មុននឹងចាប់ផ្តើមធ្វើជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន ត្រូវត្រួតពិនិត្យមើលខ្លួនអ្នកជាមុន​

3040

សព្វថ្ងៃនេះ មនុស្សភាគច្រើនមានក្តីប្រាថ្នាចង់ធ្វើជាម្ចាស់ជំនួញផ្ទាល់ខ្លួន ជាពិសេសយុវវ័យ។ ជាក់ស្តែង ក្តីសុបិន្តនេះចំពោះមនុស្សមួយចំនួនគ្រាន់តែជាការគិតដែលឆ្លងកាត់ខួរក្បាលមួយរយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែចំពោះមនុស្សមួយចំនួន ពោលគឺពួកគេបានខិតខំជាខ្លាំងទាំងយុទ្ធសាស្ត្រ និងវិធីសាស្ត្រផ្សេងៗដើម្បីសម្រេចបំណងរបស់ពួកគេ។ ដូច្នេះហើយ APAMAT នឹងលើកយកសំនួរគន្លឹះ ក៏ដូចជាសំនួរដាស់តឿនមុននឹងអ្នកចង់ចាប់ផ្តើមធ្វើជាម្ចាស់អាជីវកម្ម។ 

តើអ្នកទុកចិត្តខ្លួនឯងដែរឬទេ?

នេះគឺជាអាថ៌កំបាំងមួយរបស់មនុស្សជាច្រើនដែលធ្វើជំនួញខ្នាតតូច ព្រោះការធ្វើការក្នុងលក្ខណៈនេះហៅបានថាការ “ជួល” ខ្លួនឯងបណ្តោះអាសន្ន។ អ្នកត្រូវសាកល្បងសួរខ្លួនអ្នកជាមុនសិនថា អ្នកអាចគ្រប់គ្រងពេលវេលារបស់ខ្លួនអ្នកបានល្អប៉ុណ្ណាហើយមានប្រសិទ្ធិភាពច្រើនប៉ុណ្ណា។

តើអ្នកជាមនុស្សចង់បានភាពជោគជ័យប៉ុណ្ណា?

មនុស្សជោគជ័យក្នុងការធ្វើការងាររបស់ខ្លួន តែងមាននូវគុណសម្បត្តិពិសេសមួយគឺ គ្រប់ដង្ហើមចេញចូលគឺចង់បាននូវភាពជោគជ័យ និងជាមនុស្សដែលមានថាមពលក្នុងការធ្វើការងារគ្រប់ពេលវេលា និងជាមនុស្សដែលចូលចិត្តជ្រើសរើសយកជំនួញផ្ទាល់ខ្លួនច្រើនជាងការមកអង្គុយធ្វើការងារដដែលៗរាល់ថ្ងៃ។ ដូច្នេះ អ្នកត្រូវអភិវឌ្ឍខ្លួនអ្នកឲ្យក្លាយជាមនុស្សគិតវិជ្ជមាន ធ្វើវិជ្ជមាន មានគំនិតច្នៃប្រឌិតខ្ពស់ និងខិតខំស្វែងយល់អ្វីថ្មីៗបន្ថែមជាដើម។

តើអ្នកចាប់អារម្មណ៏ចំពោះការហ្វឹកហាត់ជំនាញថ្មីៗឬទេ?

ដើម្បីមានចំណុចខ្លាំងក្នុងការប្រកួតប្រជែងជាមួយអ្នកដទៃ អ្នកគួរតែអភិវឌ្ឍជំនាញថ្មីៗសម្រាប់ខ្លួនអ្នកជានិច្ច។ បច្ចុប្បន្ននេះ មនុស្សជាច្រើនចូលចិត្តអ្នកពូកែ ហើយមានតែមនុស្សពូកែប៉ុណ្ណោះដែលគេត្រូវការ។ ដូច្នេះ យុវវ័យគ្នាយើងកុំនៅបង្អង់យូរ ទាន់នៅមានពេលវេលាដ៏ល្អ ត្រូវប្រឹងប្រែងរៀនជំនាញថ្មីៗបន្ថែម។

តើអ្នកចេះធ្វើឲ្យមានតុល្យភាពរវាងការងារ និងជីវិតផ្ទាល់ខ្លួនដែរឬទេ?

មនុស្សយើងមានជីវិតតែមួយ ហេតុអ្វីមិនធ្វើឲ្យមានសេចក្តីសុខជាមួយនឹងការធ្វើការងារ និងជីវិតផ្ទាល់ខ្លួន?​ អ្នកមានជាច្រើនគ្មានពេលវេលាសម្រាប់គ្រួសារ​ ឬ​ខ្លួនឯងផ្ទាល់ទេ ឯអ្នកក្រវិញ មានពេលគ្រប់គ្រាន់ក្នុងមួយថ្ងៃៗព្រោះគ្មានការងារធ្វើ ទាំងនេះហើយគឺភាពគ្មានតុល្យភាពរវាងការងារ និងជីវិតផ្ទាល់ខ្លួន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Lygech, she was graduated from UEF in faculty of Finance and Banking, now she is also pursuing a degree of Business Administration in PUC. Currently she is running her own business as a retailer imported products from China and working for Apamat.