវច្រើនដែរ”។ ការយកឈ្នះលើបញ្ហាទាំងនោះ លោកបានប្រាប់ Forbes Africa ថា ត្រូវការការគិតឲ្យធំ និងប្រើវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត។ លោក Dangote បច្ចុប្បន្ននេះកំពុងសាងសង់រោងចក្រចម្រាញ់ប្រេង ដែលគ្រោងនឹងចំណាយទុនអស់ប្រហែល 14 ពាន់លានដុល្លារ។ លោក Dangote បាននិយាយថា “អ្នកត្រូវតែស្រមៃឲ្យធំ ដើម្បីសម្រេចកិច្ចការធំ ហើយនោះជាអ្វីដែលខ្ញុំកំពុងធ្វើ។”

លោក Dangote បាននិយាយថា គាត់ត្រូវបានជំរុញទឹកចិត្តដោយសារមើលឃើញផលប៉ះពាល់លើមនុស្សជាតិ។ តាមពិត គាត់ក៏ជាជនសប្បុរសកំពូលម្នាក់ នៅទ្វីបអាហ្វ្រិកផងដែរ។ គាត់បានប្រាប់ Forbes ថា “អ្នកចង់ចងចាំពីអ្វីដែលអ្នកបានធ្វើ។ យើងជាជនជាតិអាហ្វ្រិក ហើយយើងជាជនជាតិតែមួយគត់ដែលអាចធ្វើឱ្យអាហ្វ្រិកអស្ចារ្យ”៕

ប្រភព៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។