CEO របស់ក្រុមហ៊ុនកូកាកូឡា នឹងឡើងកាន់តំណែងជាប្រធានក្រុមហ៊ុននៅខែមេសា ឆ្នាំ២០១៩ខាងមុខ

3339
លោក James Quincey

អាមេរិក(Reuters)៖ ក្រុមហ៊ុន Coca-Cola បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា នាយកប្រតិបត្តិរបស់ខ្លួន លោក James Quincey នឹងឡើងកាន់តំណែងជាប្រធានក្រុមហ៊ុន លើតំណែងដែលមានស្រាប់ នៅខែមេសាឆ្នាំ ២០១៩ខាងមុខ នៅពេលដែលលោក Muhtar Kent ចូលនិវត្តន៍ក្រោយពេលធ្វើការឲ្យក្រុមហ៊ុនផលិតភេសជ្ជៈធំជាងគេក្នុងពិភពលោកមួយនេះអស់រយៈពេល ៤០ឆ្នាំ។

លោក Kent មានអាយុ ៦៥ឆ្នាំ ឡើងកាន់តំណែងជាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុនចាប់ពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០១៧ ហើយគាត់ចុះចេញពីតំណែងនាយកប្រតិបត្តិ ដោយកាន់តែតំណែងប្រធានក្រុមហ៊ុន បន្ទាប់ពីលោក Quincey ឡើងកាន់តំណែងជានាយកប្រតិបត្តិម្តង។

ការចាកចេញរបស់លោក Kent គឺជាការផ្លាស់ប្តូរតំណែងជាន់ខ្ពស់លើកទីពីរនៅក្នុងឧស្សាហកម្មភេសជ្ជៈ បន្ទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pepsico Inc លោកស្រី Indira Nooyi បានសម្រេចចិត្តលាលែងពីតំណែងកាលពីខែតុលាកន្លងទៅ។ អ្នកស្រី ក៏ត្រូវបានគេរំពឹងថានឹងលាលែងពីតំណែងប្រធានក្រុមហ៊ុននៅឆ្នាំ ២០១៩ ខាងមុខផងដែរ។

លោក Muhtar Kent

លោក kent បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “ការងារសំខាន់ជាងគេមួយក្នុងចំណោមការងារសំខាន់ផ្សេងទៀត ក្នុងតំណែងជាប្រធានក្រុមហ៊ុន គឺត្រូវធានាថាក្រុមហ៊ុនមានគម្រោងដឹកនាំខ្លាំងដើម្បីបានជោគជ័យ”។

លោកបានបន្តថា “ខ្ញុំរីករាយដែលក្រុមប្រឹក្សាភិបាល បានបោះឆ្នោតឲ្យលោក James Quincey ឡើងមកគ្រងតំណែងប្រធានក្រុមហ៊ុន។ គាត់គឺជាអ្នកដឹកនាំដ៏ខ្លាំង អាចនាំក្រុមហ៊ុន Coca-Cola ឲ្យរីកចម្រើនជាងនេះបន្ថែមទៀត”។

លោក Kent គឺជាអ្នកនាំក្រុមហ៊ុន Coca-Cola ពីការផលិតតែទឹកសូដាផ្អែម មកផលិតភេសជ្ជៈល្អសម្រាប់សុខភាព និងភេសជ្ជៈជំនួយកំលាំង។ ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុនកូកាកូឡា បានវិនិយោគក្នុងក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកំលាំង Monster Beverage Corp នៅឆ្នាំ២០១៤ និងក្រុមហ៊ុនផលិតទឹកផ្លែឈើ Suja Life LLC នៅឆ្នាំ ២០១៥ ក្នុងចំណោមការវិនិយោគច្រើនទៀត។

កាលពីលោក Kent កាន់តំណែងជា CEO លោកបានដឹកនាំក្រុមហ៊ុនកូកាកូឡា ឲ្យមានការលក់កើនឡើង ៣៩% និងបានធ្វើឲ្យតម្លៃភាគហ៊ុនកើនឡើងចំនួន ៦០%។ លោក Kent ក៏បានដឹកនាំប្រព័ន្ធដឹកនាំថ្នាក់ក្រោមឲ្យមានការកាត់បន្ថយខ្ទង់ចំណាយរបស់ក្រុមហ៊ុនផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។