3 ប្រភេទផ្សេងៗគ្នានៃអ្នកដែលចូលចិត្តបណ្តាក់ពេលវេលា (Procrastinator)

2485

អ្នកបណ្តាក់ពេលវេលា (procrastinator) ជាបុគ្គលដែលទម្លាប់ពន្យាពេលក្នុងការធ្វើរឿងណាមួយ ហើយលុះត្រាតែនាទីចុងក្រោយទើបសម្រេចចិត្តធ្វើវា។ យើងសុទ្ធតែដឹងថាទម្លាប់បណ្តាក់ពេលបែបនេះមិនល្អនោះទេព្រោះវាធ្វើអោយការងាររបស់យើងរៀបចំមិនបានល្អ លើសពីនោះទៅទៀតយើងនឹងមិនអាចជោគជ័យបាននោះទេ។ លោកវិជ្ជបណ្ឌិត Ellen Hendriksen ដែលជាគ្រូពេទ្យចិត្តវិទ្យានៃសកលវិទ្យាល័យ Boston បានលើកឡើងថា វាជារឿងចាំបាច់ណាស់ដែលយើងម្នាក់ៗគួរកត់សម្គាល់ថាតើយើងជាបុគ្គលដែលទម្លាប់បណ្តាក់ពេលវេលាប្រភេទណាព្រោះវាងាយស្រួលសម្រាប់យើងក្នុងការកែប្រែទម្លាប់និងបំពេញការងារអោយបានបញ្ចប់តាមពេលវេលាកំណត់។ បន្តមកទៀតនេះ យើងនឹងសិក្សាទាំងអស់គ្នាពីប្រភេទទាំង៣នៃអ្នកបណ្តាក់ពេលវេលាព្រមទាំងអកប្បកិរិយារបស់ប្រភេទនិមួយៗផងដែរ៖
១. The Avoider
ប្រសិនបើអ្នកចូលក្នុងប្រភេទនេះ ជាធម្មតានៅពេលដែលអ្នកពន្យាពេលក្នុងការធ្វើការងារណាមួយពីព្រោះអ្នកយល់ថាការងារនោះនឹងធ្វើអោយអ្នកមានអារម្មណ៍មិនល្អ។ ជាពិសេស កំឡុងពេលដែលអ្នកកំពុងតែតប់ប្រមល់ ធុញទ្រាន់ ពិបាកចិត្ត ឬកំពុងមានបញ្ហាស្មុគស្មាញ។ អ្នកមិនជ្រើសរើសធ្វើការងារដែលបានកំណត់អោយនោះព្រោះអ្នករកមិនឃើញនូវកម្លាំងចិត្តណាមួយដែលជម្រុញអោយអ្នកធ្វើនោះទេ។ ជាទូទៅ មនុស្សយើងតែងតែចូលចិត្តធ្វើនូវរឿងណាដែលផ្តល់នូវភាពសប្បាយរីករាយអោយខ្លួនឯង ដូច្នេះប្រសិនបើយើងយល់ថាការងារនោះគ្មានអ្វីដែលល្អក្នុងនោះហើយ យើងប្រាកដជាមិនធ្វើទេ។ ប្រសិនបើយើងជា avoider ភាគច្រើនយើងចូលចិត្តសរសេរគ្រោងទុកនូវរឿងជាច្រើនដែលត្រូវធ្វើទាំងដែលធ្វើមិនបានដើម្បីអោយលេសខ្លួនឯងថាដោយសារយើងមានរឿងច្រើនដែលត្រូវធ្វើទើបយើងមិនអាចធ្វើរឿងដែលកំណត់នោះ។ ម្យ៉ាងវិញទៀត យើងតែងតែមានអារម្មណ៍នៅមិនសុខពេលដែលអ្នកដទៃនិយាយពីការងារដែលអ្នកកំពុងតែគេចវេសនេះ។
២. The Optimist
ប្រសិនបើអ្នកជា Optimist ទម្លាប់នៃការបណ្តាក់ពេលរបស់អ្នកគឺមកពីអ្នកចូលចិត្តមើលស្រាលការងារ។ អ្នកប្រហែលជាគិតថា គម្រោងឬការងារមួយនោះនឹងមិនចំណាយពេលយូរនោះទេ ដូច្នេះកុំទាន់រៀបចំឬគិតគូរទុកមុនក៏មិនអីដែរ។ យើងអាចដឹងបានថាយើងជាប្រភេទ optimist បានងាយបំផុតនៅពេលដែលយើងកត់សម្គាល់បានថាអ្នកដែលនៅជុំវិញខ្លួនយើងច្រើនតែលើកឡើងថាយើងជាមនុស្សដែលមានទំនុកចិត្តជ្រុល។ អ្នកមិនសូវយកចិត្តទុកដាក់នៅពេលដែលនរណាម្នាក់លើកឡើងពីផលអវិជ្ជមានឬការស្មានទុកដែលនឹងអាចកើតឡើង ព្រោះអ្នកយល់ថាវានឹងមិនកើតឡើង។ លើសពីនេះទៅទៀត អ្នកមិនដែលបង្កើត Plan B ឡើយ។
៣. The Pleasure Seeker
Pleasure seeker ជាបុគ្គលដែលចូលចិត្តបណ្តាក់ការងារជានិច្ច រហូតដល់គេមានអារម្មណ៍ថាចង់ធ្វើ។ ភាគច្រើននៅពេលដែលការងារនោះមិនត្រូវនឹងចំណូលចិត្តអ្នក អ្នកតែងតែបង្ហាញប្រតិកម្មភ្លាមៗ និងសុំរកជម្រើសផ្សេងទៀតដែលអ្នកទៅរួច។ អ្នកមិនចូលចិត្តធ្វើអ្វីដែលមានផែនការទៅមុខច្បាស់លាស់ពេកនោះទេ ព្រោះគិតថាល្មមៗបានហើយ។ ជាធម្មតា នៅក្នុងការពិភាក្សាជាដើម អ្នកតែងតែបង្វែរប្រធានបទចាកឆ្ងាយពីអ្វីដែលអ្នកតម្រូវអោយធ្វើទៅជាអ្វីដែលអ្នកចូលចិត្តធ្វើទៅវិញ។ តិចឬច្រើន អ្នកនឹងធ្លាប់លឺពីមាត់អ្នកដទៃនិយាយពីអ្នកថាជាមនុស្សដែលអាចធ្វើវាកិច្ចការនោះបាន គ្រាន់តែខ្ជិលបន្តិច ឬក៏មិនសូវគិតវែងឆ្ងាយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.