គំនិតសាមញ្ញដែលមហាសេដ្ឋីប្រើដើម្បីដណ្តើមជោគជ័យក្នុងជីវិត

2708

ជោគជ័យមិនមែនពឹងលើសំណាង។ ជោគជ័យគឺជាការប្រឹងប្រែងឥតឈប់រហូតទទួលបានលទ្ធផលតាមផែនការដែលបានរៀបចំទុក។ បើគ្មានការបោះបង់ការតស៊ូព្យាយាម ជោគជ័យរបស់មនុស្សម្នាក់ៗគ្រាន់តែជារឿងមុននិងក្រោយតែប៉ុណ្ណោះ។

យ៉ាងណាមិញ​ខាក្រោមគឺជាការយល់ឃើញរបស់មហាសេដ្ឋីពិភពមួយចំនួនចំពោះកត្តាដែលជម្រុញឱ្យពួកគេសម្រេចបានជោគជ័យក្នុងជីវិតគួរជាទីប្រាថ្នា៖

១. មានក្តីស្រមៃធំ

ក្តីស្រមៃគឺធាតុផ្សំមិនអាចខ្វះបានក្នុងការចាប់យកជ័យជម្នះក្នុងជីវិត ដូចដែលមហាសេដ្ឋី Richard Branson បានលើកឡើងថា ក្តីសុបិន្តគឺជាការដូរដ៏អស្ចារ្យបំផុតមួយរបស់មនុស្ស។ វាគឺជាកម្លាំងជម្រុញចិត្ត បង្កើនភាពច្នៃប្រឌិតនាំទៅរកការផ្លាស់ប្តូរមួយដែលរុញច្រានពិភពលោកទាំងមូលបោះជំហ៊ានទៅមុខ។ លោកបន្ថែមថា ពិភពលោកមួយដែលគ្មានក្តីស្រមៃ នោះគឺគ្មានឡើយនូវអ្វីដែលហៅថាសិល្បៈ ដំណើរផ្សងព្រេង ការទៅដល់ឋានព្រះច័ន្ធ អ្នកដឹកនាំជាស្ត្រី ឫសិទ្ធិមនុស្ស

គុណសម្បត្តិនៃការមានក្តីសុបិន្តដ៏មហិមារអាចឱ្យយើងសម្លឹងឃើញពីហានិភ័យដែលត្រូវប្រឈម ប៉ុន្តែតម្លៃរបស់វាគឺមិនអាចវាស់បានត្រឹមតែលទ្ធផលនោះទេ ហើយផ្ទុយទៅវិញ តម្លៃរបស់វាគឺជាកម្លាំងជម្រុញដែលកើតឡើងពីការបោះជំហ៊ានដំបូងឆ្ពោះទៅសម្រេចក្តីស្រមៃ។

២. មិនខ្លាចការភ្នាល់

នៅពេល Facebook ដាក់ឱ្យដំណើរមុខងារ News Feed ក្នុងឆ្នាំ ២០០៦ អ្នកតវ៉ាជាច្រើនបានទាមទារឱ្យបណ្ដាញសង្គមនេះត្រឡប់ទៅរកសភាពដើមវិញ ប៉ុន្តែក្រុមការងាររបស់ Mark Zuckerberg មិនខ្លាចក្នុងបដិសេធចំពោះការមិនពេញចិត្តរបស់អ្នកប្រឆាំងទាំងនោះឡើយ។

Mark បាននិយាយថា រឿងមួយដែលលោកមានមោទនភាពបំផុតចំពោះ Facebook គឺក្រុមការងាររបស់លោកតែងតែជឿជាក់ថាការផ្លាស់ប្តូរទាំងនេះនឹងមានភាពប្រសើរឡើងជានិច្ច ហើយពួកគេគ្រប់គ្នាថែមទាំងហ៊ានភ្នាល់ទៀតថាមុខងារថ្មីនេះនឹងជួយបម្រើផលប្រយោជន៍ដល់សង្គមបានយូរអង្វែង។

៣. មើលឱ្យលម្អិត

Steve Jobs ជាមនុស្សដែលមានភាពមានះខ្ពស់ ឫអាចហៅបានម្យ៉ាងទៀតថាជាមនុស្សចិត្តដាច់។ ប៉ុន្តែចំណុចពិសេសរបស់ស្ថាបនិកក្រុមហ៊ុនអេផលនេះត្រូវបានគេយល់ឃើញខុសគ្នា ដោយអ្នកខ្លះយល់ថាគាត់ជាមនុស្សដែលព្រួយបារម្ភពីអ្នកដទៃច្រើនពេក ដូច្នេះហើយបានជាគាត់មិនអាចទ្រាំបាននៅពេលឃើញរឿងអ្វីមួយខុស ហើយគាត់តែងតែចង់ដឹងឱ្យបានល្អិតល្អន់អំពីរឿងទាំងនោះ។

៤. បង្កើតអាជីវកម្មមួយដែលគាំទ្រដោយអតិថជនដដែលៗ

សហស្ថាបនិករបស់ក្រុមហ៊ុន Paul Mitchell & Patron Tequila លោក John Paul Dejoria បានផ្តល់ដំបូន្មានថា វិធីជោគជ័យក្នុងការរកស៊ីគឺត្រូវបើកអាជីវកម្មក្នុងវិស័យឧស្សហកម្មមួយដែលមិនទាមទារការទាក់ចិត្តពីអតិថិជនច្រើន ហើយជាអាជីវកម្មមួយដែលផ្តល់នូវផលិតផល ឫសេវាកម្មដែលអតិថិជនត្រូវការទៀងទាត់

គួរបញ្ជាក់ដែរថា លោក John Paul Dejoria ធ្លាប់មានអតីតភាពយ៉ាងកម្សត់កម្រ ជាជនគ្មានផ្ទះសម្បែងស្នាក់នៅ និងបានតស៊ូជីវិតរស់នៅដោយដើររើសសំបកកំប៉ុងយកទៅលក់ រហូតដល់អាចកែប្រែជោគវាសនារបស់ខ្លួនបានទាំងស្រុង។ បច្ចុប្បន្ន John Paul Dejoria គឺជាមហាសេដ្ឋីទី ៣១៦ ជាមួយនិងទ្រព្យសម្បត្តិសរុប ២.៦ ពាន់លានដុល្លារអាមេរិក និងជាម្ចាស់ក្រុមហ៊ុនផលិតគ្រឿងថែរក្សាសក់ដ៏ធំមួយផងដែរ។

៥. ស្វែងរកដំណោះស្រាយងាយៗ

ឆ្នាំ ២០០៧ ក្នុងកម្មវិធីមួយនៅឯសកលវិទ្យាល័យ Harvard លោក Bill Gates បាននិយាយថា ឧបសគ្គដែលរាំងស្ទះការផ្លាស់ប្តូរ គឺមិនមែនជារឿងតូចដែលមិនត្រូវបានយកចិត្តទុកនោះទេ តែវាជារឿងមួយដ៏ស្មុគស្មាញបំផុត។ ដើម្បីបង្វែរក្តីកង្វល់ឱ្យក្លាយជាសកម្មភាព យើងត្រូវតែពិនិត្យរកបញ្ហា ស្វែងរកដំណោះស្រាយនិងឥទ្ធពលដែលវាអាចនាំមក។ ប៉ុន្តែ ភាពស្មុគស្មាញតែងតែបង្ខាំងវិធីទាំងបីនេះ។

Gates បានបន្តទៀតថា “ការស្វែងរកដំណោះស្រាយគឺជាគន្លឹះសំខាន់ដើម្បីកំចាត់ការព្រួយបារម្ភរបស់យើង ហើយប្រសិនបើយើងមានចម្លើយច្បាស់ចំពោះសំណួរដែលអង្គភាព ឫបុគ្គលណាម្នាក់សួរ យើងអាចបញ្ចេញសកម្មភាព និងធ្វើឱ្យប្រាកដថានៅក្នុងលោកនេះគ្មានក្តីកង្វល់ណាមួយដែលមិនត្រូវបានយកចិត្តទុកដាក់នោះទេ។ ប៉ុន្តែភាពស្មុគស្មាញតែងតែមករំអុកអ្នកគ្រប់គ្នាឱ្យពិបាកបង្ហាញសកម្មនៃក្តីបារម្ភរបស់ពួកគេជានិច្ច”។

៦. ធ្វើជាខ្លួនឯង

ម្ចាស់ក្រុមហ៊ុន Virgin Group លោក Richard Branson និយាយថា លោក ជារឿយៗ តែងតែគិតច្រើនអំពីអត្ថន័យនៃជីវិតនិងអំពីរឿងដែលលោកចង់បង្រៀនកូនៗរបស់លោកដើម្បីមានជីវិតរស់ឱ្យល្អបំផុតមួយដែលអាចទៅរួច។ រីឆាត បានបន្តថា “ថ្ងៃនេះ អ្នកគឺជាអ្នក ហើយវាច្បាស់ណាស់ថានឹងគ្មាននរណាម្នាក់ដូចជាអ្នកទៀតឡើយ។ ដូច្នេះ ចូរធ្វើជាខ្លួនឯង”។

Richard Branson ធ្លាប់បានឆ្លងកាត់ភាពវិកលចរិត និងទុក្ខលំបាកជូរចត់ជាច្រើនក្នុងវ័យកុមារភាព។ បច្ចុប្បន្ន លោកមានគ្រួសារដ៏កក់ក្តៅមួយ មានកូនបួននាក់ ហើយលោកក៏ជាមហាសេដ្ឋីឆ្នើមម្នាក់លើលោកផងដែរ៕

ប្រភព៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕